គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 15:3-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ព្រះ‌យេហូវ៉ា​ទ្រង់​ជា​អ្នក​ចំបាំង ព្រះ‌នាម​ទ្រង់​ជា​ព្រះ‌យេហូវ៉ា

4. ទ្រង់​បាន​បោះ​អស់​ទាំង​រទេះ និង​ពល‌ទ័ព​របស់​ផារ៉ោន​ចោល​ទៅ​ក្នុង​សមុទ្រ ឯ​ពួក​មេ‌ទ័ព​ជ្រើស‌រើស​ទាំង​ប៉ុន្មាន ក៏​បាន​លង់​ទៅ​ក្នុង​សមុទ្រ​ក្រហម

5. អស់​ទាំង​ទី​ជំរៅ​បាន​គ្រប​គេ​បាត់ គេ​បាន​ចុះ​ទៅ​ដល់​បាត​សមុទ្រ​ដូច​ជា​ថ្ម

6. ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​ទ្រង់​មាន​ឫទ្ធិ​ដ៏​វិសេស ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​បោក​ពួក​ខ្មាំង​សត្រូវ​ខ្ទេច‌ខ្ទី​ហើយ

7. គឺ​ទ្រង់​បាន​រំលំ​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទ្រង់ ដោយ​ឫទ្ធា‌នុភាព​ដ៏​ជា​ធំ​របស់​ទ្រង់ ទ្រង់​បាន​បញ្ចេញ​សេចក្ដី​ក្រោធ​នៃ​ទ្រង់ សេចក្ដី​ក្រោធ​នោះ​បាន​បញ្ឆេះ​គេ​ដូច​ជា​ភ្លើង​ឆេះ​ជញ្ជ្រាំង

8. ហើយ​ដោយ‌សារ​កំឡាំង​ខ្យល់​ពី​ព្រះ‌នាសា​ទ្រង់ នោះ​ទឹក​ត្រូវ​គរ​ជា​គំនរ​ឡើង ទឹក​ធំ​បាន​ពូន​ឡើង​ដូច​ជា​កំផែង អស់​ទាំង​ទី​ជំរៅ​ក៏​បាន​កក​ខះ​នៅ​នា​សមុទ្រ

9. ឯ​ពួក​ខ្មាំង​សត្រូវ គេ​និយាយ​ថា អញ​នឹង​ដេញ​តាម អញ​នឹង​បាន​ទាន់ អញ​នឹង​ចែក​របឹប អញ​នឹង​បំពេញ​ចិត្ត​ដោយ‌សារ​គេ អញ​នឹង​ហូត​ដាវ ហើយ​ដៃ​អញ​នឹង​កាប់​បំផ្លាញ​គេ

10. តែ​ទ្រង់​បាន​ផ្លុំ​ដោយ​ខ្យល់​ដង្ហើម​ទ្រង់ នោះ​សមុទ្រ​ក៏​គ្រប​លើ​គេ​វិញ ហើយ​គេ​ត្រូវ​លិច​ចុះ​ទៅ​ក្នុង​ទឹក​ធំ​ដូច​ជា​សំណ

11. ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់ តើ​មាន​អ្នក​ឯ​ណា​ដែល​មាន​សេចក្ដី​បរិសុទ្ធ​ដ៏​វិសេស​ដូច​ទ្រង់ ដែល​គួរ​សរសើរ‌ដំកើង ហើយ​ក៏​ធ្វើ​ការ​អស្ចារ្យ​ផង

12. ទ្រង់​បាន​លើក​ព្រះ‌ហស្ត​ស្តាំ​ឡើង នោះ​ដី​ក៏​ស្រូប​គេ​បាត់​ទៅ

13. ដោយ‌សារ​សេចក្ដី​សប្បុរស​របស់​ទ្រង់ នោះ​ទ្រង់​បាន​នាំ​រាស្ត្រ​ដែល​ទ្រង់​លោះ គឺ​បាន​នាំ​គេ​ទៅ​ដល់​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់ ដោយ​ព្រះ‌បារមី

14. គ្រប់​ទាំង​សាសន៍​បាន​ឮ ហើយ​ក៏​ញាប់‌ញ័រ ឯ​ពួក​សាសន៍​ភីលីស្ទីន គេ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច

15. ពួក​មេ​នៃ​សាសន៍​អេដំម​មាន​សេចក្ដី​ភាន់‌ភាំង អស់​ទាំង​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​សាសន៍​ម៉ូអាប់​ក៏​មាន​សេចក្ដី​ភ័យ​ញ័រ ហើយ​អស់​ទាំង​មនុស្ស​ដែល​នៅ​ស្រុក​កាណាន​ក៏​ស្លុត​ចិត្ត

16. សេចក្ដី​ស្ញែង‌ខ្លាច​នឹង​សេចក្ដី​ថប់​បារម្ភ​ក៏​គ្រប​សង្កត់​លើ​គេ​ទាំង​អស់ គេ​បាន​ទៅ​ជា​គ ដូច​ជា​ថ្ម ដោយ‌សារ​អំណាច​ព្រះ‌ហស្ត​ទ្រង់ ទាល់​តែ​រាស្ត្រ​ទ្រង់​បាន​ទៅ​ហួស ឱ​ព្រះ‌យេហូវ៉ា គឺ​ទាល់​តែ​រាស្ត្រ​ដែល​ទ្រង់​បាន​លោះ​បាន​ទៅ​បាត់​ហើយ

17. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​នាំ​គេ​ចូល​ទៅ​ដាំ​នៅ​លើ​ភ្នំ​ជា​មរដក​របស់​ទ្រង់ ជា​ទី​កន្លែង​ដែល​ទ្រង់​រៀប‌ចំ​ទុក​ជា​ទី​លំនៅ​របស់​ទ្រង់ ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ជា​ទី​បរិសុទ្ធ​ដែល​ព្រះ‌ហស្ត​ទ្រង់​បាន​សាង

18. ព្រះ‌យេហូវ៉ា ទ្រង់​នឹង​សោយ​រាជ្យ ជា​រៀង‌រាប​ត​ទៅ អស់​កល្ប‌ជានិច្ច

19. ដ្បិត​អស់​ទាំង​សេះ​របស់​ផារ៉ោន បាន​ចូល​ទៅ​ក្នុង​សមុទ្រ នាំ​យក​ទាំង​រទេះ និង​ពល​របស់​ទ្រង់​ដែល​ជិះ​ដោយ​ទៅ​ផង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឲ្យ​ទឹក​សមុទ្រ​ត្រឡប់​មក​គ្រប​លើ​គេ តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​កណ្តាល​សមុទ្រ​តាម​ដី​គោក​វិញ។

20. ឯ​ហោរា​ម៉ារាម ជា​បង​ស្រី​របស់​អើរ៉ុន នាង​ក៏​យក​ក្រាប់​មក​នៅ​ដៃ ហើយ​បណ្តា​ស្ត្រី​ទាំង​អស់​គ្នា​ក៏​ទៅ​តាម​ទាំង​បន្ទរ​ក្រាប់ ហើយ​លោត‌កញ្ឆេង​កញ្ឆាត់​ផង

សូមអានជំពូកពេញលេញ និក្ខមនំ 15