គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 6:12-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. រួច​គេ​ក៏​ចូល​ទៅ​ជិត ទូល​នឹង​ស្តេច ពី​ដំណើរ​ពាក្យ​បំរាម​របស់​ទ្រង់​ថា ទ្រង់​បាន​ចុះ​ហត្ថ‌លេខា នៅ​ច្បាប់​បំរាម​ហើយ ថា បើ​អ្នក​ណា​នឹង​សូម​អ្វី​ពី​ព្រះ​ណា ឬ​ពី​មនុស្ស​ណា​ក៏​ដោយ លើក​តែ​សូម​ពី​ព្រះ‌រាជា ក្នុង​រវាង​៣០​ថ្ងៃ នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​រូង​សិង្ហ​មែន​ឬ​មិន​មែន ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សប​ថា សេចក្ដី​នោះ​ពិត​មែន​ហើយ តាម​របៀប​ច្បាប់​នៃ​សាសន៍​មេឌី និង​សាសន៍​ពើស៊ី ដែល​នឹង​ផ្លាស់​ប្តូរ​មិន​បាន​ឡើយ

13. នោះ​គេ​ក៏​ទូល​ដល់​ស្តេច​ថា ឈ្មោះ​ដានី‌យ៉ែល​នោះ ដែល​ជា​ពួក​ឈ្លើយ​សាសន៍​យូដា មិន​អើពើ​ចំពោះ​ទ្រង់​ទេ ឱ​ព្រះ‌ករុណា​អើយ ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ច្បាប់​បំរាម ដែល​ទ្រង់​បាន​ចុះ​ហត្ថ‌លេខា​ហើយ នោះ​ដែរ គឺ​ចេះ​តែ​អធិស្ឋាន​សូម​១​ថ្ងៃ​៣​ដង​វិញ

14. កាល​ស្តេច​បាន​ឮ​ពាក្យ​ទាំង​នោះ ទ្រង់​ក៏​ទោមនស្ស​ជា​ខ្លាំង ហើយ​តាំង​ព្រះ‌ទ័យ​នឹង​រក​ដោះ​ដានី‌យ៉ែល​ឲ្យ​រួច ទ្រង់​ខំ​រក​ផ្លូវ​ជួយ​ឲ្យ​លោក​រួច ដរាប​ដល់​ថ្ងៃ​លិច

15. ខណៈ​នោះ ពួក​អ្នក​ទាំង​នោះ​ក៏​មូល​គ្នា​មក​ឯ​ស្តេច​ទូល​ថា បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​ជ្រាប​ថា តាម​ច្បាប់​នៃ​សាសន៍​មេឌី និង​សាសន៍​ពើស៊ី ច្បាប់​ណា​ឬ​បំរាម​ណា ដែល​ស្តេច​បាន​តាំង​ទុក​ហើយ នោះ​នឹង​ផ្លាស់​ប្តូរ​មិន​បាន​ឡើយ។

16. ដូច្នេះ ស្តេច​ទ្រង់​ក៏​ចេញ​បង្គាប់ ហើយ​គេ​នាំ​យក​ដានី‌យ៉ែល​ទៅ​បោះ​ចុះ​ក្នុង​រូង​សត្វ​សិង្ហ​ទៅ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ដានី‌យ៉ែល​ថា ព្រះ​នៃ​អ្នក​ដែល​អ្នក​គោរព​ជានិច្ច​ទ្រង់​នឹង​ជួយ​សង្គ្រោះ​អ្នក​ជា​ពិត

17. គេ​ក៏​យក​ថ្ម​១​មក​បិទ​សន្ធប់​មាត់​រូង ស្តេច​ទ្រង់​ក៏​ប្រថាប់​ត្រា​ព្រះ‌ទំរង់ ហើយ​នឹង​ចិញ្ចៀន​ត្រា​របស់​សេនាបតី​ទ្រង់​ផង ដើម្បី​មិន​ឲ្យ​មាន​អ្វី​ផ្លាស់​ប្តូរ​ពី​ដំណើរ​ដានី‌យ៉ែល​ឡើយ

18. រួច​ទ្រង់​វិល​ទៅ​ឯ​ព្រះ‌រាជ​វាំង​វិញ ក៏​អត់​ព្រះ‌ស្ងោយ​អស់​១​យប់​នោះ ពួក​មហោរី​មិន​បាន​ប្រគំ​ថ្វាយ​ទ្រង់​ទេ ឯ​ទ្រង់​ក៏​ផ្ទំ​មិន​លក់​ដែរ។

19. ស្តេច​ទ្រង់​តើន​ឡើង​ពី​ព្រលឹម​ស្រាង យាង​ទៅ​ឯ​រូង​សិង្ហ​ជា​ប្រញាប់

20. កាល​ជិត​ដល់​រូង​ហើយ នោះ​ទ្រង់​ស្រែក​ហៅ​ដានី‌យ៉ែល ដោយ​សំឡេង​យ៉ាង​កណ្តុក សួរ​ថា ឱ​ដានី‌យ៉ែល ជា​អ្នក​បំរើ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អើយ តើ​ព្រះ​នៃ​អ្នក ដែល​អ្នក​គោរព​ជានិច្ច​នោះ ទ្រង់​អាច​នឹង​ជួយ​ឲ្យ​អ្នក​រួច​ពី​សិង្ហ​បាន​ឬ​ទេ

21. នោះ​ដានី‌យ៉ែល លោក​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ‌ជន្ម​ចំរើន​ជា​យឺន‌យូរ​ចុះ

22. ព្រះ​នៃ​ទូល‌បង្គំ​ទ្រង់​បាន​ចាត់​ទេវតា​របស់​ទ្រង់ ឲ្យ​មក​បិទ​មាត់​សិង្ហ​ទាំង​អស់ វា​មិន​បាន​ប្រទូស្ត​ដល់​ទូល‌បង្គំ​ទេ ពី​ព្រោះ​នៅ​ចំពោះ​ព្រះ នោះ​មិន​ឃើញ​ជា​ទូល‌បង្គំ​មាន​ទោស​អ្វី​ឡើយ ហើយ​បពិត្រ​ព្រះ‌ករុណា នៅ​ចំពោះ​ទ្រង់ ទូល‌បង្គំ​ក៏​មិន​បាន​ធ្វើ​ខុស​អ្វី​ដែរ

23. ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌ទ័យ​រីក‌រាយ​ក្រៃលែង ក៏​ចេញ​បង្គាប់​ឲ្យ​យោង​យក​ដានី‌យ៉ែល​ចេញ​ពី​រូង​មក គេ​ក៏​យោង​យក​ដានី‌យ៉ែល​ចេញ​មក ហើយ​ឥត​ឃើញ​មាន​របួស​ណា​នៅ​ខ្លួន​លោក​ឡើយ ពី​ព្រោះ​លោក​បាន​ទុក​ចិត្ត​នឹង​ព្រះ​នៃ​លោក។

សូមអានជំពូកពេញលេញ ដានីយ៉ែល 6