គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាងអេសធើរ 2:12-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. រីឯ​តាម​ទំនៀម​ពួក​ស្រីៗ នោះ​ពេល​ដែល​ជំរះ​ខ្លួន​ត្រូវ​អស់​រវាង​១២​ខែ គឺ​៦​ខែ​ដោយ​ប្រេង​ល្វីង‌ទេស ហើយ​៦​ខែ​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ ព្រម​ទាំង​គ្រឿង​អ្វីៗ​ដែល​សំរាប់​ឲ្យ​ពួក​ស្រីៗ​បាន​ស្អាត​បរិសុទ្ធ​ផង ដូច្នេះ ក្រោយ​ដែល​គេ​បាន​ធ្វើ​ដល់​នាង​ទាំង​នោះ​តាម​ទំនៀម ហើយ​ពេល​ដែល​នាង​ណា​ត្រូវ​ចូល​ទៅ​ឯ​ស្តេច​អ័ហា‌ស៊ូរុស​បាន​មក​ដល់

13. នោះ​នាង​បាន​ចូល​ទៅ​ឯ​ស្តេច​បែប​យ៉ាង​នេះ​ឯង គឺ​អ្វីៗ​ដែល​នាង​ប្រាថ្នា​ចង់​បាន នោះ​ក៏​បាន​បើក​ឲ្យ​នាង ដើម្បី​នឹង​យក​ពី​មន្ទីរ​ពួក​ស្រីៗ​ទៅ​ឯ​ដំណាក់​ស្តេច

14. នៅ​ពេល​ល្ងាច​នាង​បាន​ចេញ​ទៅ ហើយ​ដល់​ព្រឹក​ឡើង​នាង​វិល​មក​វិញ ចូល​ក្នុង​មន្ទីរ​ទី​២​របស់​ពួក​ស្រីៗ នៅ​ក្រោម​អំណាច​ស្អាស‌កាស ជា​ភ្នាក់‌ងារ​របស់​ស្តេច​ដែល​រក្សា​ពួក​ស្រី​អ្នក‌ម្នាង នាង​នោះ​លែង​បាន​ចូល​ទៅ​ចំពោះ​ស្តេច​ទៀត​ហើយ លើក​តែ​ស្តេច​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​នាង ហើយ​ហៅ​តាម​ឈ្មោះ​វិញ។

15. ឯ​អេសធើរ កូន​អ័ប៊ី‌ហែល ជា​មា​របស់​ម៉ា‌ដេកាយ​ដែល​បាន​យក​មក​ចិញ្ចឹម​ទុក​ជា​កូន​ខ្លួន កាល​ដល់​ពេល​ដែល​នាង​ត្រូវ​ចូល​ទៅ​ឯ​ស្តេច នោះ​នាង​មិន​បាន​សូម​អ្វី​ក្រៅ​ពី​របស់​ដែល​ហេកាយ ជា​ក្រម​វាំង​របស់​ស្តេច ជា​អ្នក​រក្សា​ពួក​ស្រីៗ​បាន​ឲ្យ​នោះ​ទេ ហើយ​អស់​អ្នក​ណា​ដែល​ឃើញ​នាង​ក៏​ពេញ​ចិត្ត​នឹង​នាង

16. គេ​ក៏​នាំ​អេសធើរ​ចូល​ទៅ​ថ្វាយ​ស្តេច​អ័ហា‌ស៊ូរុស នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់ នៅ​ខែ​ទី​១០ គឺ​ជា​ខែ​បុស្ស ក្នុង​ឆ្នាំ​ទី​៧​នៃ​រាជ្យ​ទ្រង់

17. ស្តេច​ទ្រង់​ក៏​ស្រឡាញ់​អេសធើរ​លើស​ជាង​ស្ត្រី​ឯ​ទៀត ហើយ​នាង​ទទួល​បាន​ព្រះ‌គុណ និង​សេចក្ដី​ប្រោស‌ប្រាណ នៅ​ចំពោះ​ទ្រង់ លើស​ជាង​ពួក​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន ដល់​ម៉្លេះ​បាន​ជា​ទ្រង់​បំពាក់​មកុដ‌រាជ្យ តាំង​នាង​ឡើង​ជា​អគ្គ‌មហេសី​ជំនួស​វ៉ាសធី

18. រួច​ស្តេច​ទ្រង់​ជប់‌លៀង​ជា​យ៉ាង​ធំ ដល់​អស់​ទាំង​ពួក​អ្នក​ជា​ប្រធាន និង​ពួក​ជំនិត​ទ្រង់​ទាំង​អស់ គឺ​ជា​ការ​ជប់‌លៀង​របស់​អេសធើរ ទ្រង់​ក៏​បោស ឲ្យ​មនុស្ស​នៅ​គ្រប់​ខេត្ត​បាន​ឈប់​សំរាក ហើយ​ទ្រង់​ដាក់​ទាន តាម​សណ្ឋាន​ស្តេច។

19. លុះ​ដល់​ពួក​នាង​ក្រមុំ​បាន​ប្រជុំ​គ្នា​លើក​ទី​២ នោះ​ម៉ា‌ដេកាយ​គាត់​អង្គុយ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង

20. ឯ​អេសធើរ នាង​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង ពី​គ្រួ និង​ពី​ជំនួរ​វង្ស​របស់​ខ្លួន​ទេ តាម​បង្គាប់​របស់​ម៉ា‌ដេកាយ ពី​ព្រោះ​នាង​នៅ​តែ​ស្តាប់​បង្គាប់​ម៉ា‌ដេកាយ ដូច​នៅ​គ្រា​ដែល​គាត់​ចិញ្ចឹម​នៅ​ឡើយ

សូមអានជំពូកពេញលេញ នាងអេសធើរ 2