គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 8:11-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. អើ វា​ដំកើង​ខ្លួន​ឡើង រហូត​ដល់​អ្នក​ជា​កំពូល​បណ្តាច់​នៃ​ពួក​ពល​បរិវារ​ផង ក៏​លើក​ចោល​ការ​ថ្វាយ​ដង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​ជានិច្ច​ពី​ទ្រង់​ចេញ ព្រម​ទាំង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ទ្រង់​អាប់‌ឱន​ទៅ

12. ឯ​ពួក​ពល​បរិវារ ក៏​ត្រូវ​ប្រគល់​ទៅ​ព្រម​គ្នា​នឹង​ការ​ថ្វាយ​ដង្វាយ​ដុត​ជានិច្ច ដោយ​ព្រោះ​អំពើ​រំលង វា​បាន​បោះ​ចោល​សេចក្ដី​ពិត​ចុះ​ដល់​ដី ក៏​ធ្វើ​តាម​តែ​អំពើ​ចិត្ត ហើយ​បាន​ចំរើន​ផង

13. លំដាប់​នោះ ខ្ញុំ​ឮ​អ្នក​បរិសុទ្ធ​ម្នាក់​កំពុង​តែ​និយាយ ហើយ​មាន​អ្នក​បរិសុទ្ធ​១​ទៀត​សួរ​ដល់​អ្នក​ដែល​និយាយ​នោះ​ថា តើ​ដល់​កាល​ណា​ទើប​បាន​សំរេច​ការ​ជាក់​ស្តែង ពី​ការ​ថ្វាយ​ដង្វាយ​ដុត​ជានិច្ច និង​ពី​អំពើ​រំលង​ដែល​ធ្វើ​ឲ្យ​ខូច​បង់​នោះ ដើម្បី​នឹង​ប្រគល់​ទី​បរិសុទ្ធ ហើយ​នឹង​ពួក​ពល​បរិវារ​ឲ្យ​ត្រូវ​ជាន់​ឈ្លី​ទៅ

14. អ្នក​នោះ​ក៏​ប្រាប់​មក​ខ្ញុំ​ថា គឺ​ដរាប​ដល់​បាន​កន្លង​២៣០០​ព្រឹក និង​ល្ងាច​ទៅ នោះ​ទើប​ទី​បរិសុទ្ធ​នឹង​បាន​ស្អាត​ឡើង​វិញ។

15. កាល​ខ្ញុំ គឺ​ដានី‌យ៉ែល​ខ្ញុំ​នេះ បាន​ឃើញ​ការ​ជាក់​ស្តែង​នោះ​ហើយ ខ្ញុំ​ក៏​រក​ចង់​យល់​ន័យ នោះ​ឃើញ​មាន​ភាព​ដូច​ជា​មនុស្ស​ឈរ​នៅ​មុខ​ខ្ញុំ

16. ហើយ​ខ្ញុំ​ឮ​សំឡេង​មនុស្ស ពី​កណ្តាល​ទន្លេ​អ៊ូឡាយ ហៅ​មក​ថា កាព្រី‌យ៉ែល​អើយ ចូរ​ឲ្យ​មនុស្ស​នេះ​យល់​ការ​ជាក់​ស្តែង​ចុះ

17. ដូច្នេះ​លោក​ក៏​ចូល​មក​ជិត​កន្លែង​ដែល​ខ្ញុំ​ឈរ​នៅ កាល​លោក​មក​ដល់​ហើយ នោះ​ខ្ញុំ​ភ័យ​ញ័រ ក៏​ទំលាក់​ខ្លួន​ផ្កាប់​មុខ​ចុះ តែ​លោក​និយាយ​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​យល់​ចុះ​ដ្បិត​ការ​ជាក់​ស្តែង​នេះ​សំរាប់​គ្រា​ខាង​ចុង​បំផុត

18. កាល​លោក​កំពុង​និយាយ​មក​ខ្ញុំ នោះ​ខ្ញុំ​ក៏​លង់​ស្មារតី​ទៅ មាន​មុខ​ផ្កាប់​ដល់​ដី តែ​លោក​ពាល់​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​ឈរ​ឡើង

19. ក៏​ប្រាប់​ខ្ញុំ​ថា នែ អញ​នឹង​ឲ្យ​ឯង​ដឹង ពី​ការ​ដែល​ត្រូវ​មក​ក្នុង​ពេល​ចុង​បំផុត​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់ ដ្បិត​ការ​ជាក់​ស្តែង​នេះ​សំដៅ​ទៅ​គ្រា​ចុង​បំផុត

20. ឯ​ចៀម​ឈ្មោល​មាន​ស្នែង​២ ដែល​ឯង​បាន​ឃើញ នោះ​គឺ​ជា​ស្តេច​សាសន៍​មេឌី និង​ស្តេច​សាសន៍​ពើស៊ី

21. ហើយ​ពពែ​ឈ្មោល​រោម​ស្រមូវ​នោះ គឺ​ជា​ស្តេច​សាសន៍​ក្រេក​វិញ ចំណែក​ស្នែង​១​ធំ​ដែល​នៅ​ជា​កណ្តាល​ភ្នែក​ទាំង​២​នោះ គឺ​ជា​ស្តេច​ដើម​ដំបូង

22. ឯ​ដំណើរ​ដែល​ស្នែង​នោះ​ត្រូវ​បាក់ ហើយ​មាន​ស្នែង​៤​ដុះ​ឡើង​ជំនួស នោះ​គឺ​ជា​នគរ​៤ ដែល​នឹង​កើត​ឡើង ពី​សាសន៍​នោះ តែ​មិន​មែន​មាន​អំណាច​ដូច​ស្តេច​ដើម​នោះ​ទេ

23. លុះ​ដល់​គ្រា​ក្រោយ​បង្អស់​នៃ​នគរ​ទាំង​នោះ ក្នុង​កាល​ដែល​ពួក​អ្នក​ប្រព្រឹត្ត​រំលង​បាន​គ្រប់​ចំនួន​ហើយ នោះ​នឹង​មាន​ស្តេច​១​កើត​ឡើង ដែល​មាន​ទឹក​មុខ​សាហាវ ជា​អ្នក​យល់​ក្នុង​ប្រស្នា

24. ស្តេច​នោះ​នឹង​មាន​អំណាច​យ៉ាង​ខ្លាំង​ក្រៃលែង តែ​មិន​មែន​ដោយ​អំណាច​របស់​ខ្លួន​ទេ វា​នឹង​បំផ្លាញ​យ៉ាង​អស្ចារ្យ ក៏​នឹង​ធ្វើ​កើត​ការ​ទាំង​អស់​ដែល​គិត​ធ្វើ វា​នឹង​បំផ្លាញ​ទាំង​ពួក​ខ្លាំង​ពូកែ និង​ពួក​បរិសុទ្ធ​បង់

25. ហើយ​ដោយ​គំនិត​វាង‌វៃ​របស់​វា នោះ​វា​នឹង​ធ្វើ​ឲ្យ​កល‌ឧបាយ​បាន​ប្រយោជន៍​នៅ​ដៃ​ខ្លួន រួច​នឹង​មាន​ចិត្ត​លើក​ដំកើង​ខ្លួន ព្រម​ទាំង​បំផ្លាញ​មនុស្ស​យ៉ាង​ច្រើន ដែល​នៅ​ដោយ​សុខ​ស្រួល សូម្បី​តែ​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ គង់​តែ​វា​នឹង​ហ៊ាន​ឈរ​ទទឹង​ទាស់​ដែរ តែ​វា​នឹង​ត្រូវ​បាក់​បែក​ទៅ ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ឡើយ

26. ឯ​ការ​ជាក់​ស្តែង​ពី​ព្រឹក និង​ល្ងាច​ទាំង​ប៉ុន្មាន ដែល​បាន​ប្រាប់​មក​នោះ​ជា​សេចក្ដី​ពិត​ហើយ ប៉ុន្តែ​ត្រូវ​ឲ្យ​ឯង​បំបិទ​ការ​ជាក់​ស្តែង​នេះ​ទុក​នៅ ដ្បិត​គឺ​សំរាប់​ពេល​ទៅ​មុខ​ជា​យូរ​លង់

27. នោះ​ខ្ញុំ​ដានី‌យ៉ែល ក៏​ខ្សោះ​ល្វើយ ហើយ​ឈឺ​នៅ​បួន​ដប់​ថ្ងៃ រួច​ខ្ញុំ​ក្រោក​ឡើង​ទៅ​ទទួល​ការ​របស់​ស្តេច​វិញ ខ្ញុំ​ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ដំណើរ​ការ​ជាក់​ស្តែង​នោះ ប៉ុន្តែ​គ្មាន​អ្នក​ណា​យល់​សោះ។

សូមអានជំពូកពេញលេញ ដានីយ៉ែល 8