គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 12:22-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. រួច​យក​មែក​ហ៊ីសុប​១​កញ្ចុំ​ជ្រលក់​ចុះ​ក្នុង​ឈាម​នៅ​ក្នុង​ផើង ប្រឡាក់​នឹង​ធ្នឹម ហើយ​នឹង​ក្រប​ទ្វារ​ទាំង​សង​ខាង ដោយ​ឈាម​ដែល​នៅ​ក្នុង​ផើង​នោះ ក្នុង​ពួក​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​អ្នក​ណា​មួយ​ចេញ​ទៅ​ក្រៅ​ទ្វារ​ផ្ទះ​ខ្លួន​ឲ្យ​សោះ រហូត​ដល់​ព្រឹក​ឡើង

23. ពី​ព្រោះ​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​យាង​កាត់​ស្រុក ដើម្បី​វាយ​ពួក​សាសន៍​អេស៊ីព្ទ កាល​ណា​ទ្រង់​ទត​ឃើញ​ឈាម​ប្រឡាក់​នៅ​ធ្នឹម ហើយ​នឹង​ក្រប​ទ្វារ​ទាំង​សង​ខាង នោះ​ទ្រង់​នឹង​រំលង​ហួស​ទ្វារ​នោះ​ទៅ មិន​ឲ្យ​មេ​បំផ្លាញ​ចូល​វាយ​ក្នុង​ផ្ទះ​អ្នក​រាល់​គ្នា​ទេ

24. ដូច្នេះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​កាន់​របៀប​នេះ ទុក​ជា​ច្បាប់​សំរាប់​ខ្លួន​អ្នក​រាល់​គ្នា និង​កូន​ចៅ​ត​រៀង​ទៅ

25. កាល​ណា​អ្នក​រាល់​គ្នា​បាន​ចូល ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​មក​តាម​សេចក្ដី​សន្យា​ទ្រង់ នោះ​ត្រូវ​កាន់​តាម​របៀប​នេះ​កុំ​ខាន

26. បើ​កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា តើ​របៀប​នេះ​មាន​ន័យ​ដូច​ម្តេច

27. នោះ​ត្រូវ​ឆ្លើយ​ថា នេះ​គឺ​ជា​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​យាង​រំលង​ផ្ទះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​ទ្រង់​បាន​វាយ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​បាន​ប្រោស​ឲ្យ​ពួក​ផ្ទះ​យើង​រាល់​គ្នា​រួច នោះ​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​គេ​ឱន​ក្បាល​ចុះ​ថ្វាយ‌បង្គំ

28. ហើយ​នាំ​គ្នា​ទៅ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ និង​អើរ៉ុន គេ​ក៏​ធ្វើ​សំរេច​ការ​នោះ។

29. រីឯ​នៅ​កណ្តាល​អធ្រាត្រ​ក្នុង​យប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​វាយ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ ចាប់​តាំង​ពី​បុត្រ​ច្បង​របស់​ផារ៉ោន ដែល​គង់​លើ​បល្ល័ង្ក​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​អ្នក​ទោស​នៅ​ក្នុង​គុក ព្រម​ទាំង​កូន​ច្បង​នៃ​អស់​ទាំង​សត្វ​ផង

30. ផារ៉ោន​ទ្រង់​ក៏​តើន​ឡើង​ទាំង​យប់ ព្រម​ទាំង​ពួក​មហា‌តលិក​ទ្រង់ និង​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​គ្នា នោះ​ក៏​ឮ​សំរែក​ទ្រហោ‌យំ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដ្បិត​គ្មាន​ផ្ទះ​ឯ​ណា​មួយ​ដែល​មិន​មាន​ម្នាក់​ស្លាប់​នោះ​ទេ

31. ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​ម៉ូសេ និង​អើរ៉ុន​មក​ទាំង​យប់​ប្រាប់​ថា ចូរ​ឯង​រាល់​គ្នា​ក្រោក​ឡើង​នាំ​គ្នា​ចេញ​ពី​កណ្តាល​រាស្ត្រ​អញ​នេះ​ទៅ ព្រម​ទាំង​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង ចូរ​ទៅ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដូច​ជា​ឯង​រាល់​គ្នា​បាន​សូម​នោះ​ចុះ

32. ចូរ​នាំ​ទាំង​ហ្វូង​ចៀម​ហ្វូង​គោ​ទៅ​ផង ដូច​ជា​បាន​សូម​ហើយ ទៅ​ចុះ ហើយ​សូម​ឲ្យ​ពរ​ដល់​អញ​ផង

សូមអានជំពូកពេញលេញ និក្ខមនំ 12