គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 78:61-72 ព្រះគម្ពីរបរិសុទ្ធ (KHOV)

61. ទ្រង់​ក៏​ប្រគល់​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ឲ្យ​ទៅ​ជា​ឈ្លើយហើយ​សិរី‌ល្អ​ទ្រង់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ

62. ទ្រង់​បាន​ប្រគល់​រាស្ត្រ​ទ្រង់​ដល់​អំណាច​ដាវ​ដែរហើយ​មាន​សេចក្ដី​ក្រោធ​ចំពោះ​មរដក​ទ្រង់

63. មាន​ភ្លើង​ឆេះ​បំផ្លាញ​ពួក​កំឡោះ​គេឯ​ពួក​ក្រមុំ​របស់​គេ ឥត​មាន​អ្នក​ណា​ដណ្តឹង​ឡើយ

64. ពួក​សង្ឃ​របស់​គេ​ក៏​ដួល​ស្លាប់​ដោយ​ដាវតែ​ប្រពន្ធ​របស់​គេ​មិន​បាន​យំ​សោក​សោះ។

65. ៙ គ្រា​នោះ ព្រះ‌អម្ចាស់​ទ្រង់​តើន​ឡើងដូច​ជា​មនុស្ស​ដែល​ភ្ញាក់​ពី​ដេក​លក់គឺ​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​ស្រែក​ហ៊ោដោយ​អំណាច​ស្រា​ទំពាំង‌បាយ‌ជូរ

66. រួច​ទ្រង់​វាយ​ពួក​ដែល​ត‌តាំង​នឹង​ទ្រង់ ឲ្យ​ថយ​ក្រោយទ្រង់​ឲ្យ​គេ​មាន​សេចក្ដី​ខ្មាស​នៅ​ជានិច្ច

67. មួយ​ទៀត ទ្រង់​មិន​បាន​ទទួល​ត្រសាល​របស់ពួក​យ៉ូសែប​ឡើយក៏​មិន​បាន​រើស​ពូជ​អំបូរ​អេប្រា‌អិម​ដែរ

68. គឺ​ទ្រង់​បាន​រើស​ពូជ​អំបូរ​យូដា និង​ភ្នំ​ស៊ីយ៉ូនដែល​ទ្រង់​ស្រឡាញ់​នោះ​វិញ

69. ទ្រង់​ក៏​ស្អាង​ទី​បរិសុទ្ធ​នៃ​ទ្រង់ ដូច​ជា​អស់​ទាំង​កំពូល​ខ្ពស់គឺ​ដូច​ជា​ផែនដី​ដែល​ទ្រង់​បាន​តាំង​ឲ្យ​ជាប់ជា​ដរាប​នោះ​ផង។

70. ៙ ទ្រង់​ក៏​រើស​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់ហើយ​នាំ​យក​លោក​ចេញ​ពី​ក្រោល​ចៀម​មក

71. គឺ​ទ្រង់​នាំ​យក​លោក​ពី​ការ​ឃ្វាល​មេ​ចៀម​ដែល​មាន​កូនដើម្បី​ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​ពួក​យ៉ាកុប ជា​រាស្ត្រ​ទ្រង់គឺ​ពួក​អ៊ីស្រា‌អែល​ដែល​ជា​មរដក​របស់​ទ្រង់​វិញ

72. ដូច្នេះ លោក​ក៏​ធ្វើ​ជា​អ្នក​គង្វាល​ឃ្វាល​គេដោយ​ចិត្ត​ទៀង​ត្រង់ព្រម​ទាំង​នាំ​ផ្លូវ​គេ ដោយ​ថ្វី‌ដៃ​ដ៏​ជំនាញ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 78