គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាងរស់ 1:7-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ដូច្នេះ​គាត់​ក៏​ចេញ​ពី​លំនៅ​ខ្លួន នាំ​ទាំង​កូន​ប្រសា​ស្រី​ទាំង​២ ដើរ​ទៅ​តាម​ផ្លូវ ដើម្បី​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​យូដា​វិញ

8. គាត់​និយាយ​ទៅ​កូន​ប្រសា​ទាំង​២​ថា ចូរ​ឯង​ត្រឡប់​ទៅ​ឯ​ផ្ទះ​ម្តាយ​ឯង​វិញ​រៀង​ខ្លួន​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ផ្តល់​សេចក្ដី​សប្បុរស​ដល់​ឯង ដូច​ជា​ឯង​បាន​ប្រព្រឹត្ត​នឹង​ខ្មោច​ប្ដី​ឯង ហើយ​នឹង​អញ​ដែរ

9. សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រោស​មេត្តា ឲ្យ​ឯង​បាន​សេចក្ដី​ស្រាក‌ស្រាន្ត នៅ​ក្នុង​ផ្ទះ​របស់​ប្ដី​១​ទៀត​រៀង​ខ្លួន​ចុះ រួច​គាត់​ក៏​ថើប​នាង​ទាំង​២ ហើយ​គេ​ឡើង​សំឡេង​យំ​ទាំង​អស់​គ្នា

10. តែ​នាង​ទាំង​២​ប្រកែក​ថា ទេ​យើង​ខ្ញុំ​នឹង​ទៅ​នៅ​ក្នុង​សាសន៍​របស់​អ្នក​ម្តាយ ជា​មួយ​នឹង​អ្នក​ម្តាយ​ដែរ

11. នោះ​ន៉ាអូមី​នាង​ឃាត់​ថា ចូរ​វិល​ទៅ​វិញ​ចុះ កូន​ស្រី​អើយ ហេតុ​អ្វី​បាន​ជា​ចង់​តាម​អញ​ទៅ​ធ្វើ​អី តើ​នៅ​មាន​កូន​ក្នុង​ពោះ​អញ​ទៀត ដែល​នឹង​ធ្វើ​ជា​ប្ដី​ដល់​ឯង​បាន​ឬ​អី

12. ចូរ​វិល​ទៅ​វិញ​ទៅ កូន​ស្រី​អើយ ដ្បិត​អញ​ចាស់​ហួស​កំណត់​នឹង​យក​ប្ដី​ហើយ បើ​សិន​ជា​អញ​និយាយ​ថា អញ​មាន​សង្ឃឹម​ហើយ បើ​អញ​មាន​ប្ដី​នៅ​យប់​នេះ​ឯង ហើយ​នឹង​បង្កើត​បាន​កូន​ប្រុស

13. នោះ​តើ​ឯង​នឹង​នៅ​ចាំ​ទាល់​តែ​វា​ធំ​ឡើង​ឬ​អី បើ​យ៉ាង​នោះ តើ​ឯង​នឹង​បង្អង់​នៅ​ឥត​មាន​ប្ដី​ឬ​អី កុំ​ឡើយ កូន​ស្រី​អើយ អញ​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ដោយ​ព្រោះ​ឯង ពី​ព្រោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា បាន​លូក​មក​ទាស់​នឹង​អញ​ហើយ

14. នោះ​គេ​ក៏​ឡើង​សំឡេង​យំ​ម្តង​ទៀត រួច​អ័រប៉ា​នាង​ថើប​លា​ម្តាយ​ទៅ តែ​នាង​រស់​នៅ​ជាប់​នឹង​គាត់​វិញ

15. រួច​គាត់​និយាយ​ទៅ​នាង​រស់​ថា មើល ប្អូន​ថ្លៃ​ឯង​បាន​ត្រឡប់​ទៅ​ឯ​សាសន៍ ហើយ​នឹង​ព្រះ​របស់​វា​វិញ​ហើយ ដូច្នេះ ចូរ​ឲ្យ​ឯង​វិល​ទៅ​តាម​ប្អូន​ថ្លៃ​ឯង​ចុះ

16. តែ​នាង​ឆ្លើយ​ថា សូម​កុំ​ទទូច​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្តាយ និង​វិល​ទៅ​វិញ លែង​តាម​អ្នក​ម្តាយ​នោះ​ឡើយ ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម ហើយ​កន្លែង​ដែល​អ្នក​ម្តាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ សាសន៍​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ

សូមអានជំពូកពេញលេញ នាងរស់ 1