គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 10:11-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ឈប់​សិន ចូរ​ឯង​រាល់​គ្នា​ចេញ​ទៅ​តែ​ពួក​ប្រុសៗ​ប៉ុណ្ណោះ ដើម្បី​នឹង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ឯង​រាល់​គ្នា​បាន​សូម​ដូច្នេះ​ហើយ រួច​គេ​ក៏​បណ្តេញ​លោក​ទាំង​២​ចេញ​ពី​មុខ​ផារ៉ោន​ទៅ។

12. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​លើក​ដៃ​ឡើង​លើ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​កើត​មាន​កណ្តូប​មក​លើ​ស្រុក ឲ្យ​វា​ស៊ី​ដំណាំ​ទាំង​ប៉ុន្មាន​ដែល​សល់​អំពី​ព្រិល​មក

13. ម៉ូសេ​ក៏​លើក​ដំបង​ទៅ​លើ​ស្រុក​អេស៊ីព្ទ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់ ពី​ខាង​កើត បក់​មក​លើ​ស្រុក​នោះ អស់​១​ថ្ងៃ​១​យប់ លុះ​ដល់​ព្រឹក​ឡើង​ក៏​បក់​ដោយ​ទាំង​កណ្តូប​មក​ផង

14. កណ្តូប​ឡើង​មក​គ្រប​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ក៏​ទំ​នៅ​ពេញ​គ្រប់​ទាំង​ព្រំ​ស្រុក វា​នាំ​ឲ្យ​វេទនា​ណាស់ តាំង​ពី​ដើម​មក​មិន​ដែល​មាន​កណ្តូប​យ៉ាង​នោះ​ឡើយ ហើយ​ទៅ​ខាង​មុខ​ក៏​មិន​ដែល​មាន​ទៀត​ដែរ

15. ដ្បិត​វា​មក​គ្រប​ពេញ​ពី​លើ​ដី ដល់​ម៉្លេះ​បាន​ជា​ស្រុក​ត្រឡប់​ទៅ​ជា​ងងឹត វា​ក៏​ស៊ី​ដំណាំ​ទាំង​អស់​នៅ​ក្នុង​ស្រុក ហើយ​នឹង​អស់​ទាំង​ផ្លែ​ឈើ ដែល​រួច​អំពី​ព្រិល​មក គ្មាន​សល់​ស្លឹក​ខ្ចី​ណា​មួយ​នៅ​ដើម​ឈើ ឬ​ស្មៅ​នៅ​វាល​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ​ឡើយ។

16. នោះ​ផារ៉ោន ទ្រង់​ហៅ​ម៉ូសេ និង​អើរ៉ុន មក​ជា​ប្រញាប់​ប្រាប់​ថា អញ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ហើយ​នឹង​ឯង​រាល់​គ្នា​ដែរ

17. ដូច្នេះ​សូម​អត់​ទោស​ដល់​អញ​ក្នុង​គ្រា​នេះ​ម្តង​ចុះ ហើយ​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​ទ្រង់​បន្ថយ​សេចក្ដី​ស្លាប់​នេះ ចេញ​ពី​អញ​ទៅ

18. លោក​ក៏​ថយ​ចេញ​ពី​ផារ៉ោន​ទៅ​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា

19. នោះ​ទ្រង់​ក៏​ធ្វើ​ឲ្យ​មាន​ខ្យល់​ពី​ខាង​លិច​យ៉ាង​ខ្លាំង បក់​កៀរ​កណ្តូប​ទំលាក់​ទៅ​ក្នុង​សមុទ្រ​ក្រហម​អស់​ទៅ គ្មាន​សល់​កណ្តូប​ណា​មួយ​នៅ​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ​ទៀត​ឡើយ

20. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង​ដដែល ហើយ​ផារ៉ោន​មិន​ព្រម​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទេ។

21. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​លើ​ដៃ​ទៅ​លើ​មេឃ ឲ្យ​មាន​ងងឹត​នៅ​លើ​ស្រុក​អេស៊ីព្ទ គឺ​ជា​ងងឹត​ដែល​នាំ​ឲ្យ​ស្ទាប​រាវ

22. លោក​ក៏​លើក​ដៃ​ទៅ​លើ​មេឃ នោះ​មាន​ងងឹត​យ៉ាង​ក្រាស់​ណាស់​នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​អស់​ចំនួន​៣​ថ្ងៃ

23. គេ​មើល​គ្នា​មិន​ឃើញ​សោះ ក្នុង​វេលា​៣​ថ្ងៃ​នោះ​ឥត​មាន​អ្នក​ក្រោក​ពី​កន្លែង​ខ្លួន​ឡើយ តែ​នៅ​ក្នុង​ផ្ទះ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​មាន​ពន្លឺ​វិញ។

24. ឯ​ផារ៉ោន ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​ម៉ូសេ​មក ប្រាប់​ថា ទៅ​ចុះ ចូរ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ចុះ ឲ្យ​ទុក​តែ​ហ្វូង​ចៀម ហើយ​នឹង​ហ្វូង​គោ​ឯង​រាល់​គ្នា​ប៉ុណ្ណោះ ចូរ​យក​ទាំង​កូន​តូចៗ​ទៅ​ជា​មួយ​ផង

25. តែ​ម៉ូសេ​ប្រកែក​ថា ទេ ត្រូវ​ឲ្យ​ទ្រង់​ប្រទាន​សត្វ សំរាប់​ជា​យញ្ញ‌បូជា និង​ដង្វាយ​ដុត មក​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​បាន​រៀប​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​ផង

26. យើង​ខ្ញុំ​ត្រូវ​តែ​នាំ​ហ្វូង​សត្វ​ទៅ​ជា​មួយ មិន​ត្រូវ​នៅ​សល់ សូម្បី​តែ​ក្រចក​សត្វ​ណា​មួយ​ផង ព្រោះ​យើង​ខ្ញុំ​ត្រូវ​យក​ពី​ហ្វូង​សត្វ​នោះ និង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ជា​ត្រូវ​យក​អ្វី ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ដែរ ទាល់​តែ​បាន​ដល់​ទៅ​ទី​នោះ

27. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង​ទៀត ហើយ​ស្តេច​មិន​ព្រម​បើក​ឲ្យ​គេ​ទៅ​ទេ

សូមអានជំពូកពេញលេញ និក្ខមនំ 10