1. ឱព្រះនៃសេចក្ដីសរសើររបស់ទូលបង្គំអើយសូមទ្រង់កុំគង់ស្ងៀមស្ងាត់ឡើយ
2. ដ្បិតមាត់របស់មនុស្សអាក្រក់ នឹងមាត់មាយាបានហាឡើងទាស់នឹងទូលបង្គំហើយគេបាននិយាយនឹងទូលបង្គំ ដោយអណ្តាតកំភូត
3. គេបានឡោមព័ទ្ធទូលបង្គំជុំវិញ ដោយពាក្យសំអប់ក៏តយុទ្ធនឹងទូលបង្គំ ដោយឥតហេតុ
4. គេជាសត្រូវស្នងនឹងសេចក្ដីស្រឡាញ់របស់ទូលបង្គំប៉ុន្តែទូលបង្គំផ្ចង់ចិត្តនឹងអធិស្ឋានវិញ
5. គេបានសងការអាក្រក់ដល់ទូលបង្គំ ស្នងនឹងការល្អហើយស្នងសេចក្ដីសំអប់ ចំពោះសេចក្ដីស្រឡាញ់របស់ទូលបង្គំ
6. សូមទ្រង់តាំងអ្នកអាក្រក់ឲ្យគ្រប់គ្រងលើវាហើយឲ្យសាតាំងឈរនៅខាងស្តាំវា
7. កាលណាវាត្រូវជំនុំជំរះ នោះសូមឲ្យវាមានទោសហើយឲ្យសេចក្ដីអធិស្ឋានរបស់វាត្រឡប់ជាអំពើបាបវិញ
8. សូមឲ្យថ្ងៃអាយុរបស់វាបានខ្លីចុះហើយឲ្យមានម្នាក់ទៀតទទួលយកការងាររបស់វា
9. សូមឲ្យកូនចៅវានៅជាកំព្រាឪពុកហើយឲ្យប្រពន្ធវានៅជាមេម៉ាយ
10. សូមឲ្យកូនចៅវាធ្វើជាមនុស្សអាវាសែទាំងដើរសុំទានឲ្យគេរកស៊ីតាមទីច្រកល្ហករបស់គេ
11. សូមឲ្យម្ចាស់បំណុលរឹបយករបស់វាទាំងអស់ទៅហើយឲ្យមនុស្សដទៃដណ្តើមយកផលនៃការរបស់វា
12. សូមកុំឲ្យមានអ្នកណាអាណិតមេត្តាដល់វាឡើយក៏កុំឲ្យមានអ្នកណាអាសូរដល់កូនកំព្រារបស់វាដែរ
13. សូមឲ្យពូជវាត្រូវផុតចេញលុះដល់ដំណជាន់ក្រោយ សូមឲ្យឈ្មោះវាត្រូវសូន្យបាត់ទៅ
14. សូមឲ្យព្រះយេហូវ៉ានឹកចាំពីសេចក្ដីទុច្ចរិតរបស់ពួកអយ្យកោវាហើយកុំឲ្យបាបរបស់ម្តាយវាត្រូវលុបចេញឡើយ
15. សូមឲ្យសេចក្ដីទាំងនោះនៅចំពោះព្រះយេហូវ៉ាជានិច្ចដើម្បីឲ្យទ្រង់បានផ្តាច់សេចក្ដីនឹកចាំពីគេចេញពីផែនដីទៅ
16. ពីព្រោះវាមិនបាននឹកចាំនឹងសំដែងសេចក្ដីមេត្តាទេគឺបានសង្កត់សង្កិនមនុស្សក្រលំបាកនិងមនុស្សកំសត់ទុគ៌តព្រមទាំងមនុស្សដែលមានចិត្តសង្រេងវិញដើម្បីនឹងសំឡាប់គេបង់
17. អើ វាបានចូលចិត្តនឹងការជេរប្រទេចហើយការនោះក៏កើតមកដល់ខ្លួនវាវាមិនចូលចិត្តនឹងការឲ្យពរទេហើយការនោះក៏នៅឆ្ងាយពីវា
18. វាបានប្រដាប់ខ្លួន ដោយការជេរប្រទេច ដូចជាពាក់អាវហើយការនោះក៏ចូលទៅដល់ខាងក្នុងវាដូចជាទឹកហើយបានជ្រាបទៅក្នុងឆ្អឹងវាដូចជាប្រេង
19. សូមឲ្យការនោះបានសំរាប់វា ដូចជាសំលៀកបំពាក់ដែលវាតែងស្លៀកពាក់ហើយជាខ្សែក្រវាត់ដែលវារឹតនៅចង្កេះជានិច្ចដែរ
20. នេះហើយជារង្វាន់ ដែលព្រះយេហូវ៉ាទ្រង់ប្រទានដល់ពួកខ្មាំងសត្រូវនៃទូលបង្គំហើយដល់អស់អ្នកដែលនិយាយបង្កាច់ដល់ព្រលឹងនៃទូលបង្គំដែរ
21. តែឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយសូមទ្រង់ប្រោសទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់សូមប្រោសឲ្យទូលបង្គំបានរួច ដោយព្រោះសេចក្ដីសប្បុរសដ៏ប្រសើររបស់ទ្រង់
22. ដ្បិតទូលបង្គំជាអ្នកក្រលំបាក ហើយកំសត់ទុគ៌តហើយចិត្តនៅក្នុងខ្លួនទូលបង្គំមានរបួសផង
23. ទូលបង្គំទៅបាត់ ដូចជាស្រមោលដែលជ្រេទៅទូលបង្គំត្រូវគេដេញចុះឡើងដូចជាកណ្តូប
24. ក្បាលជង្គង់នៃទូលបង្គំញ័រ ដោយតមអាហារហើយរូបសាច់ទូលបង្គំក៏ស្គមស្គាំងទៅ
25. ទូលបង្គំបានត្រឡប់ជាទីត្មះតិះដៀលដល់គេកាលណាគេប្រទះឃើញទូលបង្គំ នោះគេគ្រវីក្បាល
26. ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយសូមជួយទូលបង្គំផងឱសូមជួយសង្គ្រោះទូលបង្គំ តាមសេចក្ដីសប្បុរសនៃទ្រង់
27. ដើម្បីឲ្យគេបានដឹងថា ការនេះគឺជាព្រះហស្តទ្រង់ធ្វើទេគឺជាទ្រង់ ឱព្រះយេហូវ៉ាអើយ ដែលបានធ្វើការនេះ
28. ឲ្យគេជេរប្រទេចចុះ តែសូមទ្រង់ប្រទានពរវិញកាលណាគេលើកគ្នាឡើង នោះគេនឹងត្រូវមានសេចក្ដីខ្មាសតែអ្នកបំរើទ្រង់នឹងអរសប្បាយវិញ
29. សូមឲ្យពួកសត្រូវនៃទូលបង្គំ បានត្រូវប្រដាប់ខ្លួនដោយសេចក្ដីអាប់យសឲ្យគេគ្រលុំខ្លួន ដោយសេចក្ដីអាម៉ាស់ខ្មាសដូចជាពាក់អាវ
30. មាត់ទូលបង្គំនឹងអរព្រះគុណដល់ព្រះយេហូវ៉ាយ៉ាងក្រៃលែងអើ ទូលបង្គំនឹងសរសើរដល់ទ្រង់នៅកណ្តាលជនទាំងឡាយ
31. ដ្បិតទ្រង់ឈរនៅខាងស្តាំនៃមនុស្សកំសត់ទុគ៌តដើម្បីនឹងជួយឲ្យរួចពីពួកអ្នកដែលប្រកាន់ទោសចំពោះព្រលឹងគេ។