គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 9:14-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​បាន​រវាំង​មើល​អំពើ​អាក្រក់​នោះ ក៏​បាន​ទំលាក់​មក​លើ​យើង​ខ្ញុំ​វិញ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​សុចរិត​ក្នុង​គ្រប់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ តែ​យើង​ខ្ញុំ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ឡើយ

15. ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​បាន​នាំ​រាស្ត្រ​របស់​ទ្រង់​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ ហើយ​បាន​ល្បី​ព្រះ‌នាម​ខ្ចរ‌ខ្ចាយ ដូច​ជា​សព្វ​ថ្ងៃ​នេះ​អើយ យើង​ខ្ញុំ​បាន​ធ្វើ​បាប ក៏​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ផង

16. ឱ​ព្រះ‌អម្ចាស់​អើយ តាម​គ្រប់​ទាំង​សេចក្ដី​សុចរិត​របស់​ទ្រង់ នោះ​សូម​ឲ្យ​សេចក្ដី​ខ្ញាល់ និង​សេចក្ដី​ក្រោធ​របស់​ទ្រង់ បាន​បែរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម គឺ​ជា​ភ្នំ​បរិសុទ្ធ​របស់​ទ្រង់​ទៅ ដ្បិត​ក្រុង​យេរូ‌សាឡិម និង​ពួក​រាស្ត្រ​របស់​ទ្រង់​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀល ដល់​មនុស្ស​ទាំង​អស់​ដែល​នៅ​ព័ទ្ធ​ជុំវិញ​យើង​ខ្ញុំ គឺ​ដោយ​ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ ហើយ​នឹង​អំពើ​ទុច្ចរិត​របស់​ពួក​អយ្យកោ​យើង​ខ្ញុំ​ទេ

17. ដូច្នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ស្តាប់​តាម​សេចក្ដី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ​របស់​អ្នក​បំរើ​ទ្រង់ ហើយ​សូម​ធ្វើ​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​លើ​ទី​បរិសុទ្ធ​របស់​ទ្រង់ ដែល​នៅ​ស្ងាត់​ច្រៀប​ចុះ​គឺ​ដោយ​យល់​ដល់​ព្រះ‌អម្ចាស់

18. ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ផ្អៀង​ព្រះ‌កាណ៌​មក​ស្តាប់ សូម​បើក​ព្រះ‌នេត្រ​ទ្រង់​ទត​មើល​សេចក្ដី​ខូច​បង់​របស់​យើង​ខ្ញុំ និង​ទី​ក្រុង​ដែល​បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់ ដ្បិត​យើង​ខ្ញុំ​មិន​មែន​ទូល‌អង្វរ​ដល់​ទ្រង់​ដោយ​ព្រោះ​យើង​ខ្ញុំ​មាន​សេចក្ដី​សុចរិត​ទេ គឺ​ដោយ​ព្រោះ​តែ​សេចក្ដី​មេត្តា‌ករុណា​ដ៏​ធំ​របស់​ទ្រង់​វិញ

19. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ព្រះ‌សណ្តាប់ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​អត់​ទោស ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ស្តាប់ ហើយ​ប្រោស​មេត្តា​ផង ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ ដោយ​យល់​ដល់​អង្គ​ទ្រង់ ដ្បិត​ទី​ក្រុង​នៃ​ទ្រង់ និង​រាស្ត្រ​របស់​ទ្រង់ បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់​ហើយ។

20. កាល​ខ្ញុំ​កំពុង​តែ​ទូល​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ​ព្រម​ទាំង​អធិស្ឋាន និង​លន់‌តួ​បាប​របស់​ខ្លួន​ខ្ញុំ ហើយ​បាប​របស់​ពួក​អ៊ីស្រា‌អែល​ជា​សាសន៍​នៃ​ខ្ញុំ ទាំង​ទូល​អង្វរ​ឲ្យ​ភ្នំ​បរិសុទ្ធ​របស់​ព្រះ​នៃ​ខ្ញុំ​ផង

សូមអានជំពូកពេញលេញ ដានីយ៉ែល 9