គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាងអេសធើរ 3:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ក្រោយ​នោះ​មក ស្តេច​អ័ហា‌ស៊ូរុស​ទ្រង់​លើក​ដំកើង​ហាម៉ាន កូន​ហាំម្តាថា ជា​សាសន៍​អ័កាក់ ទាំង​លើក​លោក​ឡើង តាំង​ឲ្យ​មាន​ងារ​ជា​ធំ​លើស​អស់​ទាំង​អ្នក ជា​ប្រធាន​ដែល​នៅ​ចំពោះ​ទ្រង់

2. ដូច្នេះ ពួក​មហា‌តលិក​របស់​ស្តេច ដែល​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង គេ​ឱន​ខ្លួន​ចុះ​គោរព​ដល់​ហាម៉ាន​ទាំង​អស់​គ្នា ពី​ព្រោះ​ស្តេច​ទ្រង់​បាន​ចេញ​បង្គាប់ ពី​ដំណើរ​លោក​យ៉ាង​នោះ តែ​ម៉ា‌ដេកាយ​មិន​បាន​ឱន​ខ្លួន​ទេ ក៏​មិន​គោរព​ផង

3. ដូច្នេះ ពួក​មហា‌តលិក​របស់​ស្តេច​ដែល​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ​វាំង គេ​សួរ​គាត់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ទទឹង​នឹង​បង្គាប់​ស្តេច​ដូច្នេះ

4. រួច​កាល​គេ​បាន​រំឭក​ដល់​គាត់​រាល់​តែ​ថ្ងៃ តែ​គាត់​មិន​ព្រម​ស្តាប់​តាម នោះ​គេ​ក៏​ជំរាប​ដល់​ហាម៉ាន ដើម្បី​នឹង​ល​មើល​បើ​សេចក្ដី​ដែល​ម៉ា‌ដេកាយ​ប្រព្រឹត្ត​ដូច្នោះ នឹង​បាន ឬ​មិន​បាន​ពី​ព្រោះ​គាត់​បាន​ប្រាប់​ឲ្យ​គេ​ដឹង​ហើយ ថា​គាត់​ជា​សាសន៍​យូដា

5. កាល​ហាម៉ាន​ឃើញ​ថា ម៉ា‌ដេកាយ​មិន​ឱន​គោរព​ដល់​ខ្លួន​ទេ នោះ​លោក​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ក្រោធ

6. តែ​លោក​តោះ‌តើយ និង​ចង់​ចាប់​ម៉ា‌ដេកាយ​តែ​១​ប៉ុណ្ណោះ ដ្បិត​គេ​បាន​ជំរាប​ឲ្យ​លោក​ជ្រាប​ពី​សាសន៍​របស់​ម៉ា‌ដេកាយ​ហើយ បាន​ជា​លោក​រក​ឱកាស​នឹង​បំផ្លាញ​សាសន៍​យូដា​ទាំង​អស់​បង់ ដែល​មាន​នៅ​ពេញ​ក្នុង​នគរ​របស់​អ័ហា‌ស៊ូរុស​ទាំង​មូល​វិញ គឺ​ជា​ជាតិ​របស់​ម៉ា‌ដេកាយ​ទាំង​ប៉ុន្មាន។

7. រីឯ​នៅ​ឆ្នាំ​១២​ក្នុង​រាជ្យ​អ័ហា‌ស៊ូរុស គឺ​នៅ​ខែ​ទី​១ ជា​ខែ​ចេត្រ នោះ​គេ​វាយ​លេខ​តាម​របៀន «ពោរ» នៅ​មុខ​ហាម៉ាន ដេញ​រក​ថ្ងៃ​ខែ ទៅ​ទល់​នឹង​ខែ​១២ ទើប​ត្រូវ គឺ​ជា​ខែ​ផល្គុន

8. នោះ​ហាម៉ាន​ទូល​ដល់​ស្តេច​អ័ហា‌ស៊ូរុស​ថា មាន​សាសន៍១ ដែល​ខ្ចាត់​ខ្ចាយ​នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ក្នុង​គ្រប់​ទាំង​អាណា​ខេត្ត​របស់​ទ្រង់ គេ​មាន​ច្បាប់​ខុស​ពី​ច្បាប់​នៃ​សាសន៍​ទាំង​អស់ ក៏​មិន​កាន់​តាម​ច្បាប់​របស់​ព្រះ‌ករុណា​ផង ដូច្នេះ មិន​គួរ​ឲ្យ​ព្រះ‌ករុណា​ទុក​ឲ្យ​គេ​នៅ​ទៀត​ទេ

9. បើ​សិន​ជា​ព្រះ‌ករុណា​ទ្រង់​សព្វ​ព្រះ‌ទ័យ នោះ​សូម​ទ្រង់​បង្គាប់​ឲ្យ​មាន​ច្បាប់​កត់​ទុក ឲ្យ​បំផ្លាញ​ពួក​នោះ​ចេញ យ៉ាង​នោះ​ទូល‌បង្គំ​នឹង​ប្រគល់​ប្រាក់​១​ម៉ឺន​ហាប​ទៅ​ក្នុង​ឃ្លាំង​ហ្លួង​ទាំង​ប៉ុន្មាន សំរាប់​ពួក​អ្នក​ដែល​ចាត់‌ចែង​ការ​នោះ

សូមអានជំពូកពេញលេញ នាងអេសធើរ 3