គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 44:10-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ទ្រង់​បណ្តាល​ឲ្យ​ពួក​យើង​ខ្ញុំ​បែរ​ខ្នង​ចំពោះ​ពួក​ខ្មាំង​សត្រូវហើយ​ពួក​អ្នក​ដែល​ស្អប់​យើង​ខ្ញុំគេ​រឹប​ជាន់​យក​របឹប​ទៅ​សំរាប់​ខ្លួន​គេ

11. ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាន​ដូច​ជា​ចៀម​ដែល​សំរាប់​ធ្វើ​សាច់ក៏​បាន​កំចាត់‌កំចាយ​យើង​ខ្ញុំ​ទៅ​នៅ​គ្រប់​ទាំង​សាសន៍​ដទៃ

12. ទ្រង់​លក់​រាស្ត្រ​ទ្រង់​ឥត​យក​ថ្លៃហើយ​មិន​បាន​ចំរើន​ទ្រព្យ​ដោយ‌សារ​ដំឡៃ​របស់​គេ​ទេ។

13. ៙ ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រឡប់​ជា​សេចក្ដី​ដំនៀលចំពោះ​ពួក​អ្នក​ជិត​ខាងជា​ទី​ឡក‌ឡឺយហើយ​ជា​ទី​សំណើច​ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ

14. ក៏​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​សេចក្ដី​ប្រៀប‌ធៀប​នៅ​គ្រប់​ទាំង​នគរហើយ​ជា​ទី​គួរ​គ្រវី​ក្បាល​នៅ​គ្រប់​សាសន៍​ដទៃ​ផង

15. សេចក្ដី​អាប់‌យស​របស់​ទូល‌បង្គំ​នៅ​មុខ​ទូល‌បង្គំ​ជានិច្ចហើយ​ភាព​ខ្មាស​នៃ​មុខ​ទូល‌បង្គំ ក៏​គ្រប​ទូល‌បង្គំ​ដែរ

16. ដោយ​ព្រោះ​សំឡេង​នៃ​ពួក​អ្នក​ដែល​ប្រមាថ​មើល‌ងាយហើយ​ពួក​ខ្មាំង​សត្រូវ និង​ពួក​អ្នក​ដែល​សង​សឹង​ផង។

17. ៙ ការ​ទាំង​នោះ​បាន​កើត​ដល់​យើង​ខ្ញុំ​ហើយប៉ុន្តែ​យើង​ខ្ញុំ​មិន​បាន​ភ្លេច​ទ្រង់​ឡើយក៏​មិន​បាន​ក្បត់​សេចក្ដី​សញ្ញា​ទ្រង់​ដែរ

18. ចិត្ត​យើង​ខ្ញុំ​មិន​បាន​ថយ​ត្រឡប់​ទេជំហាន​នៃ​យើង​ខ្ញុំ​ក៏​មិន​បាន​ទាស​ចេញ​ពី​ផ្លូវ​ទ្រង់​ដែរ

19. ទោះ​បើ​ទ្រង់​បាន​បំបាក់​បំបែក​យើង​ខ្ញុំ​នៅ​ទី​របស់​ឆ្កែ​ព្រៃហើយ​គ្រប​យើង​ខ្ញុំ ដោយ​ម្លប់​នៃ​សេចក្ដី​ស្លាប់​ក៏​ដោយ។

20. ៙ បើ​យើង​ខ្ញុំ​បាន​ភ្លេច​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង​ខ្ញុំឬ​ប្រទូល​ដៃ​ទៅ​ឯ​ព្រះ​ដទៃ​ណា​មួយ

21. នោះ​តើ​ព្រះ​មិន​ស៊ើប​រក​ឲ្យ​ឃើញ​ទេ​ឬ​អីដ្បិត​ទ្រង់​ជ្រាប​ទាំង​សេចក្ដី​លាក់​កំបាំង​នៅ​ក្នុង​ចិត្ត​ផង

22. យើង​ខ្ញុំ​ត្រូវ​គេ​សំឡាប់ ជា​ដរាប​រាល់​ថ្ងៃដោយ​ព្រោះ​ទ្រង់ហើយ​ក៏​រាប់​ទុក​ដូច​ជា​ចៀម​ដែល​សំរាប់​សំឡាប់។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 44