1. ឱព្រះយេហូវ៉ាអើយ ទូលបង្គំពឹងជ្រកក្នុងទ្រង់សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយសូមជួយទូលបង្គំឲ្យរួច ដោយសេចក្ដីសុចរិតរបស់ទ្រង់
2. សូមផ្ទៀងព្រះកាណ៌មកស្តាប់ទូលបង្គំហើយជួយឲ្យទូលបង្គំរួចជាប្រញាប់សូមទ្រង់ធ្វើជាថ្មដាមាំមួនដល់ទូលបង្គំគឺជាបន្ទាយសំរាប់ជួយសង្គ្រោះទូលបង្គំផង
3. ដ្បិតទ្រង់ជាថ្មដា ហើយជាបន្ទាយនៃទូលបង្គំពិតហេតុនោះ សូមទ្រង់នាំ ហើយដំរង់ទូលបង្គំដោយយល់ដល់ព្រះនាមទ្រង់
4. សូមទ្រង់ដោះទូលបង្គំចេញពីអន្ទាក់ ដែលគេបានដាក់ដោយលួចលាក់ ដើម្បីនឹងចាប់ទូលបង្គំដ្បិតទ្រង់ជាទីពឹងរបស់ទូលបង្គំហើយ
5. ទូលបង្គំប្រគល់ព្រលឹងវិញ្ញាណនៅក្នុងព្រះហស្តទ្រង់ឱព្រះយេហូវ៉ា ជាព្រះនៃសេចក្ដីពិតអើយទ្រង់បានលោះទូលបង្គំទុក
6. ទូលបង្គំស្អប់ចំពោះអស់អ្នកដែលយកចិត្តទុកដាក់នឹងសេចក្ដីភូតភរឯទូលបង្គំវិញ បានពឹងដល់ព្រះយេហូវ៉ា
7. ទូលបង្គំនឹងមានចិត្តអំណរ ហើយរីករាយដោយសេចក្ដីសប្បុរសរបស់ទ្រង់ដ្បិតទ្រង់បានឃើញសេចក្ដីវេទនារបស់ទូលបង្គំហើយក៏បានជ្រាបពីសេចក្ដីថប់ព្រួយក្នុងព្រលឹងទូលបង្គំដែរ
8. ទ្រង់មិនបានឃុំឃាំងទូលបង្គំនៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទេគឺទ្រង់បានដាក់ជើងទូលបង្គំ ឲ្យនៅទីធំទូលាយវិញ
9. ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាចំពោះទូលបង្គំដ្បិតទូលបង្គំមានសេចក្ដីទុក្ខលំបាកភ្នែកទូលបង្គំកាន់តែខ្សោយទៅដោយសេចក្ដីសោយសោកព្រមទាំងចិត្ត និងខ្លួនប្រាណនៃទូលបង្គំផង
10. ដ្បិតជីវិតទូលបង្គំនឹងផុតទៅ ដោយសេចក្ដីទុក្ខព្រួយហើយអស់ទាំងឆ្នាំនៃអាយុទូលបង្គំ ដោយដំងូរផងកំឡាំងនៃទូលបង្គំចេះតែខ្សោយទៅដោយព្រោះសេចក្ដីទុច្ចរិតនៃទូលបង្គំហើយអស់ទាំងឆ្អឹងទូលបង្គំក៏ខ្សោះទៅដែរ
11. ទូលបង្គំបានត្រឡប់ជាទីដៀលត្មះដោយព្រោះពួកតតាំងនឹងទូលបង្គំអើ ដល់ទាំងពួកអ្នកជិតខាងនៃទូលបង្គំជាខ្លាំងហើយជាសេចក្ដីគួរខ្លាចដល់ពួកដែលធ្លាប់ស្គាល់ទូលបង្គំផងពួកអ្នកដែលបានឃើញទូលបង្គំនៅខាងក្រៅនោះក៏រត់ចេញពីមុខទូលបង្គំទៅ