គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាងរស់ 4:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​បូអូស លោក​ឡើង​ទៅ​អង្គុយ​នៅ​ត្រង់​ទ្វារ​ទី​ក្រុង លំដាប់​នោះ​សាច់‌ញាតិ​ជិត‌ដិត ដែល​បូអូស​បាន​និយាយ​នោះ គាត់​ក៏​មក​ដល់ បូអូស​ហៅ​ថា នែ បង​អើយ សូម​បែរ​មក​អង្គុយ​នៅ​ទី​នេះ​សិន ដូច្នេះ​គាត់​ក៏​បែរ​ចូល​មក​អង្គុយ

2. ឯ​បូអូស​លោក​ហៅ​យក​ពួក​ចាស់‌ទុំ​ក្នុង​ក្រុង​នោះ​ចំនួន​១០​នាក់​មក​ជំរាប​ថា សូម​អង្គុយ​នៅ​ទី​នេះ​ចុះ គេ​ក៏​អង្គុយ​នៅ

3. រួច​លោក​និយាយ​ទៅ​សាច់‌ញាតិ​ជិត‌ដិត​នោះ​ថា ន៉ាអូមី ដែល​បាន​វិល​ត្រឡប់​មក ពី​ស្រុក​ម៉ូអាប់​វិញ គាត់​ចង់​លក់​ដី​១​ក្បាល​របស់​អេលី‌ម៉ាលេច ជា​បង​ប្អូន​យើង

4. ហើយ​ខ្ញុំ​បាន​គិត​ថា ត្រូវ​ជំរាប​ឲ្យ​បង​ដឹង​ដែរ ដូច្នេះ សូម​ឲ្យ​បង​ទិញ​ដី​នោះ នៅ​ចំពោះ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ទី​នេះ ហើយ​នៅ​មុខ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​យើង​ចុះ បើ​បង​ចង់​លោះ​ដី​នោះ សូម​លោះ​ទៅ តែ​បើ​មិន​ចង់​លោះ​ទេ សូម​ប្រាប់​ឲ្យ​ខ្ញុំ​បាន​ដឹង​ផង ដ្បិត​ក្រៅ​ពី​បង នោះ​គ្មាន​អ្នក​ណា​ទៀត​មាន​ច្បាប់​នឹង​លោះ​បាន​ទេ មាន​តែ​ខ្ញុំ​ដែល​ជា​អ្នក​បន្ទាប់​បង​ប៉ុណ្ណោះ អ្នក​នោះ​ឆ្លើយ​ឡើង​ថា ខ្ញុំ​ព្រម​លោះ​ដែរ

5. បូអូស​ជំរាប​ថា នៅ​ថ្ងៃ​ណា​ដែល​បង​ទិញ​ដី​នោះ​ពី​ន៉ាអូមី នោះ​ត្រូវ​ទិញ​ពី​នាង​រស់ ជា​សាសន៍​ម៉ូអាប់ ប្រពន្ធ​របស់​បង​ប្អូន​យើង ដែល​ស្លាប់​នោះ​ដែរ ដើម្បី​នឹង​បង្កើត​ឈ្មោះ​អ្នក​នោះ នៅ​ក្នុង​មរដក​គាត់​ឡើង​វិញ

6. អ្នក​នោះ​ឆ្លើយ​ឡើង​ថា ខ្ញុំ​នឹង​លោះ​សំរាប់​ខ្លួន​ខ្ញុំ​មិន​បាន​ទេ ក្រែង​ខ្ញុំ​បង្ខូច​មរដក​របស់​ខ្ញុំ​ទៅ ដូច្នេះ​ចូរ​អ្នក​យក​ច្បាប់​របស់​ខ្ញុំ និង​លោះ​ចុះ ដ្បិត​ខ្ញុំ​លោះ​មិន​បាន​ទេ។

សូមអានជំពូកពេញលេញ នាងរស់ 4