គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 31:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ពឹង​ជ្រក​ក្នុង​ទ្រង់សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយសូម​ជួយ​ទូល‌បង្គំ​ឲ្យ​រួច ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់

2. សូម​ផ្ទៀង​ព្រះ‌កាណ៌​មក​ស្តាប់​ទូល‌បង្គំហើយ​ជួយ​ឲ្យ​ទូល‌បង្គំ​រួច​ជា​ប្រញាប់សូម​ទ្រង់​ធ្វើ​ជា​ថ្មដា​មាំ‌មួន​ដល់​ទូល‌បង្គំគឺ​ជា​បន្ទាយ​សំរាប់​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ផង

3. ដ្បិត​ទ្រង់​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូល‌បង្គំ​ពិតហេតុ​នោះ សូម​ទ្រង់​នាំ ហើយ​ដំរង់​ទូល‌បង្គំដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់

4. សូម​ទ្រង់​ដោះ​ទូល‌បង្គំ​ចេញ​ពី​អន្ទាក់ ដែល​គេ​បាន​ដាក់ដោយ​លួច​លាក់ ដើម្បី​នឹង​ចាប់​ទូល‌បង្គំដ្បិត​ទ្រង់​ជា​ទី​ពឹង​របស់​ទូល‌បង្គំ​ហើយ

5. ទូល‌បង្គំ​ប្រគល់​ព្រលឹង​វិញ្ញាណ​នៅ​ក្នុង​ព្រះ‌ហស្ត​ទ្រង់ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សេចក្ដី​ពិត​អើយទ្រង់​បាន​លោះ​ទូល‌បង្គំ​ទុក

6. ទូល‌បង្គំ​ស្អប់​ចំពោះ​អស់​អ្នកដែល​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ភូត‌ភរឯ​ទូល‌បង្គំ​វិញ បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា

7. ទូល‌បង្គំ​នឹង​មាន​ចិត្ត​អំណរ ហើយ​រីក‌រាយដោយ​សេចក្ដី​សប្បុរស​របស់​ទ្រង់ដ្បិត​ទ្រង់​បាន​ឃើញ​សេចក្ដី​វេទនា​របស់​ទូល‌បង្គំ​ហើយក៏​បាន​ជ្រាប​ពី​សេចក្ដី​ថប់​ព្រួយ​ក្នុង​ព្រលឹង​ទូល‌បង្គំ​ដែរ

8. ទ្រង់​មិន​បាន​ឃុំ‌ឃាំង​ទូល‌បង្គំនៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទេគឺ​ទ្រង់​បាន​ដាក់​ជើង​ទូល‌បង្គំ ឲ្យ​នៅ​ទី​ធំ​ទូលាយ​វិញ

9. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​មេត្តា​ចំពោះ​ទូល‌បង្គំដ្បិត​ទូល‌បង្គំ​មាន​សេចក្ដី​ទុក្ខ​លំបាកភ្នែក​ទូល‌បង្គំ​កាន់​តែ​ខ្សោយ​ទៅដោយ​សេចក្ដី​សោយ​សោកព្រម​ទាំង​ចិត្ត និង​ខ្លួន​ប្រាណ​នៃ​ទូល‌បង្គំ​ផង

10. ដ្បិត​ជីវិត​ទូល‌បង្គំ​នឹង​ផុត​ទៅ ដោយ​សេចក្ដី​ទុក្ខ​ព្រួយហើយ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​ទូល‌បង្គំ ដោយ​ដំងូរ​ផងកំឡាំង​នៃ​ទូល‌បង្គំ​ចេះ​តែ​ខ្សោយ​ទៅដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​នៃ​ទូល‌បង្គំហើយ​អស់​ទាំង​ឆ្អឹង​ទូល‌បង្គំ​ក៏​ខ្សោះ​ទៅ​ដែរ

11. ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​ដៀល‌ត្មះដោយ​ព្រោះ​ពួក​តតាំង​នឹង​ទូល‌បង្គំអើ ដល់​ទាំង​ពួក​អ្នក​ជិត​ខាង​នៃ​ទូល‌បង្គំ​ជា​ខ្លាំងហើយ​ជា​សេចក្ដី​គួរ​ខ្លាច​ដល់​ពួក​ដែល​ធ្លាប់​ស្គាល់ទូល‌បង្គំ​ផងពួក​អ្នក​ដែល​បាន​ឃើញ​ទូល‌បង្គំ​នៅ​ខាង​ក្រៅនោះ​ក៏​រត់​ចេញ​ពី​មុខ​ទូល‌បង្គំ​ទៅ

12. មនុស្ស​បាន​ភ្លេច​ទូល‌បង្គំ​បង់ ដូច​ជា​គេ​លែង​នឹក​ពីមនុស្ស​ណា​ដែល​ស្លាប់​បាត់​ហើយទូល‌បង្គំ​ក៏​ដូច​ជា​ឆ្នាំង​ដែល​បែក​ធ្លាយ​ដែរ

13. ដ្បិត​ទូល‌បង្គំ​បាន​ឮ​ពាក្យ​បង្កាច់​របស់​មនុស្ស​ជា​ច្រើនមាន​សេចក្ដី​ស្ញែង​ខ្លាច​នៅ​គ្រប់​ជុំវិញហើយ​កំពុង​ដែល​គេ​ពិគ្រោះ​គ្នា​ទាស់​នឹង​ទូល‌បង្គំនោះ​ក៏​បង្កើត​កិច្ច‌កល​នឹង​ដក​ជីវិត​ទូល‌បង្គំ​ចេញ

14. តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​ទុក​ចិត្ត​ដល់​ទ្រង់ទូល‌បង្គំ​បាន​ថា ទ្រង់​ជា​ព្រះ​នៃ​ទូល‌បង្គំ

15. ឯ​ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ សុទ្ធ​តែ​នៅ​ក្នុង​ព្រះ‌ហស្ត​ទ្រង់សូម​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សត្រូវរបស់​ទូល‌បង្គំហើយ​ពី​អស់​អ្នក​ដែល​បៀត‌បៀន​ដល់​ទូល‌បង្គំ​ដែរ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 31