គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាងរស់ 1:2-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. មនុស្ស​នោះ​ឈ្មោះ​អេលី‌ម៉ាលេច ប្រពន្ធ​ឈ្មោះ​ន៉ាអូមី ឯ​កូន​ទាំង​២ មួយ​ឈ្មោះ​ម៉ាឡូន ហើយ​១​ឈ្មោះ​គីលី‌យ៉ុន សុទ្ធ​តែ​ជា​ពួក​អេប្រាតា ដែល​នៅ​ក្រុង​បេថ្លេ‌ហិម-យូដា គេ​ក៏​ទៅ​ដល់​ស្រុក​ម៉ូអាប់ តាំង​ទី​លំនៅ​នៅ​ស្រុក​នោះ

3. ឯ​អេលី‌ម៉ាលេច ជា​ប្ដី​ន៉ាអូមី គាត់​ស្លាប់​ទៅ នៅ​សល់​តែ​នាង ហើយ​នឹង​កូន​ទាំង​២​នាក់

4. កូន​ទាំង​២​ក៏​យក​ប្រពន្ធ ពី​ពួក​ក្រមុំ​ស្រី​សាសន៍​ម៉ូអាប់​នោះ នាង​១​ឈ្មោះ​អ័រប៉ា ហើយ​១​ទៀត​ឈ្មោះ​នាង​រស់ ម៉ាឡូន និង​គីលី‌យ៉ុន​ក៏​នៅ​ស្រុក​នោះ​ប្រហែល​ជា​១០​ឆ្នាំ

5. រួច​គេ​ស្លាប់​ទៅ​ទាំង​២​នាក់ នៅ​សល់​តែ​ន៉ាអូមី​ម្នាក់​ឯង ឥត​ទាំង​កូន​ទាំង​ប្ដី​ផង។

6. ន៉ាអូមី និង​កូន​ប្រសា​ទាំង​២​ក៏​ប្រុង‌ប្រៀប ដើម្បី​នឹង​ចេញ​ពី​ស្រុក​ម៉ូអាប់​ត្រឡប់​វិល​ទៅ​វិញ ដ្បិត​នៅ​ក្នុង​ស្រុក​ម៉ូអាប់​នោះ គាត់​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​យាង​មក​ប្រោស​ប្រទាន​ឲ្យ​រាស្ត្រ​ទ្រង់​មាន​អាហារ

7. ដូច្នេះ​គាត់​ក៏​ចេញ​ពី​លំនៅ​ខ្លួន នាំ​ទាំង​កូន​ប្រសា​ស្រី​ទាំង​២ ដើរ​ទៅ​តាម​ផ្លូវ ដើម្បី​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​យូដា​វិញ

8. គាត់​និយាយ​ទៅ​កូន​ប្រសា​ទាំង​២​ថា ចូរ​ឯង​ត្រឡប់​ទៅ​ឯ​ផ្ទះ​ម្តាយ​ឯង​វិញ​រៀង​ខ្លួន​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ផ្តល់​សេចក្ដី​សប្បុរស​ដល់​ឯង ដូច​ជា​ឯង​បាន​ប្រព្រឹត្ត​នឹង​ខ្មោច​ប្ដី​ឯង ហើយ​នឹង​អញ​ដែរ

9. សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រោស​មេត្តា ឲ្យ​ឯង​បាន​សេចក្ដី​ស្រាក‌ស្រាន្ត នៅ​ក្នុង​ផ្ទះ​របស់​ប្ដី​១​ទៀត​រៀង​ខ្លួន​ចុះ រួច​គាត់​ក៏​ថើប​នាង​ទាំង​២ ហើយ​គេ​ឡើង​សំឡេង​យំ​ទាំង​អស់​គ្នា

10. តែ​នាង​ទាំង​២​ប្រកែក​ថា ទេ​យើង​ខ្ញុំ​នឹង​ទៅ​នៅ​ក្នុង​សាសន៍​របស់​អ្នក​ម្តាយ ជា​មួយ​នឹង​អ្នក​ម្តាយ​ដែរ

11. នោះ​ន៉ាអូមី​នាង​ឃាត់​ថា ចូរ​វិល​ទៅ​វិញ​ចុះ កូន​ស្រី​អើយ ហេតុ​អ្វី​បាន​ជា​ចង់​តាម​អញ​ទៅ​ធ្វើ​អី តើ​នៅ​មាន​កូន​ក្នុង​ពោះ​អញ​ទៀត ដែល​នឹង​ធ្វើ​ជា​ប្ដី​ដល់​ឯង​បាន​ឬ​អី

12. ចូរ​វិល​ទៅ​វិញ​ទៅ កូន​ស្រី​អើយ ដ្បិត​អញ​ចាស់​ហួស​កំណត់​នឹង​យក​ប្ដី​ហើយ បើ​សិន​ជា​អញ​និយាយ​ថា អញ​មាន​សង្ឃឹម​ហើយ បើ​អញ​មាន​ប្ដី​នៅ​យប់​នេះ​ឯង ហើយ​នឹង​បង្កើត​បាន​កូន​ប្រុស

13. នោះ​តើ​ឯង​នឹង​នៅ​ចាំ​ទាល់​តែ​វា​ធំ​ឡើង​ឬ​អី បើ​យ៉ាង​នោះ តើ​ឯង​នឹង​បង្អង់​នៅ​ឥត​មាន​ប្ដី​ឬ​អី កុំ​ឡើយ កូន​ស្រី​អើយ អញ​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ដោយ​ព្រោះ​ឯង ពី​ព្រោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា បាន​លូក​មក​ទាស់​នឹង​អញ​ហើយ

14. នោះ​គេ​ក៏​ឡើង​សំឡេង​យំ​ម្តង​ទៀត រួច​អ័រប៉ា​នាង​ថើប​លា​ម្តាយ​ទៅ តែ​នាង​រស់​នៅ​ជាប់​នឹង​គាត់​វិញ

សូមអានជំពូកពេញលេញ នាងរស់ 1