គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 88:1-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌យេហូវ៉ាជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូល‌បង្គំ​អើយទូល‌បង្គំ​បាន​អំពាវ‌នាវ​នៅ​ចំពោះ​ទ្រង់ ទាំង​យប់​ទាំង​ថ្ងៃ

2. សូម​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំបាន​ចូល​មក​នៅ​ចំពោះ​ទ្រង់សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​ទូល‌បង្គំ​ទូល‌អង្វរ​ផង

3. ដ្បិត​ព្រលឹង​នៃ​ទូល‌បង្គំ​មាន​ពេញ​ដោយ​សេចក្ដី​វេទនាជីវិត​នៃ​ទូល‌បង្គំ​ក៏​កាន់​តែ​ជិត​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់

4. គេ​រាប់​ទូល‌បង្គំ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​កំពុង​តែចុះ​ទៅ​ក្នុង​រណ្តៅទូល‌បង្គំ​ក៏​ដូច​ជា​មនុស្ស​ដែល​គ្មាន​កំឡាំង

5. ត្រូវ​បោះ‌បង់​ចោល​នៅ​កណ្តាល​ពួក​មនុស្ស​ស្លាប់​ហើយដូច​ជា​អ្នក​១​ដែល​ត្រូវ​គេ​កាប់​សំឡាប់ដែល​ដេក​នៅ​ក្នុង​ផ្នូរជា​អ្នក​ដែល​ទ្រង់​មិន​នឹក​ចាំ​ទៀត​សោះហើយ​ត្រូវ​កាត់​ចេញ​ពី​ព្រះ‌ហស្ត​ទ្រង់​ទៅ

6. ទ្រង់​បាន​ផ្តេក​ទូល‌បង្គំ​នៅ​ក្នុង​រណ្តៅ​ជ្រៅ​បំផុតគឺ​ក្នុង​ទី​ងងឹត នៅ​ទី​ជំរៅ

7. សេចក្ដី​ក្រោធ​របស់​ទ្រង់​កំពុង​តែ​សង្កត់​លើ​ទូល‌បង្គំ​ជា​ធ្ងន់ទ្រង់​បាន​ធ្វើ​ទុក្ខ​ទូល‌បង្គំ ដោយ​អស់​ទាំង​រលក​ទ្រង់។–បង្អង់

8. ៙ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​មិត្ត‌ភក្តិ​របស់​ទូល‌បង្គំ​ឃ្លាត​ឆ្ងាយ​ទៅក៏​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ត្រឡប់​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​គេទូល‌បង្គំ​ត្រូវ​បង្ខាំង​នៅ និង​ចេញ​មក​មិន​រួច

9. ភ្នែក​ទូល‌បង្គំ​ស្រវាំង​ទៅ ដោយ​សេចក្ដី​ទុក្ខ​ព្រួយឱ​ព្រះ‌យេហូវ៉ា​អើយទូល‌បង្គំ​បាន​ទូល‌អង្វរ​ដល់​ទ្រង់​រាល់​តែ​ថ្ងៃ​ជានិច្ចទូល‌បង្គំ​បាន​ប្រទូល​ដៃ​ចំពោះ​ទ្រង់

10. តើ​ទ្រង់​នឹង​សំដែង​ការ​អស្ចារ្យដល់​មនុស្ស​ដែល​ស្លាប់​ហើយ​ឬតើ​អ្នក​ដែល​ស្លាប់​នឹង​ងើប​ឡើង​សរសើរ​ដល់​ទ្រង់​ដែរ​ឬ។–បង្អង់

11. ៙ តើ​នឹង​មាន​គេ​ថ្លែង​ពី​សេចក្ដី​សប្បុរស​ទ្រង់​នៅ​ក្នុង​ផ្នូរឬ​ពី​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់ នៅ​ទី​ហិន‌វិនាស​ដែរ​អី

12. តើ​នឹង​មាន​អ្នក​ណា​ស្គាល់​ការ​អស្ចារ្យ​របស់​ទ្រង់នៅ​ក្នុង​ទី​ងងឹតឬ​សេចក្ដី​សុចរិត​ទ្រង់​នៅ​ស្ថាន​ភ្លេច​ភ្លាំង​បាន​ឬ​ទេ

13. ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់នៅ​ពេល​ព្រឹក​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំនឹង​មក​ចំពោះ​ទ្រង់

14. ឱ​ព្រះ‌យេហូវ៉ា​អើយហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ‌បង់​ព្រលឹង​នៃ​ទូល‌បង្គំ​ចោលម្តេច​ក៏​ទ្រង់​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូល‌បង្គំ​ដូច្នេះ

15. ទូល‌បង្គំ​មាន​ទុក្ខ​វេទនាហើយ​ប្រុង‌ប្រៀប​នឹង​ស្លាប់ តាំង​តែ​ពី​ក្មេង​មកកាល​ទូល‌បង្គំ​កំពុង​តែ​រង​ទ្រាំ​អស់​ទាំង​សេចក្ដី​ស្ញែង​ខ្លាចរបស់​ទ្រង់ នោះ​ទូល‌បង្គំ​មាន​ចិត្ត​ស្ពឹក​ស្រពន់

16. សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់​បាន​ហូរ​គ្របលើ​ទូល‌បង្គំ​ហើយសេចក្ដី​ស្ញែង​ខ្លាច​របស់​ទ្រង់​បាន​កាត់​ទូល‌បង្គំ​ចេញ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 88