គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 51:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌អង្គ​អើយសូម​អាណិត​មេត្តា​ដល់​ទូល‌បង្គំតាម​សេចក្ដី​សប្បុរស​របស់​ទ្រង់ហើយ​សូម​លុប​សេចក្ដី​រំលង​របស់​ទូល‌បង្គំ​ចេញដោយ​សេចក្ដី​មេត្តា‌ករុណា​ដ៏​បរិបូរ​របស់​ទ្រង់

2. សូម​លាង​ទូល‌បង្គំ​ឲ្យ​យ៉ាង​ស្អាតពី​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ​ផងសូម​សំអាត​អំពើ​បាប​របស់​ទូល‌បង្គំ​ផង

3. ដ្បិត​ទូល‌បង្គំ​ទទួល​ស្គាល់​អំពើ​រំលង​របស់​ទូល‌បង្គំ​ហើយឯ​អំពើ​បាប​របស់​ទូល‌បង្គំនោះ​ក៏​នៅ​ចំពោះ​មុខ​ទូល‌បង្គំ​ជានិច្ច

4. ទូល‌បង្គំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយគឺ​នឹង​ទ្រង់​តែ​១​ព្រះ‌អង្គព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​អាក្រក់​នៅ​ព្រះ‌នេត្រ​ទ្រង់​ផងទូល‌បង្គំ​ទទួល​ស្គាល់​អំពើ​ទាំង​នោះដើម្បី​ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិតក្នុង​កាល​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូលហើយ​ឲ្យ​បាន​ឥត​សៅ‌ហ្មង ក្នុង​កាល​ដែល​ទ្រង់​ជំនុំ‌ជំរះ

5. មើល ទូល‌បង្គំ​បាន​កើត​មក​ក្នុង​សេចក្ដី​ទុច្ចរិតហើយ​ម្តាយ​ទូល‌បង្គំ​បាន​មាន​ទំងន់បង្កើត​ទូល‌បង្គំ​នៅ​ក្នុង​អំពើ​បាប​ដែរ

6. មើល ទ្រង់​ប្រាថ្នា​ចង់​បាន​សេចក្ដី​ពិត​នៅ​ចំណែក​ខាង​ក្នុងហើយ​គឺ​នៅ​ទី​លាក់​កំបាំង​ខាង​ក្នុង ដែល​ទ្រង់​នឹង​ធ្វើឲ្យ​ទូល‌បង្គំ​ស្គាល់​ប្រាជ្ញា​ដែរ

7. សូម​ជំរះ​ទូល‌បង្គំ​ដោយ​មែក​ហ៊ីសុបនោះ​ទូល‌បង្គំ​នឹង​បាន​ជ្រះ​ស្អាតសូម​ដុស​លាង​ទូល‌បង្គំ នោះ​នឹង​បាន​ស​ជាង​ហិមៈ

8. សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​សេចក្ដី​អំណរ និង​សេចក្ដី​រីក‌រាយនោះ​អស់​ទាំង​ឆ្អឹង​ដែល​ទ្រង់​បាន​បំបាក់​បំបែកនឹង​បាន​អរ​សប្បាយ​វិញ

9. សូម​បាំង​ព្រះ‌ភក្ត្រ​ទ្រង់​ចេញ​ពី​អំពើ​បាប​របស់​ទូល‌បង្គំហើយ​លុប​គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ​ចេញ

10. ឱ​ព្រះ‌អង្គ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ទូល‌បង្គំហើយ​កែ​វិញ្ញាណ​ក្នុង​ទូល‌បង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង

11. សូម​កុំ​ចោល​ទូល‌បង្គំ​ចេញ​ពី​ចំពោះ​ទ្រង់ហើយ​កុំ​ដក​យក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ចេញ​ពី​ទូល‌បង្គំ​ឡើយ

12. សូម​ឲ្យ​ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ​ចំពោះ​សេចក្ដី​សង្គ្រោះនៃ​ទ្រង់​ឡើង​វិញហើយ​ទប់‌ទល់​ទូល‌បង្គំ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏​សទ្ធា​នៃ​ទ្រង់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 51