គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាងអេសធើរ 8:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​ថ្ងៃ​នោះ​ឯង ស្តេច​អ័ហា‌ស៊ូរុស ទ្រង់​ប្រទាន​ផ្ទះ​របស់​ហាម៉ាន ជា​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា ដល់​អេសធើរ​ជា​អគ្គ‌មហេសី ឯ​ម៉ា‌ដេកាយ​ក៏​ចូល​ទៅ​ចំពោះ​ស្តេច ពី​ព្រោះ​អេសធើរ​បាន​ទូល​ពី​គាត់​ជា​អ្វី​ដល់​ព្រះ‌នាង

2. ស្តេច​ទ្រង់​ក៏​ដោះ​ព្រះ‌ទំរង់ ដែល​បាន​ដក​យក​ពី​ហាម៉ាន​ប្រគល់​ទៅ​ម៉ា‌ដេកាយ​វិញ ហើយ​អេសធើរ​ក៏​តាំង​លោក​ឡើង ឲ្យ​ត្រួត​លើ​ផ្ទះ​របស់​ហាម៉ាន។

3. អេសធើរ​ក៏​ទូល​នៅ​ចំពោះ​ស្តេច​ម្តង​ទៀត ដោយ​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ទ្រង់ អង្វរ​ទាំង​ទឹក​ភ្នែក ឲ្យ​ទ្រង់​លើក​ចោល​ការ​អាក្រក់​របស់​ហាម៉ាន ជា​សាសន៍​អ័កាក់​ព្រម​ទាំង​ឧបាយ ដែល​វា​បាន​បង្កើត ទាស់​នឹង​ពួក​យូដា

4. ខណៈ​នោះ ស្តេច​ទ្រង់​ក៏​ហុច​ព្រះ​ដំបង​មាស​ដល់​អេសធើរ​ដូច្នេះ ព្រះ‌នាង​ក្រោក​ឡើង ឈរ​នៅ​ចំពោះ​ស្តេច

5. ទូល​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ ហើយ​បើ​ទ្រង់​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​រាប់​សេចក្ដី​នេះ​ថា​ជា​គួរ ហើយ​បើ​ខ្ញុំ​ម្ចាស់​ជា​ទី​ពេញ​ព្រះ‌ទ័យ​ដល់​ទ្រង់ នោះ​សូម​ទ្រង់​ចេញ​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ លើក​ចោល​សំបុត្រ​ទាំង​ប៉ុន្មាន ដែល​ហាម៉ាន ជា​កូន​ហាំម្តាថា សាសន៍​អ័កាក់ បាន​ធ្វើ​នោះ ជា​សំបុត្រ​ដែល​វា​ផ្ញើ​ទៅ បង្គាប់​ឲ្យ​បំផ្លាញ​ពួក​សាសន៍​យូដា​នៅ​គ្រប់​ទាំង​ខេត្ត​របស់​ព្រះ‌ករុណា

6. ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ម្ចាស់​ទ្រាំ​មើល​សេចក្ដី​វេទនា ដែល​នឹង​កើត​ដល់​ជាតិ​របស់​ខ្ញុំ​ម្ចាស់ ឬ​ទ្រាំ​មើល​ញាតិ​សន្តាន​របស់​ខ្ញុំ​ម្ចាស់​ត្រូវ​វិនាស​ទៅ​បាន

7. នោះ​ស្តេច​អ័ហា‌ស៊ូរុស​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អេសធើរ​អគ្គ‌មហេសី និង​ម៉ា‌ដេកាយ ជា​សាសន៍​យូដា​ថា នេះ​នែ​យើង​បាន​ឲ្យ​ផ្ទះ​របស់​ហាម៉ាន​ដល់​អេសធើរ​ហើយ ក៏​បាន​ចង​ក​វា​ព្យួរ​នឹង​ឈើ​ផង ដោយ​ព្រោះ​វា​លូក​ដៃ​ទៅ​ទាស់​នឹង​សាសន៍​យូដា

8. ឥឡូវ​នេះ ចូរ​សរសេរ​ដោយ​ព្រះ‌នាម​យើង​ផ្ញើ​ទៅ​សាសន៍​យូដា តាម​តែ​ចិត្ត​ចុះ ហើយ​ប្រថាប់​ត្រា​ដោយ​ព្រះ‌ទំរង់​យើង​ផង ដ្បិត​សេចក្ដី​ណា​ដែល​បាន​កត់​ចុះ​ដោយ​នូវ​ព្រះ‌នាម​នៃ​ស្តេច ហើយ​ប្រថាប់​ត្រា​ដោយ​ព្រះ‌ទំរង់​រាជ្យ នោះ​នឹង​លើក​ចោល​ចេញ​ពុំ​បាន​ឡើយ។

9. ដូច្នេះ នៅ​វេលា​នោះ​ឯង គឺ​ថ្ងៃ​២៣​ខែ​ទី​៣ ជា​ខែ​ជេស្ឋ នោះ​គេ​បាន​ហៅ​ពួក​ស្មៀន​ហ្លួង​មក កត់​អស់​ទាំង​សេចក្ដី​ដែល​ម៉ា‌ដេកាយ​បង្គាប់​ដល់​ពួក​សាសន៍​យូដា ពួក​ចៅ‌ហ្វាយ​ខេត្ត និង​ពួក​ចៅ‌ហ្វាយ​ស្រុក ហើយ​ពួក​អ្នក​ជា​ប្រធាន​នៅ​គ្រប់​ទាំង​១២៧​ខេត្ត ចាប់​តាំង​ពី​ស្រុក​ក្លិង្គ​រហូត​ដល់​ស្រុក​អេធីយ៉ូពី គឺ​ដល់​គ្រប់​ទាំង​ខេត្ត​តាម​អក្សរ​ជាតិ និង​ដល់​គ្រប់​ទាំង​សាសន៍ តាម​ភាសា​របស់​គេ ហើយ​ដល់​ពួក​សាសន៍​យូដា​តាម​អក្សរ តាម​ភាសា​របស់​គេ​ដែរ

10. លោក​បាន​ធ្វើ​សំបុត្រ​នោះ ដោយ​នូវ​ព្រះ‌នាម​នៃ​ស្តេច​អ័ហា‌ស៊ូរុស ព្រម​ទាំង​ប្រថាប់​ត្រា​ដោយ​ព្រះ‌រាជ​ទំរង់ រួច​ផ្ញើ​ទៅ ដោយ‌សារ​ពួក​អ្នក​រត់​សំបុត្រ ដែល​ជិះ​សេះ ជា​សត្វ​យ៉ាង​លឿន ដែល​នៅ​ក្នុង​ក្រសួង​ស្តេច

11. ឯ​ក្នុង​សំបុត្រ​ទាំង​នោះ ស្តេច​ទ្រង់​អនុញ្ញាត​ឲ្យ​ពួក​សាសន៍​យូដា ដែល​នៅ​គ្រប់​ទី​ក្រុង​បាន​មូល​គ្នា ដើម្បី​ការ‌ពារ​ជីវិត​ខ្លួន ហើយ​ឲ្យ​បំផ្លាញ សំឡាប់ និង​ធ្វើ​ឲ្យ​វិនាស​ដល់​គ្រប់​ទាំង​អំណាច​របស់​បណ្តា‌ជន នៅ​ខេត្ត​ណា​ដែល​នឹង​លើក​គ្នា​មក​ធ្វើ​បាប​ខ្លួន ទោះ​ទាំង​កូន​ក្មេង និង​ពួក​ស្រីៗ​ផង ហើយ​ឲ្យ​រឹប​ជាន់​យក​ទ្រព្យ​សម្បត្តិ​របស់​គេ​ទុក​ជា​របឹប​ដែរ

12. នៅ​គ្រប់​ទាំង​អាណា​ខេត្ត​នៃ​ស្តេច​អ័ហា‌ស៊ូរុស ក្នុង​ថ្ងៃ​១​នោះ​ឯង គឺ​ជា​ថ្ងៃ​១៣​ខែ​១២ ដែល​ជា​ខែ​ផល្គុន

13. សំបុត្រ​ទាំង​នោះ​មាន​ចម្លង​ព្រះ‌រាជ‌ឱង្ការ ដែល​ត្រូវ​ប្រកាស​ប្រាប់​ដល់​គ្រប់​ទាំង​សាសន៍ នៅ​អស់​ទាំង​ខេត្ត​ផង ថា ពួក​សាសន៍​យូដា​ត្រូវ​ប្រុង‌ប្រៀប​នឹង​សង‌សឹក ដល់​ពួក​ខ្មាំង​សត្រូវ​របស់​ខ្លួន នៅ​ថ្ងៃ​នោះ​ឯង

14. ដូច្នេះ ពួក​អ្នក​រត់​សំបុត្រ​ទាំង​នោះ ដែល​ជិះ​សត្វ​យាង​លឿន ជា​សត្វ​ដែល​ប្រើ​ក្នុង​ក្រសួង​នៃ​ស្តេច គេ​រួស‌រាន់​ចេញ​ទៅ ដោយ​ប្រញាប់‌ប្រញាល់ មាន​ទាំង​បង្គាប់​ស្តេច​បង្ខំ​ផង ហើយ​ព្រះ‌រាជ‌ឱង្ការ​នោះ ក៏​បាន​ផ្សាយ​ចេញ​ទៅ នៅ​ត្រង់​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង​ដែរ។

15. ឯ​ម៉ា‌ដេកាយ​លោក​ចេញ​ពី​ចំពោះ​ស្តេច​ទៅ ទាំង​ស្លៀក‌ពាក់​ប្រដាប់​របស់​ក្រម​ហ្លួង​ពណ៌​ខៀវ ហើយ​ស មាន​ពាក់​មកុដ​មាស​យ៉ាង​ធំ និង​អាវ​វែង សំពត់​ខ្លូត‌ទេស​ពណ៌​ស្វាយ​ផង នោះ​ពួក​អ្នក​ក្រុង​ស៊ូសាន​ក៏​ស្រែក​ឡើង ដោយ​អំណរ

សូមអានជំពូកពេញលេញ នាងអេសធើរ 8