គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 119:94-110 ព្រះគម្ពីរបរិសុទ្ធ (KHOV)

94. ទូល‌បង្គំ​ជា​របស់​ផង​ទ្រង់​ហើយសូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ផងដ្បិត​ទូល‌បង្គំ​បាន​ស្វែង​រក​បញ្ញត្ត​ទ្រង់

95. ពួក​មនុស្ស​អាក្រក់​គេ​បាន​រង់‌ចាំ​នឹង​ធ្វើ​ឲ្យ​ទូល‌បង្គំ​វិនាសតែ​ទូល‌បង្គំ​នឹង​ពិចារណា​សេចក្ដី​បន្ទាល់​របស់​ទ្រង់

96. ទូល‌បង្គំ​បាន​ឃើញ​ចុង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍​ហើយតែ​សេចក្ដី​បង្គាប់​របស់​ទ្រង់​ធំ​ទូលាយ​លើស​ទៅ​ទៀត។

97. ៙ ឱ​ទូល‌បង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎ទូល‌បង្គំ​រំពឹង​គិត​ពី​ក្រឹត្យ‌វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ

98. សេចក្ដី​បង្គាប់​របស់​ទ្រង់ ក៏​ធ្វើ​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញាលើស​ជាង​ខ្មាំង​សត្រូវដ្បិត​បាន​នៅ​ជាប់​ជា​មួយ​នឹង​ទូល‌បង្គំ​ជា​ដរាប

99. ទូល‌បង្គំ​មាន​យោបល់​ជាង​អស់​ទាំង​គ្រូ​របស់​ទូល‌បង្គំ​ទៅ​ទៀតដ្បិត​សេចក្ដី​បន្ទាល់​ទ្រង់​ជា​ទី​នឹក​រំពឹង​របស់​ទូល‌បង្គំ

100. ទូល‌បង្គំ​យល់​បាន​ច្រើន​ជាង​ពួក​ចាស់ៗពី​ព្រោះ​ទូល‌បង្គំ​បាន​រក្សា​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់

101. ទូល‌បង្គំ​បាន​បង្ខាំង​ជើង​ឲ្យ​វៀរ‌ចាក​ពី​ផ្លូវ​អាក្រក់ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់

102. ទូល‌បង្គំ​មិន​បាន​បែរ​ចេញ​ពី​ច្បាប់​ទ្រង់​ឡើយដ្បិត​ទ្រង់​បាន​បង្រៀន​ទូល‌បង្គំ

103. ព្រះ‌បន្ទូល​នៃ​ទ្រង់​ផ្អែម​នៅ​អណ្តាត​ទូល‌បង្គំ​ណាស់​ហ្ន៎អើ ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដល់​មាត់​ទូល‌បង្គំ​ទៅ​ទៀត

104. ទូល‌បង្គំ​បាន​មាន​យោបល់​ដោយ‌សារ​បញ្ញត្ត​ទ្រង់ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​ស្អប់​ដល់​អស់​ទាំង​ផ្លូវ​កំភូត។

105. ៙ ព្រះ‌បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល‌បង្គំហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូល‌បង្គំ​ផង

106. ទូល‌បង្គំ​បាន​ស្បថ​ហើយ ក៏​នឹង​សំរេច​តាម​ថាទូល‌បង្គំ​នឹង​កាន់​តាម​បញ្ញត្ត​ដ៏​សុចរិត​របស់​ទ្រង់

107. ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ​ជា​ច្រើន​ណាស់ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ឲ្យ​ទូល‌បង្គំ​មានកំឡាំង​ឡើង តាម​ព្រះ‌បន្ទូល​ទ្រង់

108. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សូម​អង្វរ​ឲ្យ​ទ្រង់​ទទួលដង្វាយ​នៃ​មាត់​ទូល‌បង្គំ ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្តហើយ​សូម​បង្រៀន​អស់​ទាំង​ច្បាប់​ទ្រង់​ដល់​ទូល‌បង្គំ​ផង

109. ជីវិត​នៃ​ទូល‌បង្គំ​មាន​អន្តរាយ​ឥត​ឈប់‌ឈរតែ​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ឡើយ

110. ពួក​មនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់ ចង់​ចាប់​ទូល‌បង្គំប៉ុន្តែ ទូល‌បង្គំ​មិន​បាន​វង្វេង​ចេញ​ពី​បញ្ញត្ត​ទ្រង់​ទេ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 119