គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាងរស់ 2:9-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ចូរ​ឲ្យ​ភ្នែក​នាង​មើល​តែ​ស្រែ ដែល​ពួក​នេះ​កំពុង​ច្រូត ហើយ​ដើរ​តាម​គេ​ចុះ ខ្ញុំ​បាន​ហាម​ដល់​ពួក​កំឡោះ មិន​ឲ្យ​គេ​ពាល់​នាង​ទេ បើ​កាល​ណា​នាង​ស្រេក​ទឹក ឲ្យ​ទៅ​ឯ​ក្អម ផឹក​ទឹក​ដែល​ពួក​កំឡោះ​បាន​ដង​ហើយ​ចុះ

10. នោះ​នាង​ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​នឹង​ដី ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​លោក​ប្រោស​មេត្តា ដោយ​អាណិត​ដល់​ខ្ញុំ​ជា​សាសន៍​ដទៃ​ដូច្នេះ

11. បូអូស​ឆ្លើយ​ទៅ​នាង​ថា គេ​បាន​ប្រាប់​ដល់​ខ្ញុំ ពី​គ្រប់​ទាំង​កិរិយា ដែល​នាង​បាន​ប្រព្រឹត្ត​នឹង​ម្តាយ​ក្មេក តាំង​ពី​ប្ដី​នាង​ស្លាប់​ចោល​ទៅ ហើយ​ពី​នាង​បាន​លះ​ចោល​ឪពុក​ម្តាយ និង​ស្រុក​កំណើត​របស់​នាង មក​ឯ​សាសន៍​នេះ ដែល​មិន​បាន​ស្គាល់​កាល​ពី​ដើម​ផង

12. សូម​ព្រះ‌យេហូវ៉ា​ប្រទាន​រង្វាន់​ដល់​នាង ហើយ​ឲ្យ​នាង​បាន​ទទួល​បំណាច់​ដ៏​ពោរ‌ពេញ ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​នាង​បាន​មក​ជ្រក​ក្រោម​ស្លាប​ទ្រង់​ចុះ

13. រួច​នាង​និយាយ​ថា ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ សូម​លោក​មេត្តា​ប្រោស​ដល់​ខ្ញុំ​ផង ទោះ​បើ​ខ្ញុំ​មិន​មែន​ដូច​ជា​ពួក​ស្រី​បំរើ​របស់​លោក​ណា​មួយ​ក៏​ដោយ គង់​តែ​លោក​បាន​កំសាន្ត​ចិត្ត​ខ្ញុំ​ហើយ ព្រម​ទាំង​និយាយ​នឹង​ខ្ញុំ​ជា​អ្នក​បំរើ​លោក ដោយ​សប្បុរស​ដែរ។

14. លុះ​ដល់​ពេល​បាយ បូអូស​ប្រាប់​នាង​ថា អញ្ជើញ​មក​ហូប ហើយ​ជ្រលក់​អាហារ​ទៅ​ក្នុង​ទឹក‌ខ្មេះ​ចុះ នាង​ក៏​អង្គុយ​នៅ​ខាង​ពួក​អ្នក​ចំរូត ឯ​គេ​ក៏​ហុច​លាជ​មក​ឲ្យ​នាង​ដែរ ហើយ​នាង​បាន​បរិភោគ​ទាល់​តែ​ឆ្អែត ក៏​យក​ខ្លះ​ទុក​ដែរ

15. កាល​នាង​បាន​ក្រោក​ឡើង​ទៅ​រើស​ទៀត នោះ​បូអូស​ប្រាប់​ដល់​ពួក​កំឡោះ​របស់​គាត់​ថា ចូរ​បើក​ឲ្យ​នាង​រើស​យក​ក្នុង​គំនរ​កណ្តាប់​ស្រូវ​ផង​ចុះ កុំ​ឲ្យ​បន្ទោស​នាង​ឡើយ

16. ហើយ​ហូត​គួរ​ខ្លះ​ពី​កណ្តាប់​ចេញ ទុក​ឲ្យ​នាង​រើស កុំ​ឲ្យ​ស្តី​ថា​ដល់​នាង​ឡើយ។

សូមអានជំពូកពេញលេញ នាងរស់ 2