គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាងអេសធើរ 6:5-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ដូច្នេះ ពួក​មហា‌តលិក​ទូល​ទ្រង់​ថា គឺ​ជា​លោក​ហាម៉ាន​ដែល​ឈរ​នៅ​ទីធ្លា​នោះ ស្តេច​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​លោក​ចូល​មក​ចុះ

6. ហាម៉ាន​ក៏​ចូល​មក​រួច​ស្តេច​ទ្រង់​សួរ​ថា តើ​គួរ​ប្រោស​ជា​យ៉ាង​ណា ដល់​អ្នក​ដែល​ស្តេច​សព្វ​ព្រះ‌ទ័យ​ចង់​លើក​មុខ ហាម៉ាន​នឹក​ក្នុង​ចិត្ត​ថា តើ​មាន​អ្នក​ណា​ក្រៅ​ពី​អញ ដែល​ស្តេច​សព្វ​ព្រះ‌ទ័យ​នឹង​លើក​មុខ​ឲ្យ

7. ដូច្នេះ ហាម៉ាន​ទូល​ឆ្លើយ​ថា ឯ​មនុស្ស​ដែល​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ​ចង់​លើក​មុខ​ឲ្យ

8. នោះ​គួរ​តែ​យក​ព្រះ‌ពស្ត្រា‌រាជ្យ ដែល​ព្រះ‌ករុណា​ធ្លាប់​ទ្រង់ និង​សេះ​ដែល​ព្រះ‌ករុណា​គង់ ព្រម​ទាំង​មកុដ‌រាជ្យ ដែល​ពាក់​លើ​ព្រះ‌សិរ​មក

9. ហើយ​ប្រគល់​ប្រដាប់​ទាំង​នោះ និង​សេះ​ដល់​ម្នាក់ ជា​អ្នក​ប្រធាន​វិសេស​បំផុត​របស់​ស្តេច ឲ្យ​គេ​បំពាក់​ដល់​អ្នក​ដែល​ព្រះ‌ករុណា​ទ្រង់​សព្វ​ព្រះ‌ទ័យ​ចង់​លើក​មុខ​នោះ រួច​បញ្ជិះ​សេះ​បណ្តើរ​នាំ​ទៅ​តាម​ផ្លូវ​ទី​ក្រុង ហើយ​ស្រែក​ប្រកាស​នៅ​មុខ​អ្នក​នោះ​ថា អ្នក​ដែល​ស្តេច​សព្វ​ព្រះ‌ទ័យ​ចង់​លើក​មុខ​នោះ​បាន​ដូច្នេះ​ហើយ

10. ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​បង្គាប់​ហាម៉ាន​ថា ចូរ​ប្រញាប់​ឡើង ទៅ​យក​ព្រះ‌ពស្ត្រា‌រាជ្យ និង​សេះ ដូច​ជា​អ្នក​បាន​ថា​នោះ ទៅ​ធ្វើ​ដូច្នោះ​ដល់​ម៉ា‌ដេកាយ ជា​សាសន៍​យូដា ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង កុំ​ឲ្យ​ខាន​ធ្វើ​អ្វី​មួយ​ដែល​អ្នក​បាន​ថា​នោះ​ឲ្យ​សោះ

11. ហាម៉ាន​ក៏​យក​ព្រះ‌ពស្ត្រា‌រាជ្យ និង​សេះ​នោះ​មក រួច​បំពាក់​ឲ្យ​ម៉ា‌ដេកាយ ហើយ​បញ្ជិះ​គាត់​បណ្តើរ​នាំ​ទៅ​តាម​ផ្លូវ​ទី​ក្រុង ដោយ​ស្រែក​ប្រកាស​នៅ​មុខ​គាត់​ថា អ្នក​ដែល​ស្តេច​ទ្រង់​សព្វ​ព្រះ‌ទ័យ​ចង់​លើក​មុខ នោះ​បាន​ដូច្នេះ​ហើយ

12. រួច​ហើយ ម៉ា‌ដេកាយ​ក៏​វិល​ត្រឡប់​មក​ឯ​ទ្វារ​ព្រះ‌រាជ‌វាំង​វិញ តែ​ឯ​ហាម៉ាន​លោក​ប្រញាប់‌ប្រញាល់​ទៅ​ឯ​ផ្ទះ ដោយ​សៅ‌សោក ហើយ​គ្រលំ​ក្បាល

13. លោក​ក៏​រាប់​រៀប​ប្រាប់​ដល់​សេរែស ជា​ប្រពន្ធ និង​ពួក​មិត្រ​សំឡាញ់​ទាំង​ប៉ុន្មាន​ពី​អស់​ទាំង​ការ​ដែល​បាន​កើត​មក​ដល់​ខ្លួន ដូច្នោះ ពួក​អ្នក​ប្រាជ្ញ​របស់​លោក និង​សេរែស ជា​ប្រពន្ធ ក៏​និយាយ​ទៅ​លោក​ថា បើ​សិន​ជា​ម៉ា‌ដេកាយ​នេះ​ជាតិ​ជា​សាសន៍​យូដា ដែល​លោក​បាន​ចាប់​តាំង​ដួល​នៅ​ចំពោះ​គាត់​ហើយ នោះ​លោក​នឹង​ឈ្នះ​គាត់​មិន​បាន​ឡើយ គឺ​នឹង​ត្រូវ​ដួល​នៅ​ចំពោះ​គាត់​ជា​ពិត​ប្រាកដ

14. កាល​គេ​កំពុង​តែ​និយាយ​នឹង​លោក​នៅ​ឡើយ នោះ​មាន​ពួក​ភ្នាក់‌ងារ​របស់​ស្តេច​មក​ដល់ ដាស់‌តឿន​ហាម៉ាន ឲ្យ​ទៅ​បរិភោគ​លៀង ដែល​អេធើរ​បាន​រៀប‌ចំ​ទុក។

សូមអានជំពូកពេញលេញ នាងអេសធើរ 6