គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាងរស់ 1:10-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. តែ​នាង​ទាំង​២​ប្រកែក​ថា ទេ​យើង​ខ្ញុំ​នឹង​ទៅ​នៅ​ក្នុង​សាសន៍​របស់​អ្នក​ម្តាយ ជា​មួយ​នឹង​អ្នក​ម្តាយ​ដែរ

11. នោះ​ន៉ាអូមី​នាង​ឃាត់​ថា ចូរ​វិល​ទៅ​វិញ​ចុះ កូន​ស្រី​អើយ ហេតុ​អ្វី​បាន​ជា​ចង់​តាម​អញ​ទៅ​ធ្វើ​អី តើ​នៅ​មាន​កូន​ក្នុង​ពោះ​អញ​ទៀត ដែល​នឹង​ធ្វើ​ជា​ប្ដី​ដល់​ឯង​បាន​ឬ​អី

12. ចូរ​វិល​ទៅ​វិញ​ទៅ កូន​ស្រី​អើយ ដ្បិត​អញ​ចាស់​ហួស​កំណត់​នឹង​យក​ប្ដី​ហើយ បើ​សិន​ជា​អញ​និយាយ​ថា អញ​មាន​សង្ឃឹម​ហើយ បើ​អញ​មាន​ប្ដី​នៅ​យប់​នេះ​ឯង ហើយ​នឹង​បង្កើត​បាន​កូន​ប្រុស

13. នោះ​តើ​ឯង​នឹង​នៅ​ចាំ​ទាល់​តែ​វា​ធំ​ឡើង​ឬ​អី បើ​យ៉ាង​នោះ តើ​ឯង​នឹង​បង្អង់​នៅ​ឥត​មាន​ប្ដី​ឬ​អី កុំ​ឡើយ កូន​ស្រី​អើយ អញ​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ដោយ​ព្រោះ​ឯង ពី​ព្រោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា បាន​លូក​មក​ទាស់​នឹង​អញ​ហើយ

14. នោះ​គេ​ក៏​ឡើង​សំឡេង​យំ​ម្តង​ទៀត រួច​អ័រប៉ា​នាង​ថើប​លា​ម្តាយ​ទៅ តែ​នាង​រស់​នៅ​ជាប់​នឹង​គាត់​វិញ

15. រួច​គាត់​និយាយ​ទៅ​នាង​រស់​ថា មើល ប្អូន​ថ្លៃ​ឯង​បាន​ត្រឡប់​ទៅ​ឯ​សាសន៍ ហើយ​នឹង​ព្រះ​របស់​វា​វិញ​ហើយ ដូច្នេះ ចូរ​ឲ្យ​ឯង​វិល​ទៅ​តាម​ប្អូន​ថ្លៃ​ឯង​ចុះ

16. តែ​នាង​ឆ្លើយ​ថា សូម​កុំ​ទទូច​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្តាយ និង​វិល​ទៅ​វិញ លែង​តាម​អ្នក​ម្តាយ​នោះ​ឡើយ ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម ហើយ​កន្លែង​ដែល​អ្នក​ម្តាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ សាសន៍​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ

17. អ្នក​ម្តាយ​ស្លាប់​នៅ​កន្លែង​ណា នោះ​ខ្ញុំ​ក៏​ចង់​ស្លាប់​នៅ​កន្លែង​នោះ​ដែរ ព្រម​ទាំង​ឲ្យ​គេ​កប់​ខ្ញុំ​នៅ​ទី​នោះ​ផង បើ​សិន​ជា​ខ្ញុំ​ឃ្លាត​ចាក​ចេញ​ពី​អ្នក​ម្តាយ​ទៅ ដោយ​ហេតុ​អ្វី ក្រៅ​ពី​សេចក្ដី​ស្លាប់​តែ​មួយ នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រព្រឹត្ត​នឹង​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង

18. កាល​គាត់​ឃើញ​ថា នាង​ផ្តាច់​ចិត្ត​នឹង​ទៅ​តាម​ដូច្នោះ​ហើយ នោះ​គាត់​ក៏​លែង​និយាយ​ទៅ។

19. រួច​ទាំង​២​នាក់​ក៏​នាំ​គ្នា ទៅ​ដល់​ក្រុង​បេថ្លេ‌ហិម កាល​បាន​ចូល​ទៅ​ក្នុង​ក្រុង​បេថ្លេ‌ហិម​ហើយ នោះ​ពួក​អ្នក​ស្រុក​ទាំង​អស់​គ្នា ក៏​មាន​សេចក្ដី​រំជួល​ពី​ដំណើរ​គាត់ ដោយ​ពាក្យ​ថា នេះ​តើ​ជា​ន៉ាអូមី​មែន​ឬ​អី

20. គាត់​ឆ្លើយ​ថា កុំ​ហៅ​ខ្ញុំ​ថា​ន៉ាអូមី​ឡើយ ត្រូវ​ហៅ​ថា​ម៉ារ៉ា​វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីង​ណាស់

21. ខ្ញុំ​បាន​ចេញ​ទៅ​ទាំង​ពោរ‌ពេញ តែ​ព្រះ‌យេហូវ៉ា​បាន​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​វិល​មក​ដោយ​ទទេ​វិញ ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហៅ​ឈ្មោះ​ខ្ញុំ​ថា ន៉ាអូមី ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្ញុំ ហើយ​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា​បាន​ធ្វើ​ទុក​ខ្ញុំ​ដូច្នេះ

22. គឺ​យ៉ាង​នោះ​ហើយ ដែល​ន៉ាអូមី​បាន​វិល​ពី​ស្រុក​ម៉ូអាប់​មក​វិញ មាន​ទាំង​នាង​រស់ ជា​សាសន៍​ម៉ូអាប់ កូន​ប្រសា​ខ្លួន មក​ជា​មួយ​ផង គេ​មក​ដល់​ក្រុង​បេថ្លេ‌ហិម នៅ​ដើម​រដូវ​ចំរូត​ស្រូវ​ឱក។

សូមអានជំពូកពេញលេញ នាងរស់ 1