គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 9:11-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. អើ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​រំលង​ចំពោះ​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ហើយ ក៏​បែរ​ចេញ ដើម្បី​មិន​ឲ្យ​ត្រូវ​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ឡើយ ហេតុ​នោះ​សេចក្ដី​បណ្តាសា​នេះ​ត្រូវ​ចាក់​មក​លើ​យើង​ខ្ញុំ ព្រម​ទាំង​សេចក្ដី​សម្បថ​ដែល​បាន​កត់​ទុក នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប​ចំពោះ​ទ្រង់

12. ហើយ​ទ្រង់​បាន​សំរេច​បញ្ជាក់​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​យើង​ខ្ញុំ ហើយ​ទាស់​នឹង​ពួក​ចៅ‌ក្រម ដែល​ជំនុំ‌ជំរះ​យើង​ខ្ញុំ ដោយ​បាន​នាំ​សេចក្ដី​អាក្រក់​យ៉ាង​ធំ​នេះ​មក​លើ​យើង​ខ្ញុំ ដ្បិត​នៅ​ក្រោម​មេឃ​ទាំង​មូល មិន​ដែល​កើត​មាន​ការ​អ្វី ដូច​ជា​បាន​កើត​ដល់​ក្រុង​យេរូ‌សាឡិម​នោះ​ឡើយ។

13. សេចក្ដី​អាក្រក់​ទាំង​ប៉ុន្មាន​នេះ បាន​មក​លើ​យើង​ខ្ញុំ​ដូច​ជា​បាន​ចែង​ទុក​មក​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ហើយ ប៉ុន្តែ​យើង​ខ្ញុំ​មិន​បាន​ទូល‌អង្វរ​ស្វែង​រក​ព្រះ‌គុណ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ដើម្បី​នឹង​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ ឲ្យ​មាន​គំនិត​វាង‌វៃ ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​វិញ​នោះ​ឡើយ

14. ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​បាន​រវាំង​មើល​អំពើ​អាក្រក់​នោះ ក៏​បាន​ទំលាក់​មក​លើ​យើង​ខ្ញុំ​វិញ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​សុចរិត​ក្នុង​គ្រប់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ តែ​យើង​ខ្ញុំ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ឡើយ

15. ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​បាន​នាំ​រាស្ត្រ​របស់​ទ្រង់​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ ហើយ​បាន​ល្បី​ព្រះ‌នាម​ខ្ចរ‌ខ្ចាយ ដូច​ជា​សព្វ​ថ្ងៃ​នេះ​អើយ យើង​ខ្ញុំ​បាន​ធ្វើ​បាប ក៏​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ផង

16. ឱ​ព្រះ‌អម្ចាស់​អើយ តាម​គ្រប់​ទាំង​សេចក្ដី​សុចរិត​របស់​ទ្រង់ នោះ​សូម​ឲ្យ​សេចក្ដី​ខ្ញាល់ និង​សេចក្ដី​ក្រោធ​របស់​ទ្រង់ បាន​បែរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម គឺ​ជា​ភ្នំ​បរិសុទ្ធ​របស់​ទ្រង់​ទៅ ដ្បិត​ក្រុង​យេរូ‌សាឡិម និង​ពួក​រាស្ត្រ​របស់​ទ្រង់​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀល ដល់​មនុស្ស​ទាំង​អស់​ដែល​នៅ​ព័ទ្ធ​ជុំវិញ​យើង​ខ្ញុំ គឺ​ដោយ​ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ ហើយ​នឹង​អំពើ​ទុច្ចរិត​របស់​ពួក​អយ្យកោ​យើង​ខ្ញុំ​ទេ

17. ដូច្នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ស្តាប់​តាម​សេចក្ដី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ​របស់​អ្នក​បំរើ​ទ្រង់ ហើយ​សូម​ធ្វើ​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​លើ​ទី​បរិសុទ្ធ​របស់​ទ្រង់ ដែល​នៅ​ស្ងាត់​ច្រៀប​ចុះ​គឺ​ដោយ​យល់​ដល់​ព្រះ‌អម្ចាស់

18. ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ផ្អៀង​ព្រះ‌កាណ៌​មក​ស្តាប់ សូម​បើក​ព្រះ‌នេត្រ​ទ្រង់​ទត​មើល​សេចក្ដី​ខូច​បង់​របស់​យើង​ខ្ញុំ និង​ទី​ក្រុង​ដែល​បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់ ដ្បិត​យើង​ខ្ញុំ​មិន​មែន​ទូល‌អង្វរ​ដល់​ទ្រង់​ដោយ​ព្រោះ​យើង​ខ្ញុំ​មាន​សេចក្ដី​សុចរិត​ទេ គឺ​ដោយ​ព្រោះ​តែ​សេចក្ដី​មេត្តា‌ករុណា​ដ៏​ធំ​របស់​ទ្រង់​វិញ

សូមអានជំពូកពេញលេញ ដានីយ៉ែល 9