5. កាលខ្ញុំកំពុងតែពិចារណា នោះឃើញមានពពែឈ្មោល១មកពីទិសខាងលិច ហោះចេញលើផែនដីទាំងដុំមូល ឥតពាល់ប៉ះនឹងដីឡើយ ពពែនោះមានស្នែង១នៅកណ្តាលភ្នែកទាំង២ ជាស្នែងគួរពិចពិលមើល
6. វាក៏មកដល់ចៀមឈ្មោលមានស្នែង២ ដែលខ្ញុំឃើញឈរនៅក្បែរទន្លេនោះ ក៏ស្ទុះទៅលើ ដោយសេចក្ដីឃោរឃៅនៃកំឡាំងវា
7. ខ្ញុំឃើញវាចូលទៅជិតចៀមឈ្មោល មានសេចក្ដីមួម៉ៅដាលឡើង ក៏ជល់ចៀមនោះ បំបាក់ស្នែងទាំង២ទៅ ចៀមនោះមិនអាចនឹងឈរនៅមុខវាបានទេ គឺត្រូវដួលចុះដល់ដី ហើយពពែបានជាន់ឈ្លីទៅ ឥតមានអ្នកណាមួយអាចនឹងជួយចៀមឲ្យរួចបានឡើយ
8. ពពែឈ្មោលនោះក៏ដំកើងខ្លួនយ៉ាងក្រៃលែង កាលបានមានកំឡាំងហើយ នោះស្នែងធំត្រូវបាក់ទៅ រួចមានស្នែង៤គួរពិចពិលមើល បានដុះឡើងជំនួសស្នែងទាំងនោះកន្ធែកទៅទិសទាំង៤។
9. រួចមកមានស្នែង១តូចដុះចេញពីស្នែង១នោះ ក៏ធំឡើងយ៉ាងក្រៃលែង មានអំណាចទៅទិសខាងត្បូង ទិសខាងកើត និងខាងស្រុកដ៏ឧត្តមដែរ
10. វាក៏លើកខ្លួនឡើងរហូតដល់ពួកពលបរិវារនៅលើមេឃ ហើយក៏ទំលាក់ពួកនោះខ្លះ និងផ្កាយខ្លះចុះមកដល់ដី រួចជាន់ឈ្លីដោយជើង
11. អើ វាដំកើងខ្លួនឡើង រហូតដល់អ្នកជាកំពូលបណ្តាច់នៃពួកពលបរិវារផង ក៏លើកចោលការថ្វាយដង្វាយដុតដែលត្រូវថ្វាយជានិច្ចពីទ្រង់ចេញ ព្រមទាំងធ្វើឲ្យទីបរិសុទ្ធរបស់ទ្រង់អាប់ឱនទៅ
12. ឯពួកពលបរិវារ ក៏ត្រូវប្រគល់ទៅព្រមគ្នានឹងការថ្វាយដង្វាយដុតជានិច្ច ដោយព្រោះអំពើរំលង វាបានបោះចោលសេចក្ដីពិតចុះដល់ដី ក៏ធ្វើតាមតែអំពើចិត្ត ហើយបានចំរើនផង
13. លំដាប់នោះ ខ្ញុំឮអ្នកបរិសុទ្ធម្នាក់កំពុងតែនិយាយ ហើយមានអ្នកបរិសុទ្ធ១ទៀតសួរដល់អ្នកដែលនិយាយនោះថា តើដល់កាលណាទើបបានសំរេចការជាក់ស្តែង ពីការថ្វាយដង្វាយដុតជានិច្ច និងពីអំពើរំលងដែលធ្វើឲ្យខូចបង់នោះ ដើម្បីនឹងប្រគល់ទីបរិសុទ្ធ ហើយនឹងពួកពលបរិវារឲ្យត្រូវជាន់ឈ្លីទៅ
14. អ្នកនោះក៏ប្រាប់មកខ្ញុំថា គឺដរាបដល់បានកន្លង២៣០០ព្រឹក និងល្ងាចទៅ នោះទើបទីបរិសុទ្ធនឹងបានស្អាតឡើងវិញ។
15. កាលខ្ញុំ គឺដានីយ៉ែលខ្ញុំនេះ បានឃើញការជាក់ស្តែងនោះហើយ ខ្ញុំក៏រកចង់យល់ន័យ នោះឃើញមានភាពដូចជាមនុស្សឈរនៅមុខខ្ញុំ
16. ហើយខ្ញុំឮសំឡេងមនុស្ស ពីកណ្តាលទន្លេអ៊ូឡាយ ហៅមកថា កាព្រីយ៉ែលអើយ ចូរឲ្យមនុស្សនេះយល់ការជាក់ស្តែងចុះ