គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 119:132-149 ព្រះគម្ពីរបរិសុទ្ធ (KHOV)

132. សូម​ទ្រង់​បែរ​មក​មាន​សេចក្ដី​អាណិត​មេត្តាដល់​ទូល‌បង្គំដូច​ជា​ទ្រង់​តែង​ធ្លាប់​ធ្វើ​ដល់​អស់​អ្នកដែល​ស្រឡាញ់​ព្រះ‌នាម​ទ្រង់

133. សូម​តាំង​ជំហាន​នៃ​ទូល‌បង្គំ​ឲ្យ​ដើរ​តាម​ព្រះ‌បន្ទូល​ទ្រង់សូម​កុំ​ឲ្យ​សេចក្ដី​ទុច្ចរិត​ណា​មាន​អំណាចលើ​ទូល‌បង្គំ​ឡើយ

134. សូម​លោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិនរបស់​មនុស្សនោះ​ទូល‌បង្គំ​នឹង​កាន់​តាម​បញ្ញត្ត​ទ្រង់

135. សូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​លើ​អ្នក​បំរើ​ទ្រង់ហើយ​បង្រៀន​អស់​ទាំង​បញ្ញត្ត​ទ្រង់​ដល់​ទូល‌បង្គំ​ផង

136. ទឹក​ភ្នែក​ទូល‌បង្គំ​ហូរ​រហាមពី​ព្រោះ​គេ​មិន​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ទ្រង់។

137. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​សុចរិតហើយ​សេចក្ដី​វិនិច្ឆ័យ​របស់​ទ្រង់​ក៏​សុទ្ធ​តែ​ទៀង​ត្រង់

138. ទ្រង់​បាន​តាំង​សេចក្ដី​បន្ទាល់​របស់​ទ្រង់​នៅ​លើសេចក្ដី​យុត្តិ‌ធម៌ហើយ​លើ​សេចក្ដី​ស្មោះ‌ត្រង់​ដ៏​ពិត​ផង

139. សេចក្ដី​ឧស្សាហ៍​របស់​ទូល‌បង្គំ​បាន​ស៊ី​បង្ហិន​ទូល‌បង្គំពី​ព្រោះ​ពួក​អ្នក​តតាំង​នឹង​ទូល‌បង្គំគេ​បាន​ភ្លេច​ព្រះ‌បន្ទូល​ទ្រង់

140. ព្រះ‌បន្ទូល​ទ្រង់​បាន​ត្រូវ​សំរង​យ៉ាង​បរិសុទ្ធជា​ទី​បំផុត​ហើយហេតុ​នោះ​អ្នក​បំរើ​របស់​ទ្រង់​ក៏​ស្រឡាញ់​ណាស់

141. ឯ​ទូល‌បង្គំ​ជា​អ្នក​តូច ហើយ​ត្រូវ​គេ​មើល‌ងាយប៉ុន្តែ​ទូល‌បង្គំ​មិន​ភ្លេច​បញ្ញត្ត​របស់​ទ្រង់​ឡើយ

142. សេចក្ដី​សុចរិត​របស់​ទ្រង់​ជា​សេចក្ដី​សុចរិតដ៏​នៅ​អស់‌កល្ប‌ជានិច្ចហើយ​ក្រឹត្យ‌វិន័យ​ទ្រង់​ជា​សេចក្ដី​ពិត

143. សេចក្ដី​ទុក្ខ និង​សេចក្ដី​លំបាក បាន​មក​គ្រប​សង្កត់លើ​ទូល‌បង្គំ​ហើយទោះ​បើ​យ៉ាង​នោះ គង់​តែ​សេចក្ដី​បង្គាប់​របស់​ទ្រង់ជា​ទី​រីក‌រាយ​ដល់​ទូល‌បង្គំ​ដែរ

144. សេចក្ដី​បន្ទាល់​របស់​ទ្រង់ សុទ្ធ​តែ​សុចរិត​នៅ​ជា​ដរាបសូម​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​យោបល់នោះ​ទូល‌បង្គំ​នឹង​បាន​រស់​នៅ។

145. ៙ ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់​អស់​ពី​ចិត្តឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ផងទូល‌បង្គំ​នឹង​រក្សា​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់

146. ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់​ហើយសូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ផងនោះ​ទូល‌បង្គំ​នឹង​កាន់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់

147. ទូល‌បង្គំ​បាន​ភ្ញាក់​មុន​ពេល​ព្រលឹម​ស្រាងហើយ​បាន​បន្លឺ​ឡើង​ថាទូល‌បង្គំ​បាន​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​ទ្រង់

148. ទូល‌បង្គំ​ភ្ញាក់​មុន​អស់​ទាំង​យាម​យប់ ហើយ​បើក​ភ្នែកដើម្បី​រំពឹង​គិត​ពី​ព្រះ‌បន្ទូល​ទ្រង់

149. សូម​ស្តាប់​សំឡេង​ទូល‌បង្គំ តាម​សេចក្ដី​សប្បុរសរបស់​ទ្រង់ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ឲ្យ​ទូល‌បង្គំមាន​កំឡាំង​ឡើង តាម​ច្បាប់​របស់​ទ្រង់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 119