គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 9:1-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​ឆ្នាំ​ដំបូង ក្នុង​រាជ្យ​នៃ​ដារី‌យុស ព្រះ‌រាជ​បុត្រា​អ័ហា‌ស៊ូរុស ជា​ពូជ‌ពង្ស​សាសន៍​មេឌី ដែល​គេ​បាន​តាំង​ឡើង​ជា​ស្តេច ឲ្យ​គ្រប់‌គ្រង​លើ​អាណា​ខេត្ត​របស់​សាសន៍​ខាល់ដេ

2. គឺ​ក្នុង​ឆ្នាំ​ដំបូង​នៃ​រាជ្យ​ទ្រង់ នោះ​ខ្ញុំ ដានី‌យ៉ែល​បាន​មើល​គម្ពីរ ត្រង់​កន្លែង​ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​យេរេមា ពី​ចំនួន​ឆ្នាំ​ដែល​ត្រូវ​កន្លង​ទៅ ដើម្បី​នឹង​សំរេច​ការ​ខូច​បង់​នៃ​ក្រុង​យេរូ‌សាឡិម គឺ​គ្រប់​៧០​ឆ្នាំ

3. នោះ​ខ្ញុំ​បាន​តាំង​ចិត្ត​ចំពោះ​ព្រះ​ដ៏​ជា​ព្រះ‌អម្ចាស់ ដើម្បី​រក​អធិស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​តម​អត់​ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ផេះ​ផង

4. ខ្ញុំ​បាន​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ ក៏​លន់‌តួ ដោយ​ពាក្យ​ថា ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច ជា​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុរស ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ទ្រង់ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​អើយ

5. យើង​ខ្ញុំ​រាល់​គ្នា​បាន​ធ្វើ​បាប បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន គឺ​បាន​ប្រព្រឹត្ត​អាក្រក់ ហើយ​បះ‌បោរ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ក្រឹត្យ‌ក្រម និង​បញ្ញត្ត​ច្បាប់​របស់​ទ្រង់​ផង

6. ក៏​មិន​ស្តាប់​តាម​ពួក​ហោរា ជា​អ្នក​បំរើ​ទ្រង់ ដែល​បាន​ទាយ​ដល់​ពួក​ស្តេច ពួក​ចៅ‌ហ្វាយ ពួក​អយ្យកោ​របស់​យើង​ខ្ញុំ និង​បណ្តា‌ជន​ក្នុង​ស្រុក​ដោយ​នូវ​ព្រះ‌នាម​ទ្រង់​ដែរ

7. ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​សុចរិត​ជា​របស់​ផង​ទ្រង់​ហើយ តែ​ខាង​យើង​ខ្ញុំ មាន​តែ​សេចក្ដី​ជ្រប់​មុខ​វិញ ដូច​ជា​សព្វ​ថ្ងៃ​នេះ គឺ​ទាំង​ពួក​មនុស្ស​នៅ​ស្រុក​យូដា ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និង​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​នៅ​ជិត​នៅ​ឆ្ងាយ នៅ​ក្នុង​អស់​ទាំង​ប្រទេស​ដែល​ទ្រង់​បាន​បណ្តេញ​គេ ដោយ​ព្រោះ​អំពើ​រំលង ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ទ្រង់​ផង

8. ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​ជ្រប់​មុខ​ជា​របស់​ផង​យើង​ខ្ញុំ​ហើយ គឺ​របស់​ពួក​ស្តេច ពួក​ចៅ‌ហ្វាយ និង​ពួក​អយ្យកោ​នៃ​យើង​ខ្ញុំ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់

9. ឯ​សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​អត់​ទោស នោះ​ជា​របស់​ផង​ព្រះ​ដ៏​ជា​ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ​វិញ ទោះ​បើ​យើង​ខ្ញុំ​បាន​បះ‌បោរ​នឹង​ទ្រង់​ក៏​ដោយ

10. យើង​ខ្ញុំ​ក៏​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ដើម្បី​នឹង​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ទ្រង់ ដែល​ទ្រង់​បាន​តាំង​នៅ​មុខ​យើង​ខ្ញុំ ដោយ‌សារ​ពួក​ហោរា ជា​អ្នក​បំរើ​ទ្រង់​ដែរ

11. អើ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​រំលង​ចំពោះ​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ហើយ ក៏​បែរ​ចេញ ដើម្បី​មិន​ឲ្យ​ត្រូវ​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ឡើយ ហេតុ​នោះ​សេចក្ដី​បណ្តាសា​នេះ​ត្រូវ​ចាក់​មក​លើ​យើង​ខ្ញុំ ព្រម​ទាំង​សេចក្ដី​សម្បថ​ដែល​បាន​កត់​ទុក នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប​ចំពោះ​ទ្រង់

12. ហើយ​ទ្រង់​បាន​សំរេច​បញ្ជាក់​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​យើង​ខ្ញុំ ហើយ​ទាស់​នឹង​ពួក​ចៅ‌ក្រម ដែល​ជំនុំ‌ជំរះ​យើង​ខ្ញុំ ដោយ​បាន​នាំ​សេចក្ដី​អាក្រក់​យ៉ាង​ធំ​នេះ​មក​លើ​យើង​ខ្ញុំ ដ្បិត​នៅ​ក្រោម​មេឃ​ទាំង​មូល មិន​ដែល​កើត​មាន​ការ​អ្វី ដូច​ជា​បាន​កើត​ដល់​ក្រុង​យេរូ‌សាឡិម​នោះ​ឡើយ។

13. សេចក្ដី​អាក្រក់​ទាំង​ប៉ុន្មាន​នេះ បាន​មក​លើ​យើង​ខ្ញុំ​ដូច​ជា​បាន​ចែង​ទុក​មក​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ហើយ ប៉ុន្តែ​យើង​ខ្ញុំ​មិន​បាន​ទូល‌អង្វរ​ស្វែង​រក​ព្រះ‌គុណ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ដើម្បី​នឹង​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ ឲ្យ​មាន​គំនិត​វាង‌វៃ ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​វិញ​នោះ​ឡើយ

14. ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​បាន​រវាំង​មើល​អំពើ​អាក្រក់​នោះ ក៏​បាន​ទំលាក់​មក​លើ​យើង​ខ្ញុំ​វិញ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​សុចរិត​ក្នុង​គ្រប់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ តែ​យើង​ខ្ញុំ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ឡើយ

15. ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​បាន​នាំ​រាស្ត្រ​របស់​ទ្រង់​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ ហើយ​បាន​ល្បី​ព្រះ‌នាម​ខ្ចរ‌ខ្ចាយ ដូច​ជា​សព្វ​ថ្ងៃ​នេះ​អើយ យើង​ខ្ញុំ​បាន​ធ្វើ​បាប ក៏​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ផង

16. ឱ​ព្រះ‌អម្ចាស់​អើយ តាម​គ្រប់​ទាំង​សេចក្ដី​សុចរិត​របស់​ទ្រង់ នោះ​សូម​ឲ្យ​សេចក្ដី​ខ្ញាល់ និង​សេចក្ដី​ក្រោធ​របស់​ទ្រង់ បាន​បែរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម គឺ​ជា​ភ្នំ​បរិសុទ្ធ​របស់​ទ្រង់​ទៅ ដ្បិត​ក្រុង​យេរូ‌សាឡិម និង​ពួក​រាស្ត្រ​របស់​ទ្រង់​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀល ដល់​មនុស្ស​ទាំង​អស់​ដែល​នៅ​ព័ទ្ធ​ជុំវិញ​យើង​ខ្ញុំ គឺ​ដោយ​ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ ហើយ​នឹង​អំពើ​ទុច្ចរិត​របស់​ពួក​អយ្យកោ​យើង​ខ្ញុំ​ទេ

សូមអានជំពូកពេញលេញ ដានីយ៉ែល 9