គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 13:11-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. កាល​ណា​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​របស់​សាសន៍​កាណាន ដូច​ទ្រង់​បាន​ស្បថ​នឹង​អ្នក​រាល់​គ្នា នូវ​ពួក​អយ្យកោ ព្រម​ទាំង​ប្រទាន​ស្រុក​នោះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ

12. នោះ​ត្រូវ​ឲ្យ​ញែក​អស់​ទាំង​កូន​ដែល​កើត​មុន​បង្អស់ ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឯ​កូន​ច្បង​ដែល​កើត​ពី​សត្វ​របស់​អ្នក​រាល់​គ្នា បើ​ជា​ឈ្មោល នោះ​សុទ្ធ​តែ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា​ទាំង​អស់

13. ឯ​អស់​ទាំង​កូន​ច្បង​របស់​សត្វ​លា នោះ​ត្រូវ​ថ្វាយ​កូន​ចៀម ដើម្បី​ស្នង​នឹង​លោះ​វា តែ​បើ​មិន​ចង់​លោះ​ទេ នោះ​ត្រូវ​បំបាក់​ក​វា​ទៅ ហើយ​អស់​ទាំង​កូន​ច្បង​របស់​មនុស្ស ក្នុង​ពួក​កូន​ចៅ​នៃ​អ្នក​រាល់​គ្នា នោះ​ក៏​ត្រូវ​លោះ​ដែរ

14. រួច​ដល់​ថ្ងៃ​ក្រោយ បើ​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា ការ​នេះ​ជា​អ្វី នោះ​ត្រូវ​ប្រាប់​ថា នេះ​គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ផ្ទះ​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ

15. ដ្បិត​កាល​ផារ៉ោន​បាន​តាំង​ព្រះ‌ទ័យ​រឹង‌ទទឹង​មិន​ព្រម​ឲ្យ​យើង​រាល់​គ្នា​ទៅ នោះ​ព្រះ‌យេហូវ៉ា​ក៏​សំឡាប់​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ​ចោល ចាប់​តាំង​ពី​កូន​ច្បង​របស់​មនុស្ស រហូត​ដល់​កូន​ច្បង​នៃ​ពួក​សត្វ ដោយ​ហេតុ​នោះ​បាន​ជា​អញ​ថ្វាយ​អស់​ទាំង​កូន​ឈ្មោល ដែល​កើត​មុន​បង្អស់ ទៅ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា តែ​អស់​ទាំង​កូន​ច្បង​បង្កើត​របស់​អញ នោះ​អញ​លោះ​វិញ

16. នេះ​នឹង​បាន​ជា​ទី​សំគាល់​នៅ​លើ​ដៃ និង​ជា​ស្លាក​នៅ​កណ្តាល​ថ្ងាស​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ។

17. កាល​ផារ៉ោន​បាន​ឲ្យ​គេ​ទៅ​ហើយ នោះ​ព្រះ​ទ្រង់​មិន​បាន​នាំ​គេ តាម​ផ្លូវ​កាត់​ស្រុក​របស់​សាសន៍​ភីលីស្ទីន​ទេ ទោះ​បើ​ផ្លូវ​នោះ​ជិត​ក៏​ដោយ ដ្បិត​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្លាច​ក្រែង​គេ​ឃើញ​ចំបាំង ហើយ​រសាយ​ចិត្ត រួច​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ

18. គឺ​ទ្រង់​បាន​នាំ​គេ​ដើរ​ពង្វាង​តាម​ផ្លូវ​ទី​រហោ‌ស្ថាន ក្បែរ​សមុទ្រ​ក្រហម​វិញ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ​ទាំង​កាន់​គ្រឿង​សស្ត្រា‌វុធ

19. ម៉ូសេ​ក៏​យក​ឆ្អឹង​ខ្មោច​យ៉ូសែប​ទៅ​ជា​មួយ​ដែរ ដ្បិត​យ៉ូសែប​បាន​ចាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ស្បថ​ដោយ​ថា ព្រះ​ទ្រង់​នឹង​ប្រោស​ឯង​រាល់​គ្នា​ជា​មិន​ខាន នោះ​ត្រូវ​ឲ្យ​យក​ឆ្អឹង​អញ​ពី​ទី​នេះ​ឡើង​ទៅ​ជា​មួយ​ផង។

20. គេ​ក៏​ចេញ​ពី​សិកូត​ទៅ​ដំឡើង​ត្រសាល​នៅ​ឯ​ស្រុក​អេថាម ត្រង់​ក្បែរ​ទី​រហោ‌ស្ថាន

សូមអានជំពូកពេញលេញ និក្ខមនំ 13