គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 14:7-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ទ្រង់​រើស​យក​រទេះ​ចំបាំង​បាន​៦០០ ហើយ​ក៏​យក​អស់​ទាំង​រទេះ​ចំបាំង​នៅ​ស្រុក​អេស៊ីព្ទ​ផង គ្រប់​ទាំង​រទេះ​ទាំង​នោះ​សុទ្ធ​តែ​មាន​មេ‌ទ័ព​ត្រួត‌ត្រា​ការ

8. ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បណ្តាល​ឲ្យ​ផារ៉ោន​ជា​ស្តេច​អេស៊ីព្ទ​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង​ឡើង ហើយ​ស្តេច​ក៏​ដេញ​តាម​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​បាន​ចេញ​ទៅ​ដោយ​មាន​ជ័យ‌ជំនះ

9. ពួក​សាសន៍​អេស៊ីព្ទ​ក៏​ដេញ​តាម​ទៅ មាន​ទាំង​សេះ​ទាំង​រាជ‌រថ​របស់​ផារ៉ោន ទាំង​ពួក​ពល​សេះ ហើយ​នឹង​ពួក​ពល​ថ្មើរ​ជើង​របស់​ទ្រង់​ទាំង​អស់ បាន​ទាន់​គេ​នៅ​ត្រង់​ទី​ដំឡើង​ត្រសាល ក្បែរ​សមុទ្រ​ដែល​ជិត​នឹង​ពីហា‌ហីរ៉ុថ ទល់​មុខ​នឹង​បាល-សេផុន។

10. កាល​ផារ៉ោន​ចូល​ទៅ​ជិត នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ងើប​ភ្នែក​ឡើង ឃើញ​ពួក​សាសន៍​អេស៊ីព្ទ​មក​តាម​ដូច្នោះ ក៏​មាន​សេចក្ដី​តក់‌ស្លុត​ជា​ខ្លាំង ហើយ​ស្រែក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា

11. ព្រម​ទាំង​ស្តី​បន្ទោស​ដល់​ម៉ូសេ​ថា តើ​ដោយ​ព្រោះ​តែ​គ្មាន​ផ្នូរ​នៅ​ស្រុក​អេស៊ីព្ទ​ឬ​អី បាន​ជា​អ្នក​នាំ​យើង​រាល់​គ្នា​មក ឲ្យ​ត្រូវ​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​នេះ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ប្រព្រឹត្ត​ចំពោះ​យើង​រាល់​គ្នា​យ៉ាង​នេះ គឺ​ដែល​នាំ​ពួក​យើង​រាល់​គ្នា ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ

12. កាល​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ តើ​យើង​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​នេះ​ឯង​នឹង​អ្នក​ទេ​ឬ​អី ថា កុំ​ឲ្យ​មក​វីវរ​នឹង​យើង​រាល់​គ្នា​ឡើយ ចូរ​ទុក​ឲ្យ​យើង​នៅ​បំរើ​សាសន៍​អេស៊ីព្ទ​ចុះ ដ្បិត​ដែល​យើង​រាល់​គ្នា​បាន​នៅ​បំរើ​សាសន៍​អេស៊ីព្ទ នោះ​វិសេស​ជា​ជាង​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​នេះ

13. តែ​ម៉ូសេ​តប​ឆ្លើយ​ថា កុំ​ខ្លាច​អី ឈប់​សិន ចាំ​មើល​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ នោះ​នឹង​លែង​ឃើញ​ទៀត​ជា​ដរាប​ទៅ

14. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ឯ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​ស្ងៀម​វិញ។

15. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ឯង​អំពាវ‌នាវ​រក​អញ​ធ្វើ​អី ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ឲ្យ​ដើរ​ទៅ​មុខ​ទៅ

16. ឯ​ឯង ត្រូវ​លើក​ដំបង​លូក​ដៃ​ទៅ​លើ​សមុទ្រ​ញែក​ទឹក​ចេញ​ពី​គ្នា ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​តាម​ដី​គោក​នៅ​កណ្តាល​សមុទ្រ

17. ឯ​អញៗ​នឹង​បណ្តាល ឲ្យ​ពួក​សាសន៍​អេស៊ីព្ទ​មាន​ចិត្ត​រឹង‌ទទឹង ចូល​ទៅ​តាម​ឯង​រាល់​គ្នា នោះ​អញ​នឹង​បាន​កិត្តិសព្ទ​ដោយ​ឈ្នះ​ផារ៉ោន និង​ពួក​ទ័ព​ទ្រង់ ហើយ​នឹង​អស់​ទាំង​រទេះ​ចំបាំង ព្រម​ទាំង​ពួក​ពល​សេះ​ទ្រង់​ផង

18. នោះ​ទើប​សាសន៍​អេស៊ីព្ទ​គេ​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ពិត គឺ​ក្នុង​កាល​ដែល​អញ​បាន​កិត្តិសព្ទ​ដោយ​ឈ្នះ​ផារ៉ោន និង​អស់​ទាំង​រទេះ​ចំបាំង ហើយ​នឹង​ពួក​ពល​សេះ​ទ្រង់​ដូច្នោះ។

សូមអានជំពូកពេញលេញ និក្ខមនំ 14