គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 12:25-42 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. កាល​ណា​អ្នក​រាល់​គ្នា​បាន​ចូល ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​មក​តាម​សេចក្ដី​សន្យា​ទ្រង់ នោះ​ត្រូវ​កាន់​តាម​របៀប​នេះ​កុំ​ខាន

26. បើ​កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា តើ​របៀប​នេះ​មាន​ន័យ​ដូច​ម្តេច

27. នោះ​ត្រូវ​ឆ្លើយ​ថា នេះ​គឺ​ជា​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​យាង​រំលង​ផ្ទះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​ទ្រង់​បាន​វាយ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​បាន​ប្រោស​ឲ្យ​ពួក​ផ្ទះ​យើង​រាល់​គ្នា​រួច នោះ​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​គេ​ឱន​ក្បាល​ចុះ​ថ្វាយ‌បង្គំ

28. ហើយ​នាំ​គ្នា​ទៅ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ និង​អើរ៉ុន គេ​ក៏​ធ្វើ​សំរេច​ការ​នោះ។

29. រីឯ​នៅ​កណ្តាល​អធ្រាត្រ​ក្នុង​យប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​វាយ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ ចាប់​តាំង​ពី​បុត្រ​ច្បង​របស់​ផារ៉ោន ដែល​គង់​លើ​បល្ល័ង្ក​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​អ្នក​ទោស​នៅ​ក្នុង​គុក ព្រម​ទាំង​កូន​ច្បង​នៃ​អស់​ទាំង​សត្វ​ផង

30. ផារ៉ោន​ទ្រង់​ក៏​តើន​ឡើង​ទាំង​យប់ ព្រម​ទាំង​ពួក​មហា‌តលិក​ទ្រង់ និង​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​គ្នា នោះ​ក៏​ឮ​សំរែក​ទ្រហោ‌យំ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដ្បិត​គ្មាន​ផ្ទះ​ឯ​ណា​មួយ​ដែល​មិន​មាន​ម្នាក់​ស្លាប់​នោះ​ទេ

31. ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​ម៉ូសេ និង​អើរ៉ុន​មក​ទាំង​យប់​ប្រាប់​ថា ចូរ​ឯង​រាល់​គ្នា​ក្រោក​ឡើង​នាំ​គ្នា​ចេញ​ពី​កណ្តាល​រាស្ត្រ​អញ​នេះ​ទៅ ព្រម​ទាំង​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង ចូរ​ទៅ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដូច​ជា​ឯង​រាល់​គ្នា​បាន​សូម​នោះ​ចុះ

32. ចូរ​នាំ​ទាំង​ហ្វូង​ចៀម​ហ្វូង​គោ​ទៅ​ផង ដូច​ជា​បាន​សូម​ហើយ ទៅ​ចុះ ហើយ​សូម​ឲ្យ​ពរ​ដល់​អញ​ផង

33. ពួក​សាសន៍​អេស៊ីព្ទ​ក៏​បង្ខំ​ពួក​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ពី​ស្រុក​ទៅ​ជា​ប្រញាប់ ដោយ​ពាក្យ​ថា យើង​ស្លាប់​ទាំង​អស់​គ្នា​ហើយ

34. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​យក​ម្សៅ​ដែល​មិន​ទាន់​ដាក់​ដំបែ និង​ស្នាច​សំរាប់​លាយ​ម្សៅ​រុំ​ក្នុង​អាវ​គេ​លី​ទៅ

35. ក៏​ធ្វើ​តាម​បង្គាប់​ម៉ូសេ គឺ​គេ​សូម​គ្រឿង​មាស គ្រឿង​ប្រាក់ និង​ខោ​អាវ​ពី​សាសន៍​អេស៊ីព្ទ

36. ហើយ​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​ធ្វើ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រកប​ដោយ​គុណ​នៃ​សាសន៍​អេស៊ីព្ទ ដល់​ម៉្លេះ​បាន​ជា​គេ​ចែក​ឲ្យ​តាម​ដែល​សូម យ៉ាង​នោះ​គេ​ក៏​បង្ហិន‌បង្ហោច​ដល់​ពួក​សាសន៍​អេស៊ីព្ទ។

37. ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ចេញ​ពី​ស្រុក​រ៉ាមសេស​ដើរ​ដោយ​ជើង​ទៅ​ដល់​សិកូត មាន​មនុស្ស​ប្រុសៗ​ចំនួន​៦​សែន​នាក់​ឥត​រាប់​កូន​ក្មេង​ឡើយ

38. ក៏​មាន​មនុស្ស​សន្ធឹក​គ្រប់​បែប​ឡើង​ទៅ​ជា​មួយ​ដែរ ព្រម​ទាំង​ហ្វូង​ចៀម​ហ្វូង​គោ​គេ ជា​ហ្វូង​សត្វ​មាន​ប្រមាណ​សន្ធឹក​ណាស់

39. គេ​នាំ​គ្នា​យក​ម្សៅ ដែល​យក​ពី​ស្រុក​អេស៊ីព្ទ​មក ទៅ​ដុត​ធ្វើ​ជា​នំ​ឥត​ដំបែ ដ្បិត​មិន​ទាន់​បាន​ដាក់​ដំបែ​នៅ​ឡើយ​ទេ ពី​ព្រោះ​ពេល​ដែល​គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ឥត​មាន​ឲ្យ​បង្អែ‌បង្អង់​បាន​ទេ បាន​ជា​គេ​មិន​បាន​ធ្វើ​ម្ហូប‌ម្ហា​សំរាប់​តាម​ផ្លូវ​ឡើយ។

40. រីឯ​វេលា ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស្រុក​អេស៊ីព្ទ នោះ​បាន​៤៣០​ឆ្នាំ

41. រួច​ដល់​ផុត​ពី​៤៣០​ឆ្នាំ​នោះ​ទៅ នៅ​ថ្ងៃ​ដដែល​នោះ​ឯង ពួក​កក‌កុញ​របស់​ព្រះ‌យេហូវ៉ា​គេ​ក៏​នាំ​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ

42. គឺ​ជា​យប់​១​ដែល​ត្រូវ​កាន់​យ៉ាង​សំខាន់​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យប់​នោះ​ឯង​ជា​យប់​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ត្រូវ​កាន់​យ៉ាង​សំខាន់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​អស់​ទាំង​ដំណ​គេ​ត​រៀង​ទៅ។

សូមអានជំពូកពេញលេញ និក្ខមនំ 12