គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 7:9-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ខ្ញុំ​ក៏​គន់​មើល ទាល់​តែ​មាន​គេ​យក​បល្ល័ង្ក មក​តាំង ហើយ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​ចាស់​បុរាណ​ទ្រង់​ក៏​គង់​លើ ព្រះ‌ពស្ត្រ​ទ្រង់​ស‌ស្គុស​ដូច​ហិមៈ ហើយ​ព្រះ‌កេស​នៅ​ព្រះ‌សិរ​ទ្រង់ ក៏​ស​ដូច​រោម​ចៀម​យ៉ាង​ស្អាត ឯ​បល្ល័ង្ក​ទ្រង់ នោះ​សុទ្ធ​តែ​ជា​អណ្តាត​ភ្លើង ហើយ​កង់​នៃ​បល្ល័ង្ក​នោះ ក៏​ជា​ភ្លើង​ឆេះ​ដែរ

10. មាន​ដូច​ជា​ភ្លើង​ហូរ​ចេញ​ពី​ចំពោះ​ទ្រង់​មក មាន​ទាំង​ពាន់​ទាំង​ពាន់​ដែល​គោរព​ដល់​ទ្រង់ ហើយ​ទាំង ម៉ឺន​ទាំង​សែន​ក៏​ឈរ​នៅ​ចំពោះ​ទ្រង់ នោះ​ការ​វិនិច្ឆ័យ​បាន​រៀប‌ចំ​ជា​ស្រេច ឯ​បញ្ជី​ទាំង​ប៉ុន្មាន​បាន​បើក​ឡើង​ហើយ

11. ខណៈ​នោះ ខ្ញុំ​បាន​គន់​មើល ដោយ​ព្រោះ​សំឡេង​របស់​ស្នែង​១ ដែល​ពោល​យ៉ាង​ធំ​នោះ ក៏​មើល​ដរាប​ដល់​សត្វ នោះ​ត្រូវ​សំឡាប់​បង់ ហើយ​ខ្មោច​វា​ត្រូវ​បំផ្លាញ ព្រម​ទាំង​ប្រគល់​ដល់​ភ្លើង​ឲ្យ​ឆេះ​ផង

12. រីឯ​សត្វ​ឯ​ទៀត​ទាំង​នោះ អំណាច​គ្រប់​គ្រង​របស់​វា​ត្រូវ​ដក​ចេញ តែ​ជីវិត​វា​បាន​នៅ​ត​ទៅ​អស់​១​ពេល​ដល់​កំណត់។

13. ខ្ញុំ​ក៏​ឃើញ ក្នុង​ការ​ជាក់​ស្តែង​ពេល​យប់​នោះ មាន​១​អង្គ​ដូច​ជា​មនុស្ស​ជាតិ ទ្រង់​យាង​មក​ក្នុង​ពពក​ឰដ៏​អាកាស ទ្រង់​យាង​មក​ឯ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​បុរាណ​នោះ ហើយ​មាន​គេ​នាំ​ចូល​ទៅ​ចំពោះ​ព្រះ‌អង្គ

14. នោះ​បាន​ប្រទាន​ឲ្យ​ទ្រង់​មាន​អំណាច​គ្រប់‌គ្រង និង​សិរី‌ល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​ផង ដើម្បី​ឲ្យ​បណ្តា‌ជន​ទាំង‌ឡាយ សាសន៍​ដទៃ និង​មនុស្ស​គ្រប់​ភាសា បាន​គោរព​ដល់​ទ្រង់ ឯ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់ នោះ​ក៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ទ្រង់​នឹង​បំផ្លាញ​មិន​បាន​ផង។

15. ឯ​ខ្ញុំ ដានី‌យ៉ែល ចិត្ត​ខ្ញុំ​កើត​មាន​សេចក្ដី​តប់‌ប្រមល់​នៅ​ក្នុង​ខ្លួន ហើយ​ការ​ជាក់​ស្តែង​ក្នុង​ខួរ​ខ្ញុំ ក៏​នាំ​ឲ្យ​ខ្ញុំ​វិតក្ក​ព្រួយ

16. ខ្ញុំ​ក៏​អែប​ចូល​ទៅ​ជិត​ម្នាក់​ដែល​ឈរ​នៅ​ទី​នោះ សួរ​ន័យ​ដ៏​ពិត​របស់​ការ​ទាំង​នោះ អ្នក​នោះ​ក៏​ប្រាប់​ដល់​ខ្ញុំ ព្រម​ទាំង​ទំលាយ​ន័យ​សេចក្ដី​ឲ្យ​ខ្ញុំ​យល់​ផង

17. ឯ​សត្វ​ធំ​ទាំង​៤​នោះ គឺ​ជា​ស្តេច​៤​អង្គ​ដែល​នឹង​កើត​ឡើង​នៅ​ផែនដី

18. តែ​ពួក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត គេ​នឹង​ទទួល​រាជ្យ​ហើយ​នឹង​បាន​រាជ្យ​នោះ​ជា​របស់​ផង​ខ្លួន​នៅ​ជានិច្ច គឺ​អស់‌កល្ប​ត​ទៅ

19. នោះ​ខ្ញុំ​ចង់​ដឹង​ន័យ​ពិត ពី​សត្វ​ទី​៤ ដែល​ផ្សេង​ពី​សត្វ​ឯ​ទៀត​នោះ ជា​សត្វ​ដែល​គួរ​ស្ញែង​ខ្លាច​ជា​ខ្លាំង​មាន​ធ្មេញ​ដែក និង​ក្រចក​លង្ហិន ដែល​ត្របាក់​លេប លំអិត​កំទេច ហើយ​ជាន់​ឈ្លី​សំណល់​ដោយ​ជើង

សូមអានជំពូកពេញលេញ ដានីយ៉ែល 7