ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាងអេសធើរ 9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លុះ​ដល់​ថ្ងៃ​១៣​នៅ​ខែ​១២​ជា​ខែ​ផល្គុន កាល​ព្រះ‌រាជ‌ឱង្ការ និង​បង្គាប់​របស់​ស្តេច​បាន​ជិត​ដល់​កំរិត​ហើយ គឺ​ជា​ថ្ងៃ​ដែល​ពួក​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា បាន​សង្ឃឹម​ថា នឹង​ឡើង​មាន​អំណាច​លើ​គេ​បាន (តែ​ពួក​យូដា​បាន​ត្រឡប់​ជា​មាន​អំណាច​លើ​ពួក​អ្នក ដែល​ស្អប់​ដល់​គេ​វិញ)

2. នោះ​ពួក​សាសន៍​យូដា ក៏​មូល​គ្នា​នៅ​ទី​ក្រុង​ខ្លួន​ទាំង​ប៉ុន្មាន​នៅ​អស់​ទាំង​អាណា​ខេត្ត​របស់​ស្តេច​អ័ហា‌ស៊ូរុស ដើម្បី​នឹង​តស៊ូ​ចំពោះ​ពួក​អ្នក ដែល​រក​ធ្វើ​បាប​ដល់​គេ ហើយ​គ្មាន​អ្នក​ណា​អាច​នឹង​ទ្រាំ​នៅ​ចំពោះ​គេ​បាន​ឡើយ ដ្បិត​សាសន៍​ទាំង​អស់​បាន​កើត​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​គេ​ហើយ

3. ឯ​ពួក​អ្នក​ជា​ប្រធាន នៅ​គ្រប់​ទាំង​ខេត្ត ពួក​ចៅ‌ហ្វាយ​ខេត្ត ពួក​ចៅ‌ហ្វាយ​ស្រុក និង​ពួក​រាជ​ការ​ទាំង​ប៉ុន្មាន ក៏​ជួយ​ដល់​ពួក​យូដា ដោយ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ម៉ា‌ដេកាយ

4. ពី​ព្រោះ​ម៉ា‌ដេកាយ​បាន​ឡើង​ជា​អ្នក​ធំ ក្នុង​រាជ​ដំណាក់ ហើយ​កិត្តិ‌នាម​របស់​លោក​ក៏​ផ្សាយ​សុស‌សាយ​ទួទៅ គ្រប់​ទាំង​ខេត្ត ដ្បិត​ម៉ា‌ដេកាយ​នេះ​បាន​កាន់​តែ​មាន​អំណាច​ឡើង​ជា​ដរាប

5. ដូច្នេះ ពួក​សាសន៍​យូដា​បាន​ប្រហារ​ពួក​ខ្មាំង​សត្រូវ​ដោយ​ដាវ ព្រម​ទាំង​សំឡាប់​បំផ្លាញ​គេ ហើយ​បាន​ប្រព្រឹត្ត​នឹង​ពួក​អ្នក ដែល​ស្អប់​ខ្លួន​តាម​តែ​អំពើ​ចិត្ត

6. នៅ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង ពួក​សាសន៍​យូដា​ក៏​បាន​សំឡាប់ ហើយ​បំផ្លាញ​មនុស្ស​អស់​៥០០​នាក់​ដែរ

7. ឯ​ផើសាន‌ដាថា ដាល‌ផូន អ័ស‌ផាថា

8. ផូរ៉ាថា អ័ដាលា អើរី‌ដាថា

9. ផើម៉ាសថា អើរី‌សាយ អើរី‌ដាយ និង​វ៉ាយេ‌សាថា

10. ជា​កូន​ទាំង​១០​របស់​ហាម៉ាន កូន​ហាំម្តាថា ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ពួក​សាសន៍​យូដា នោះ​គេ​ក៏​សំឡាប់​ទៅ​ដែរ តែ​គេ​មិន​បាន​ប៉ះពាល់​ដល់​របឹប​ទេ។

11. នៅ​ថ្ងៃ​នោះ​ឯង គេ​មក​ទូល​ដល់​ស្តេច ពី​ចំនួន​មនុស្ស​ដែល​គេ​បាន​សំឡាប់​នៅ​ក្នុង​ស៊ូសាន ជា​ក្រុង​ហ្លួង

12. រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អេសធើរ ជា​អគ្គ‌មហេសី​ថា ពួក​សាសន៍​យូដា​បាន​សំឡាប់ ហើយ​បំផ្លាញ​មនុស្ស អស់​៥០០​នាក់ នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង ព្រម​ទាំង​កូន​របស់​ហាម៉ាន​ទាំង​១០​ផង ដូច្នេះ នៅ​ព្រះ‌រាជ‌ខេត្ត​ឯ​ទៀត ដែល​បាន​ធ្វើ​យ៉ាង​ណា​ទៅ ឥឡូវ​នេះ តើ​ព្រះ‌នាង​ចង់​សូម​អ្វី​ទៀត យើង​នឹង​បើក​ឲ្យ តើ​ប្រាថ្នា​ចង់​បាន​អ្វី នោះ​នឹង​បាន​សំរេច

13. អេសធើរ​ទូល​ថា បើ​ព្រះ‌ករុណា​ទ្រង់​សព្វ​ព្រះ‌ទ័យ នោះ​សូម​បើក​ឲ្យ​ពួក​យូដា ដែល​នៅ​ក្រុង​ស៊ូសាន​បាន​ធ្វើ​តាម​ច្បាប់​ដដែល នៅ​ថ្ងៃ​ស្អែក​ទៀត ហើយ​ឲ្យ​គេ​ព្យួរ​ខ្មោច​កូន​របស់​ហាម៉ាន​ទាំង​១០​នាក់​នឹង​ឈើ​ទៅ

14. ស្តេច​ទ្រង់​ក៏​បង្គាប់​ឲ្យ​ធ្វើ​ដូច្នោះ ហើយ​គេ​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ​នៅ​ក្រុង​ស៊ូសាន រួច​បាន​ព្យួរ​ខ្មោច​កូន​ហាម៉ាន​ទាំង​១០​នាក់​នោះ​ទៅ

15. ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន ក៏​មូល​គ្នា នៅ​ថ្ងៃ​១៤ ខែ​ផល្គុន​នោះ​ឯង ហើយ​គេ​សំឡាប់​មនុស្ស​៣០០​នាក់​ទៀត នៅ​ស៊ូសាន តែ​គេ​មិន​ប៉ះពាល់​ដល់​របឹប​ទេ

16. ឯ​ពួក​យូដា​ឯ​ទៀត​ទាំង​ប៉ុន្មាន ដែល​នៅ​អស់​ទាំង​ព្រះ‌រាជ‌ខេត្ត គេ​បាន​មូល​គ្នា ដើម្បី​ការ‌ពារ​ជីវិត​ខ្លួន ហើយ​គេ​មាន​សេចក្ដី​សាន្ត‌ត្រាណ ពី​ពួក​ខ្មាំង​សត្រូវ​របស់​គេ​ត​ទៅ គេ​បាន​សំឡាប់​ពួក​អ្នក​ដែល​ស្អប់​គេ​អស់​៧​ម៉ឺន​៥​ពាន់​នាក់ តែ​ឥត​បាន​ប៉ះពាល់​ដល់​របឹប​ទេ។

17. គេ​បាន​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​១៣​ខែ​ផល្គុន លុះ​ដល់​ថ្ងៃ​១៤ ទើប​គេ​ឈប់​សំរាក ហើយ​ក៏​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​សំរាប់​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ

18. តែ​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន គេ​បាន​មូល​គ្នា​នៅ​ថ្ងៃ​១៣ ក្នុង​ខែ​នោះ និង​នៅ​ថ្ងៃ​១៤​ដែរ លុះ​ដល់​ថ្ងៃ​១៥ ទើប​គេ​ឈប់​សំរាក ហើយ​តាំង​ថ្ងៃ​នោះ​ឡើង​សំរាប់​ជា​ថ្ងៃ​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ

19. គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា ដែល​នៅ​អស់​ទាំង​ទី​ក្រុង​ឥត​កំផែង​នៅ​ស្រុក​ក្រៅ គេ​កាន់​ថ្ងៃ​១៤​ខែ​ផល្គុន ជា​ថ្ងៃ​សំរាប់​រីក‌រាយ​សាទរ ហើយ​ជប់‌លៀង ជា​ថ្ងៃ​សប្បាយ ហើយ​ជា​ពេល​ជូន​ជំនូន​ទៅ​វិញ​ទៅ​មក។

20. ឯ​ម៉ា‌ដេកាយ លោក​ក៏​តែង​សេចក្ដី​ទាំង​នេះ​ទុក ហើយ​ផ្ញើ​សំបុត្រ​ទៅ​ដល់​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​គ្រប់​ទាំង​ខេត្ត​នៃ​ស្តេច​អ័ហា‌ស៊ូរុស ទាំង​ជិត​ទាំង​ឆ្ងាយ

21. ដើម្បី​នឹង​បញ្ជាក់​ដល់​គេ ឲ្យ​បាន​កាន់​ថ្ងៃ​១៤ ខែ​ផល្គុន និង​ថ្ងៃ​១៥​ផង រាល់​តែ​ឆ្នាំ

22. ទុក​ជា​ថ្ងៃ​ដែល​ពួក​សាសន៍​យូដា​បាន​សេចក្ដី​សាន្ត‌ត្រាណ ពី​ពួក​ខ្មាំង​សត្រូវ​របស់​គេ និង​ជា​ខែ ដែល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ​បាន​ត្រឡប់​ទៅ​ជា​សេចក្ដី​រីក‌រាយ​សាទរ ហើយ​សេចក្ដី​សោក‌សៅ​បាន​ទៅ​ជា​ថ្ងៃ​សប្បាយ​វិញ ប្រយោជន៍​ឲ្យ​គេ​បាន​តាំង​ថ្ងៃ​ទាំង​២​នោះ​ទុក​ជា​ថ្ងៃ​សំរាប់​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ ព្រម​ទាំង​ជូន​ជំនូន​ទៅ​វិញ​ទៅ​មក ហើយ​ដាក់​ទាន​ដល់​មនុស្ស​ទាល់​ក្រ​ផង

23. ដូច្នេះ ពួក​សាសន៍​យូដា​ក៏​សំរេច​នឹង​ធ្វើ​តាម ដូច​ជា​គេ​បាន​ចាប់​តាំង​ធ្វើ​មក​ហើយ គឺ​ដូច​ជា​ម៉ា‌ដេកាយ​បាន​សរសេរ​ផ្ញើ​មក​ដែរ

24. ពី​ព្រោះ​ហាម៉ាន ជា​កូន​ហាំម្តាថា សាសន៍​អ័កាក់ ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ពួក​សាសន៍​យូដា​បាន​បង្កើត​ឧបាយ​នឹង​បំផ្លាញ​គេ ក៏​បាន​វាយ​លេខ​តាម​របៀន‌ពោរ គឺ​បាន​បោះ​ឆ្នោត ដើម្បី​នឹង​បំផ្លាញ​គេ ហើយ​ធ្វើ​ឲ្យ​គេ​វិនាស​បង់

25. តែ​កាល​ព្រះ‌នាង​អេសធើរ​បាន​ចូល​ទៅ​គាល់​ស្តេច នោះ​ទ្រង់​ក៏​ចេញ​បង្គាប់​ដោយ​សំបុត្រ ឲ្យ​ឧបាយ​ដ៏​អាក្រក់ ដែល​ហាម៉ាន​បាន​បង្កើត​ទាស់​នឹង​ពួក​យូដា​នោះ បាន​វិល​ជះ​ទៅ​លើ​ក្បាល​វា​វិញ ហើយ​ឲ្យ​ព្យួរ​វា និង​ពួក​កូន​វា​ទាំង​អស់​ភ្ជាប់​លើ​ឈើ​ផង

26. ហេតុ​នោះ​បាន​ជា​គេ​ហៅ​ថ្ងៃ​ទាំង​២​នោះ​ថា «បុណ្យ​ពោរ» តាម​ពាក្យ «ពោរ»នោះ​ឯង ហើយ​ដោយ​ព្រោះ​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​សំបុត្រ​នោះ និង​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ឃើញ​ពី​ដំណើរ​នោះ ព្រម​ទាំង​ការ​ដែល​បាន​កើត​ដល់​គេ​ផង

27. បាន​ជា​ពួក​សាសន៍​យូដា គេ​តាំង​ទំនៀម​នោះ​ទុក ហើយ​ក៏​ទទួល​ថា ខ្លួន​គេ ពួក​កូន​ចៅ និង​អស់​អ្នក​ណា​ដែល​ចូល​សាសន៍​គេ នឹង​រក្សា​ថ្ងៃ​ទាំង​២​នោះ តាម​សេចក្ដី​ដែល​បាន​សរសេរ​ទុក ហើយ​តាម​វេលា​កំណត់​នោះ​រាល់​តែ​ឆ្នាំ​ឥត​ខាន​ឡើយ

28. ហើយ​ថា គេ​នឹង​នឹក​ចាំ ហើយ​រក្សា​ថ្ងៃ​ទាំង​២​នោះ នៅ​គ្រប់​ទាំង​ដំណ គ្រប់​ទាំង​គ្រួ នៅ​អស់​ទាំង​ខេត្ត និង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ជា​ដរាប​ទៅ មិន​ឲ្យ​បាត់​ពី​ពួក​សាសន៍​យូដា​ឡើយ ឬ​ឲ្យ​កូន​ចៅ​គេ​លែង​នឹក​ចាំ​ពី​ថ្ងៃ​នោះ​ដែរ។

29. គ្រា​នោះ អេសធើរ ដ៏​ជា​អគ្គ‌មហេសី ជា​បុត្រី​អ័ប៊ី‌ហែល ព្រម​ទាំង​ម៉ា‌ដេកាយ ជា​សាសន៍​យូដា ក៏​សរសេរ​ម្តង​ទៀត ផ្ញើ​ទៅ​ដោយ​អាង​គ្រប់​អំណាច​របស់​ខ្លួន ដើម្បី​នឹង​តាំង​សំបុត្រ​ពី​បុណ្យ​ពោរ​នោះ ទុក​ជា​ច្បាប់​ត​ទៅ

30. លោក​ក៏​ផ្ញើ​សំបុត្រ​ទៅ​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ក្នុង​អាណា​ខេត្ត​ទាំង​១២៧​នៃ​នគរ​របស់​អ័ហា‌ស៊ូរុស​មាន​ទាំង​ពាក្យ​ស្រគត់‌ស្រគំ និង​ពាក្យ​ដ៏​ទៀង​ត្រង់​ពិត​ផង

31. ដើម្បី​នឹង​បញ្ជាក់​ថ្ងៃ​បុណ្យ​ពោរ នៅ​វេលា​កំណត់ ដូច​ជា​ម៉ា‌ដេកាយ ជា​សាសន៍​យូដា និង​អេសធើរ អគ្គ‌មហេសី​បាន​តាំង​ឡើង​ដល់​គេ​ហើយ ដូច​ជា​គេ​ក៏​បាន​តាំង​ឡើង​សំរាប់​ខ្លួន​គេ និង​កូន​ចៅ​គេ​ត​ទៅ ខាង​ឯ​ដំណើរ​ការ​តម​អត់ និង​អំពាវ‌នាវ​របស់​គេ​ដែរ

32. ដូច្នេះ ក្រឹត្យ​របស់​ព្រះ‌នាង​អេសធើរ​បាន​បញ្ជាក់​ពី​របៀប​បុណ្យ​ពោរ​នោះ ហើយ​ក្រឹត្យ​នោះ​ក៏​បាន​កត់​ចុះ​ទុក​ក្នុង​សៀវភៅ។