គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 35:11-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. មាន​សាក្សី​កោង​លើក​គ្នា​ឡើងគេ​ចោទ​សួរ​ពី​រឿង​ដែល​ទូល‌បង្គំ​មិន​ដឹង

12. គេ​ប្រព្រឹត្ត​ការ​អាក្រក់​ដល់​ទូល‌បង្គំ ស្នង​នឹង​ការ​ល្អដើម្បី​ឲ្យ​ព្រលឹង​ទូល‌បង្គំ​ត្រូវ​នៅ​តែ​ឯង

13. តែ​ឯ​ទូល‌បង្គំ កាល​គេ​បាន​ឈឺ នោះ​ទូល‌បង្គំ​បាន​ស្លៀក‌ពាក់​សំពត់​ធ្មៃទូល‌បង្គំ​បាន​សំដែង​សេចក្ដី​ទុក្ខ ដោយ​តម​អត់​អាហារហើយ​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំបាន​ត្រឡប់​ចូល​មក​ក្នុង​ទ្រូង​ខ្លួន​វិញ

14. ទូល‌បង្គំ​បាន​ប្រព្រឹត្ត បែប​ដូច​ជា​អ្នក​នោះ​ជា​សំឡាញ់ឬ​ជា​បង​ប្អូនទូល‌បង្គំ​បាន​ឱន​ខ្លួន​ដោយ​សេចក្ដី​សោកដូច​ជា​អ្នក​ដែល​កាន់​ទុក្ខ​ចំពោះ​ម្តាយ

15. តែ​ក្នុង​គ្រា​ដែល​ទូល‌បង្គំ​កើត​មាន​សេចក្ដី​ទំនាស់​ចិត្តនោះ​គេ​បាន​អរ​សប្បាយ​វិញ ព្រម​ទាំង​ប្រជុំ​គ្នា​ផងមនុស្ស​ចង្រៃ​នោះ គេ​ប្រជុំ​គ្នា​ទាស់​នឹង​ទូល‌បង្គំតែ​ទូល‌បង្គំ​មិន​បាន​ដឹង​ខ្លួន​សោះ គេ​បាន​ហែក​ទូល‌បង្គំ​ឥត​ឈប់‌ឈរ

16. គេ​បាន​សំញែង​ធ្មេញ​ដាក់​ទូល‌បង្គំដូច​ជា​ពួក​អ្នក​មាន​ពុត ដែល​ប្រមាថក្នុង​ពេល​លៀង‌លោម​គ្នា

17. ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​នឹង​ព្រងើយ​ចំពោះ​គេដល់​កាល​ណា​ទៀតសូម​ដោះ​ព្រលឹង​ទូល‌បង្គំ​ឲ្យ​រួច​ពី​ការ​បំផ្លាញ​របស់​គេហើយ​ដួង​ជីវិត​នៃ​ទូល‌បង្គំ​ឲ្យ​រួច​ពី​សិង្ហ

18. ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ នៅ​ក្នុង​ពួក​ជំនុំ​ធំទូល‌បង្គំ​នឹង​សរសើរ​ដល់​ទ្រង់ នៅ​កណ្តាល​មហា‌ជន

19. សូម​កុំ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំមាន​សេចក្ដី​អំណរ ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយក៏​កុំ​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំ ដោយ​ឥត​ហេតុបាន​មិច​ភ្នែក​ដាក់​គ្នា​ដែរ

20. ដ្បិត​គេ​មិន​និយាយ​ដោយ​សេចក្ដី​មេត្រី​ទេគឺ​គេ​គិត​តែ​បង្កើត​សេចក្ដី​ភូត‌ភរចំពោះ​មនុស្ស​ស្ងប់​រំងាប់​នៅ​ក្នុង​ស្រុក​វិញ

21. អើ គេ​ហា​មាត់​ធំ​ទាស់​នឹង​ទូល‌បង្គំ ដោយ​ថាន៏ ន៏ ភ្នែក​យើង​បាន​ឃើញ​ច្បាស់​ហើយ

22. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឃើញ​ដែរសូម​កុំ​នៅ​ស្ងៀម​ឡើយឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឲ្យ​សោះ

23. សូម​ទ្រង់​រឭក​ឡើង ហើយ​តើន​មក​វិនិច្ឆ័យ​ទូល‌បង្គំដោយ​យុត្តិ‌ធម៌ឱ​ព្រះ​ដ៏​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយសូម​វិនិច្ឆ័យ​រឿង​ក្តី​នៃ​ទូល‌បង្គំ​ផង

24. ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយសូម​វិនិច្ឆ័យ​ទូល‌បង្គំ​តាម​សេចក្ដី​សុចរិត​របស់​ទ្រង់សូម​កុំ​ឲ្យ​គេ​មាន​សេចក្ដី​អំណរដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ

25. កុំ​ឲ្យ​គេ​គិត​ក្នុង​ចិត្ត​ថា ន៍ សម​ដូច​យើង​ប្រាថ្នា​ហើយកុំ​ឲ្យ​គេ​ថា យើង​បាន​លេប​វា​បាត់​ហើយ

26. ឯ​អស់​អ្នក​ដែល​អរ​សប្បាយដោយ​សេចក្ដី​អន្តរាយ​របស់​ទូល‌បង្គំនោះ​សូម​ឲ្យ​គេ​ទៅ​ជា​មាន​សេចក្ដី​ខ្មាស ហើយ​ជ្រប់​មុខ​ចុះឯ​អស់​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំនោះ​សូម​ឲ្យ​គេ​ហ៊ុមហ ដោយ​សេចក្ដី​ខ្មាសនិង​អាប់‌យស​ទៅ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 35