គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាងអេសធើរ 4:3-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ហើយ​នៅ​គ្រប់​តែ​ខេត្ត ត្រង់​កន្លែង​ណា​ក៏​ដោយ ដែល​ព្រះ‌រាជ‌ឱង្ការ និង​បង្គាប់​នៃ​ស្តេច​បាន​ទៅ​ដល់ នោះ​មាន​សេចក្ដី​សៅ‌សោក​ជា​ខ្លាំង នៅ​ក្នុង​ពួក​សាសន៍​យូដា ព្រម​ទាំង​ការ​តម​អត់​យំ‌យែក ហើយ​ស្រែក​ទ្រហោ ក៏​មាន​គ្នា​ច្រើន​បាន​គ្រលំ​ដោយ​សំពត់​ធ្មៃ​ដេក​នៅ​គំនរ​ផែះ​ផង។

4. ពួក​ស្រី​បំរើ និង​ពួក​ភ្នាក់‌ងារ​របស់​អគ្គ‌មហេសី នាង​អេសធើរ ក៏​មក​ទូល​សេចក្ដី​នោះ​ដល់​ព្រះ‌នាង ដូច្នេះ ព្រះ‌នាង​មាន​សេចក្ដី​ថប់​ព្រួយ​ជា​ខ្លាំង ក៏​ផ្ញើ​សំលៀក‌បំពាក់​ទៅ​ជូន​ដល់​ម៉ា‌ដេកាយ ដើម្បី​ឲ្យ​គាត់​បាន​ផ្លាស់​សំពត់​ធ្មៃ​ចេញ តែ​គាត់​មិន​ព្រម​ទទួល​ទេ

5. អេសធើរ​ក៏​ហៅ​ហាថាក់ ជា​ភ្នាក់‌ងារ​របស់​ស្តេច ដែល​ទ្រង់​បាន​ដំរូវ​ឲ្យ​បំរើ​ព្រះ‌នាង​មក​បង្គាប់​ឲ្យ​ទៅ​ឯ​ម៉ា‌ដេកាយ ដើម្បី​នឹង​សួរ​ឲ្យ​ដឹង​ពី​រឿង​នោះ ហើយ​ពី​ហេតុ​អ្វី​បាន​ជា​កើត​ដូច្នេះ

6. ហាថាក់​ក៏​ចេញ​ទៅ​ឯ​ម៉ា‌ដេកាយ នៅ​ត្រង់​ទីធ្លា​ក្រុង ដែល​នៅ​មុខ​ព្រះ‌រាជ‌វាំង

7. ហើយ​ម៉ា‌ដេកាយ​ប្រាប់​គាត់ ពី​គ្រប់​ទាំង​ដំណើរ​ដែល​បាន​កើត​មក​ដល់​ខ្លួន និង​ពី​ចំនួន​ប្រាក់​ដែល​ហាម៉ាន​បាន​សន្យា​បញ្ចេញ​ទៅ​ឯ​ឃ្លាំង​ហ្លួង​ទាំង​ប៉ុន្មាន ឲ្យ​បាន​បំផ្លាញ​ដល់​ពួក​សាសន៍​យូដា

8. ក៏​ឲ្យ​សំណៅ​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ ជា​សេចក្ដី​ដែល​បាន​ប្រកាស​ប្រាប់​នៅ​ក្រុង​ស៊ូសាន បង្គាប់​ឲ្យ​សំឡាប់​គេ ដល់​ភ្នាក់‌ងារ​នោះ ឲ្យ​នាំ​យក​ទៅ​បង្ហាញ​ដល់​អេសធើរ ហើយ​រាប់​រៀប​ទូល​ព្រះ‌នាង​ឲ្យ​ជ្រាប ព្រម​ទាំង​ផ្តាំ ឲ្យ​ព្រះ‌នាង​ចូល​ទៅ ទូល​អង្វរ​ចំពោះ​ស្តេច ថ្វាយ​ពាក្យ​សំណូម​ជំនួស​សាសន៍​របស់​ខ្លួន​ផង។

9. ហាថាក់​ក៏​ទៅ​ក្រាប​ទូល​ដល់​អេសធើរ តាម​ពាក្យ​របស់​ម៉ា‌ដេកាយ

10. រួច​អេសធើរ​មាន​សវនីយ៍​នឹង​ហាថាក់​ផ្តាំ​ឲ្យ​ទៅ​ជំរាប​ម៉ា‌ដេកាយ​ថា

11. អស់​ទាំង​ពួក​បំរើ​របស់​ស្តេច និង​ពួក​បណ្តា‌ជន នៅ​គ្រប់​ទាំង​ខេត្ត​របស់​ទ្រង់ សុទ្ធ​តែ​ដឹង​ថា បើ​ស្តេច​មិន​បាន​ហៅ​រក នោះ​អ្នក​ណា​ក៏​ដោយ​ទោះ​ប្រុស ឬ​ស្រី​ក្តី ដែល​នឹង​ចូល​ទៅ​ឯ​ស្តេច ក្នុង​ព្រះ‌រាជ‌រោង​ខាង​ក្នុង នោះ​មាន​ច្បាប់​តែ​១​ចំពោះ​អ្នក​នោះ គឺ​ត្រូវ​សំឡាប់​បង់ លើក​តែ​អ្នក​ណា​ដែល​ទ្រង់​នឹង​ហុច​ព្រះ​ដំបង​មាស មក​ប្រោស​ឲ្យ​បាន​រស់​ប៉ុណ្ណោះ តែ​ស្តេច​មិន​បាន​ហៅ​ខ្ញុំ​ចូល​ទៅ​ចំពោះ​ទ្រង់​អស់​៣០​ថ្ងៃ​នេះ​ហើយ

12. រួច​គេ​ក៏​ទៅ​ជំរាប​ម៉ា‌ដេកាយ តាម​ពាក្យ​របស់​អេសធើរ​វិញ។

សូមអានជំពូកពេញលេញ នាងអេសធើរ 4