គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 8:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​នៃ​ស្តេច​បេល‌សាសារ នោះ​មាន​ការ​ជាក់​ស្តែង​លេច​មក ឲ្យ​ដានី‌យ៉ែល ខ្ញុំ​ឃើញ គឺ​ក្រោយ​ការ​ជាក់​ស្តែង​១​ដែល​ខ្ញុំ​បាន​ឃើញ​ពី​មុន​នោះ

2. រីឯ​កាល​ខ្ញុំ​ឃើញ​ការ​ជាក់​ស្តែង​១​នេះ នោះ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌រាជ​វាំង​ត្រង់​ក្រុង​ស៊ូសាន ក្នុង​ខេត្ត​អេឡាំ តែ​ក្នុង​ការ​ជាក់​ស្តែង​នោះ​ខ្ញុំ​ឃើញ​ថា ខ្ញុំ​នៅ​ឯ​មាត់​ទន្លេ​អ៊ូឡាយ​វិញ

3. ខណៈ​នោះ​ខ្ញុំ​បាន​ងើប​ភ្នែក​ឡើង មើល​ទៅ​ឃើញ មាន​ចៀម​ឈ្មោល​១​ឈរ​នៅ​ក្បែរ​ទន្លេ វា​មាន​ស្នែង​២ ហើយ​ស្នែង​ទាំង​២​ក៏​វែង មាន​តែ​១​វែង​ជាង ឯ​ស្នែង​១​ដែល​វែង​ជាង បាន​ដុះ​ឡើង​ជា​ខាង​ក្រោយ

4. ខ្ញុំ​ក៏​ឃើញ​ចៀម​ឈ្មោល​នោះ​កំពុង​តែ​ទន្ទ្រាន​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ឥត​មាន​សត្វ​ណា​មួយ​អាច​នឹង​ទប់​ទល់​បាន​ឡើយ ក៏​គ្មាន​ណា​អាច​នឹង​ជួយ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​វា​បាន​ដែរ គឺ​វា​បាន​ធ្វើ​តាម​តែ​អំពើ​ចិត្ត ហើយ​ក៏​ដំកើង​ខ្លួន​ឡើង​ផង។

5. កាល​ខ្ញុំ​កំពុង​តែ​ពិចារណា នោះ​ឃើញ​មាន​ពពែ​ឈ្មោល​១​មក​ពី​ទិស​ខាង​លិច ហោះ​ចេញ​លើ​ផែនដី​ទាំង​ដុំ​មូល ឥត​ពាល់​ប៉ះ​នឹង​ដី​ឡើយ ពពែ​នោះ​មាន​ស្នែង​១​នៅ​កណ្តាល​ភ្នែក​ទាំង​២ ជា​ស្នែង​គួរ​ពិច‌ពិល​មើល

6. វា​ក៏​មក​ដល់​ចៀម​ឈ្មោល​មាន​ស្នែង​២ ដែល​ខ្ញុំ​ឃើញ​ឈរ​នៅ​ក្បែរ​ទន្លេ​នោះ ក៏​ស្ទុះ​ទៅ​លើ ដោយ​សេចក្ដី​ឃោរ‌ឃៅ​នៃ​កំឡាំង​វា

7. ខ្ញុំ​ឃើញ​វា​ចូល​ទៅ​ជិត​ចៀម​ឈ្មោល មាន​សេចក្ដី​មួម៉ៅ​ដាល​ឡើង ក៏​ជល់​ចៀម​នោះ បំបាក់​ស្នែង​ទាំង​២​ទៅ ចៀម​នោះ​មិន​អាច​នឹង​ឈរ​នៅ​មុខ​វា​បាន​ទេ គឺ​ត្រូវ​ដួល​ចុះ​ដល់​ដី ហើយ​ពពែ​បាន​ជាន់​ឈ្លី​ទៅ ឥត​មាន​អ្នក​ណា​មួយ​អាច​នឹង​ជួយ​ចៀម​ឲ្យ​រួច​បាន​ឡើយ

8. ពពែ​ឈ្មោល​នោះ​ក៏​ដំកើង​ខ្លួន​យ៉ាង​ក្រៃលែង កាល​បាន​មាន​កំឡាំង​ហើយ នោះ​ស្នែង​ធំ​ត្រូវ​បាក់​ទៅ រួច​មាន​ស្នែង​៤​គួរ​ពិច‌ពិល​មើល បាន​ដុះ​ឡើង​ជំនួស​ស្នែង​ទាំង​នោះ​កន្ធែក​ទៅ​ទិស​ទាំង​៤។

9. រួច​មក​មាន​ស្នែង​១​តូច​ដុះ​ចេញ​ពី​ស្នែង​១​នោះ ក៏​ធំ​ឡើង​យ៉ាង​ក្រៃលែង មាន​អំណាច​ទៅ​ទិស​ខាង​ត្បូង ទិស​ខាង​កើត និង​ខាង​ស្រុក​ដ៏​ឧត្តម​ដែរ

10. វា​ក៏​លើក​ខ្លួន​ឡើង​រហូត​ដល់​ពួក​ពល​បរិវារ​នៅ​លើ​មេឃ ហើយ​ក៏​ទំលាក់​ពួក​នោះ​ខ្លះ និង​ផ្កាយ​ខ្លះ​ចុះ​មក​ដល់​ដី រួច​ជាន់​ឈ្លី​ដោយ​ជើង

សូមអានជំពូកពេញលេញ ដានីយ៉ែល 8