គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 13:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2. នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​ញែក​អស់​ទាំង​កូន​ច្បង​ចេញ​ទុក​សំរាប់​អញ គឺ​ជា​កូន​ណា​ដែល​កើត​ពី​ពោះ​ម្តាយ​មក​មុន​បង្អស់ ទោះ​មនុស្ស​ឬ​សត្វ​ក្តី នោះ​ជា​របស់​ផង​អញ។

3. ម៉ូសេ​ក៏​ប្រាប់​ដល់​បណ្តា‌ជន​រាល់​គ្នា​ថា ចូរ​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ផ្ទះ​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​មក ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​មក ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ​ហើយ ដូច្នេះ​មិន​ត្រូវ​ឲ្យ​អ្នក​ណា​បរិភោគ​នំបុ័ង​មាន​ដំបែ​ទេ

4. គឺ​នៅ​ថ្ងៃ​នេះ​ឯង​ក្នុង​ខែ​ចេត្រ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​មក

5. ដូច្នេះ​កាល​ណា​ព្រះ‌យេហូវ៉ា ទ្រង់​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ហេវី ហើយ​នឹង​សាសន៍​យេប៊ូស ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​អ្នក​រាល់​គ្នា​ថា នឹង​ប្រទាន​មក​អ្នក​រាល់​គ្នា គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ​ហើយ​ទឹក​ឃ្មុំ​ហូរ‌ហៀរ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​នេះ​នៅ​ក្នុង​ខែ​នេះ​ឯង

6. អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​ដំបែ​ក្នុង​រវាង​៧​ថ្ងៃ​នោះ ហើយ​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ឲ្យ​មាន​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា

7. នៅ​៧​ថ្ងៃ​ទាំង​នោះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ​តែ​នំបុ័ង​ឥត​ដំបែ​ប៉ុណ្ណោះ មិន​ត្រូវ​ឲ្យ​ឃើញ​នំបុ័ង​មាន​ដំបែ​នៅ​នឹង​អ្នក​រាល់​គ្នា​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ឃើញ​មាន​ដំបែ​ណា​នៅ​គ្រប់​ក្នុង​ព្រំ​ស្រុក​របស់​អ្នក​រាល់​គ្នា​ផង

8. ហើយ​នៅ​ក្នុង​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​ដល់​កូន​ចៅ​ថា យើង​ធ្វើ​បុណ្យ​នេះ ដោយ​ព្រោះ​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​យើង ក្នុង​កាល​ដែល​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

9. នោះ​នឹង​បាន​សំរាប់​ជា​ទី​សំគាល់​នៅ​ដៃ​អ្នក​រាល់​គ្នា ហើយ​ក៏​ជា​សេចក្ដី​រំឭក​នៅ​កណ្តាល​ថ្ងាស​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា​បាន​នៅ​ក្នុង​មាត់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​យ៉ាង​ខ្លាំង​ពូកែ​ហើយ

10. ដូច្នេះ​រាល់​តែ​ឆ្នាំ ដល់​កំណត់​ហើយ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​កាន់​តាម​របៀប​នេះ។

សូមអានជំពូកពេញលេញ និក្ខមនំ 13