គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 12:4-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. បើ​ផ្ទះ​ណា​មាន​គ្នា​តិច​ពេក មិន​ល្មម​ឲ្យ​អស់​កូន​ចៀម​១​បាន នោះ​ត្រូវ​ចូល​ជា​មួយ​នឹង​អ្នក​ជិត​ខាង​តាម​ចំនួន​មនុស្ស ត្រូវ​ឲ្យ​រាប់​ចំនួន​មនុស្ស​តាម​ដែល​គេ​បរិភោគ​កូន​ចៀម​១​បាន

5. ត្រូវ​តែ​យក​កូន​ចៀម​ឈ្មោល​ឥត​ខ្ចោះ​មាន​អាយុ​១​ខួប ទោះ​ពី​ក្នុង​ហ្វូង​ចៀម​ឬ​ហ្វូង​ពពែ​ក៏​បាន

6. រួច​ត្រូវ​ទុក​វា​ដល់​ថ្ងៃ​១៤​ខែ​នេះ​ឯង នោះ​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ត្រូវ​សំឡាប់​វា​នៅ​វេលា​ថ្ងៃ​លិច

7. រួច​ត្រូវ​យក​ឈាម​វា​ប្រឡាក់​នៅ​ក្រប​ទ្វារ​ទាំង​សង​ខាង ហើយ​លើ​ធ្នឹម​ទ្វារ​របស់​ផ្ទះ​ដែល​គេ​បរិភោគ​ផង

8. ត្រូវ​ឲ្យ​គេ​អាំង​សាច់ យក​ទៅ​បរិភោគ​ជា​មួយ​នឹង​នំបុ័ង​ឥត​ដំបែ ហើយ​នឹង​បន្លែ​ល្វីង​នៅ​យប់​នោះ​ឯង

9. មិន​ត្រូវ​បរិភោគ​ឆៅ​ឬ​ស្ងោរ​ទេ គឺ​ត្រូវ​អាំង​វិញ ឲ្យ​មាន​ជាប់​ទាំង​ក្បាល​ទាំង​ជើង ហើយ​នឹង​អាការៈ​ខាង​ក្នុង​ផង

10. កុំ​ទុក​ឲ្យ​អ្វី​នៅ​សល់​ដល់​ព្រឹក​ឲ្យ​សោះ បើ​មាន​សល់​អ្វី​ដល់​ព្រឹក នោះ​ត្រូវ​ដុត​ចោល​វិញ

11. ហើយ​ត្រូវ​បរិភោគ​បែប​យ៉ាង​នេះ គឺ​ដោយ​ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង​ទាំង​កាន់​ដំបង​នៅ​ដៃ ហើយ​ត្រូវ​បរិភោគ​ឲ្យ​រហ័ស​ផង នេះ​ជា​ដំណើរ​រំលង​នៃ​ព្រះ‌យេហូវ៉ា

12. ដ្បិត​នៅ​យប់​នោះ​អញ​នឹង​ដើរ​កាត់​ស្រុក​អេស៊ីព្ទ ហើយ​នឹង​វាយ​អស់​ទាំង​កូន​ច្បង​នៅ​ក្នុង​ស្រុក ចាប់​តាំង​ពី​មនុស្ស​ដល់​សត្វ ព្រម​ទាំង​ធ្វើ​ទោស​ដល់​អស់​ទាំង​ព្រះ​នៃ​ស្រុក​អេស៊ីព្ទ​ផង គឺ​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

13. ឈាម​នោះ​នឹង​បាន​ជា​ទី​សំគាល់​សំរាប់​ឯង​រាល់​គ្នា​នៅ​ផ្ទះ​ណា​ដែល​ឯង​រាល់​គ្នា​អាស្រ័យ​នៅ កាល​ផ្ទះ​ណា​អញ​ឃើញ​ឈាម នោះ​អញ​នឹង​រំលង​ផុត​ពី​ឯង​រាល់​គ្នា​ទៅ ហើយ​នឹង​គ្មាន​សេចក្ដី​វេទនា​ណា​បំផ្លាញ​ឯង​រាល់​គ្នា ក្នុង​វេលា​ដែល​អញ​វាយ​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ

14. ថ្ងៃ​នេះ​នឹង​បាន​ជា​សេចក្ដី​រំឭក​ដល់​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​ថ្ងៃ​នេះ​ជា​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ត្រូវ​កាន់​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ជា​ដរាប​នៅ​អស់​ទាំង​ដំណរ​រៀង‌រាប​ត​ទៅ។

15. ក្នុង​រវាង​៧​ថ្ងៃ ឯង​រាល់​គ្នា​ត្រូវ​តែ​បរិភោគ​នំបុ័ង​ឥត​ដំបែ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង នោះ​ត្រូវ​យក​ដំបែ​ពី​ផ្ទះ​ចេញ ដ្បិត​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​មាន​ដំបែ ចាប់​តាំង​ពី​ថ្ងៃ​ជា​ដំបូង​រហូត​ដល់​ថ្ងៃ​ទី​៧ អ្នក​នោះ​នឹង​ត្រូវ​កាត់​ពី​សាសន៍​អ៊ីស្រា‌អែល​ចេញ

16. នៅ​ថ្ងៃ​ដំបូង ឯង​រាល់​គ្នា​ត្រូវ​ប្រជុំ​ជំនុំ​បរិសុទ្ធ ហើយ​ដល់​ថ្ងៃ​ទី​៧ នោះ​ក៏​ត្រូវ​ប្រជុំ​ជំនុំ​បរិសុទ្ធ​ទៀត នៅ​ថ្ងៃ​ទាំង​នោះ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​អ្វី​សោះ​ឡើយ ធ្វើ​បាន​តែ​ម្ហូប​ដែល​ត្រូវ​បរិភោគ​ប៉ុណ្ណោះ

17. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​បុណ្យ​នំបុ័ង​ឥត​ដំបែ​នេះ ដ្បិត​គឺ​នៅ​ថ្ងៃ​នេះ​ឯង​ដែល​អញ​បាន​នាំ​ពួក​កង​របស់​ឯង​រាល់​គ្នា ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ជា​ត្រូវ​កាន់​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ជា​ដរាប​នៅ​អស់​ទាំង​ដំណ​រៀង‌រាប​ត​ទៅ

18. នៅ​ថ្ងៃ​១៤​ខែ​ដំបូង នោះ​ពី​ល្ងាច ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​នំបុ័ង​ឥត​ដំបែ ដរាប​ដល់​ល្ងាច​ថ្ងៃ​២១​ខែ​នោះ

សូមអានជំពូកពេញលេញ និក្ខមនំ 12