គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 7:5-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. រួច​ឃើញ​សត្វ​១​ទៀត ជា​សត្វ​ទី​២ មាន​សណ្ឋាន​ជា​ខ្លា‌ឃ្មុំ ក៏​ឈរ​ចំខែង​ពាំ​ឆ្អឹង​ជំនី​៣​នៅ​ក្នុង​មាត់ ខាំ​ដោយ​ធ្មេញ ហើយ​មាន​គេ​ប្រាប់​ដល់​វា​ថា ចូរ​ក្រោក​ឡើង ហើយ​ត្របាក់​ស៊ី​សាច់​ឲ្យ​ច្រើនៗ​ទៅ

6. ក្រោយ​មក ខ្ញុំ​គន់​មើល​ទៅ​ឃើញ​សត្វ​១​ទៀត​មាន​សណ្ឋាន​ជា​ខ្លា​រខិន ឯ​នៅ​លើ​ខ្នង​វា មាន​ស្លាប​៤​នៃ​សត្វ​ហើរ ក៏​មាន​ក្បាល​៤​ដែរ ហើយ​មាន​អំណាច​គ្រប់‌គ្រង​ប្រគល់​ដល់​វា

7. លំដាប់​នោះ ក្នុង​ការ​ជាក់​ស្តែង​ពេល​យប់ ខ្ញុំ​ក៏​ឃើញ​សត្វ​ទី​៤​ដែល​គួរ​ស្បើម គួរ​ស្ញែង​ខ្លាច ហើយ​មាន​កំឡាំង​យ៉ាង​ក្រៃលែង មាន​ធ្មេញ​ដែក​ធំៗ វា​ត្របាក់​លេប លំអិត​កំទេច ហើយ​ជាន់​ឈ្លី​សំណល់​ដោយ​ជើង សត្វ​នោះ​ផ្សេង​ពី​អស់​ទាំង​សត្វ​ដែល​មក​ជា​មុន​នោះ​ក៏​មាន​ស្នែង​១០

8. ខ្ញុំ​បាន​ពិចារណា​មើល​ស្នែង​ទាំង​នោះ ក៏​ឃើញ​មាន​ស្នែង​១​ទៀត ជា​ស្នែង​តូច ដុះ​ឡើង​នៅ​ជា​កណ្តាល នៅ​មុខ​វា​ស្នែង​ចាស់​៣​ត្រូវ​ដក​ចេញ​ទាំង​ឫស ហើយ​ឃើញ​ថា ស្នែង​១​នោះ​មាន​ភ្នែក ដូច​ជា​ភ្នែក​នៃ​មនុស្ស ក៏​មាន​មាត់​កំពុង​តែ​ពោល​យ៉ាង​ធំ។

9. ខ្ញុំ​ក៏​គន់​មើល ទាល់​តែ​មាន​គេ​យក​បល្ល័ង្ក មក​តាំង ហើយ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​ចាស់​បុរាណ​ទ្រង់​ក៏​គង់​លើ ព្រះ‌ពស្ត្រ​ទ្រង់​ស‌ស្គុស​ដូច​ហិមៈ ហើយ​ព្រះ‌កេស​នៅ​ព្រះ‌សិរ​ទ្រង់ ក៏​ស​ដូច​រោម​ចៀម​យ៉ាង​ស្អាត ឯ​បល្ល័ង្ក​ទ្រង់ នោះ​សុទ្ធ​តែ​ជា​អណ្តាត​ភ្លើង ហើយ​កង់​នៃ​បល្ល័ង្ក​នោះ ក៏​ជា​ភ្លើង​ឆេះ​ដែរ

10. មាន​ដូច​ជា​ភ្លើង​ហូរ​ចេញ​ពី​ចំពោះ​ទ្រង់​មក មាន​ទាំង​ពាន់​ទាំង​ពាន់​ដែល​គោរព​ដល់​ទ្រង់ ហើយ​ទាំង ម៉ឺន​ទាំង​សែន​ក៏​ឈរ​នៅ​ចំពោះ​ទ្រង់ នោះ​ការ​វិនិច្ឆ័យ​បាន​រៀប‌ចំ​ជា​ស្រេច ឯ​បញ្ជី​ទាំង​ប៉ុន្មាន​បាន​បើក​ឡើង​ហើយ

11. ខណៈ​នោះ ខ្ញុំ​បាន​គន់​មើល ដោយ​ព្រោះ​សំឡេង​របស់​ស្នែង​១ ដែល​ពោល​យ៉ាង​ធំ​នោះ ក៏​មើល​ដរាប​ដល់​សត្វ នោះ​ត្រូវ​សំឡាប់​បង់ ហើយ​ខ្មោច​វា​ត្រូវ​បំផ្លាញ ព្រម​ទាំង​ប្រគល់​ដល់​ភ្លើង​ឲ្យ​ឆេះ​ផង

12. រីឯ​សត្វ​ឯ​ទៀត​ទាំង​នោះ អំណាច​គ្រប់​គ្រង​របស់​វា​ត្រូវ​ដក​ចេញ តែ​ជីវិត​វា​បាន​នៅ​ត​ទៅ​អស់​១​ពេល​ដល់​កំណត់។

13. ខ្ញុំ​ក៏​ឃើញ ក្នុង​ការ​ជាក់​ស្តែង​ពេល​យប់​នោះ មាន​១​អង្គ​ដូច​ជា​មនុស្ស​ជាតិ ទ្រង់​យាង​មក​ក្នុង​ពពក​ឰដ៏​អាកាស ទ្រង់​យាង​មក​ឯ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​បុរាណ​នោះ ហើយ​មាន​គេ​នាំ​ចូល​ទៅ​ចំពោះ​ព្រះ‌អង្គ

14. នោះ​បាន​ប្រទាន​ឲ្យ​ទ្រង់​មាន​អំណាច​គ្រប់‌គ្រង និង​សិរី‌ល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​ផង ដើម្បី​ឲ្យ​បណ្តា‌ជន​ទាំង‌ឡាយ សាសន៍​ដទៃ និង​មនុស្ស​គ្រប់​ភាសា បាន​គោរព​ដល់​ទ្រង់ ឯ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់ នោះ​ក៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ទ្រង់​នឹង​បំផ្លាញ​មិន​បាន​ផង។

15. ឯ​ខ្ញុំ ដានី‌យ៉ែល ចិត្ត​ខ្ញុំ​កើត​មាន​សេចក្ដី​តប់‌ប្រមល់​នៅ​ក្នុង​ខ្លួន ហើយ​ការ​ជាក់​ស្តែង​ក្នុង​ខួរ​ខ្ញុំ ក៏​នាំ​ឲ្យ​ខ្ញុំ​វិតក្ក​ព្រួយ

16. ខ្ញុំ​ក៏​អែប​ចូល​ទៅ​ជិត​ម្នាក់​ដែល​ឈរ​នៅ​ទី​នោះ សួរ​ន័យ​ដ៏​ពិត​របស់​ការ​ទាំង​នោះ អ្នក​នោះ​ក៏​ប្រាប់​ដល់​ខ្ញុំ ព្រម​ទាំង​ទំលាយ​ន័យ​សេចក្ដី​ឲ្យ​ខ្ញុំ​យល់​ផង

17. ឯ​សត្វ​ធំ​ទាំង​៤​នោះ គឺ​ជា​ស្តេច​៤​អង្គ​ដែល​នឹង​កើត​ឡើង​នៅ​ផែនដី

សូមអានជំពូកពេញលេញ ដានីយ៉ែល 7