គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 6:1-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​ដារី‌យុស​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​តាំង​ចៅ‌ហ្វាយ​ខេត្ត​១២០​នាក់​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​នគរ ជា​ពួក​អ្នក​ដែល​ត្រូវ​ផ្សាយ​ចេញ​ទៅ​នៅ​ពេញ​ក្នុង​នគរ​ទាំង​មូល

2. ហើយ​ឲ្យ​មាន​អធិបតី​៣​នាក់​ត្រួត​លើ​ចៅ‌ហ្វាយ​ទាំង​នោះ ដើម្បី​ឲ្យ​គេ​រាប់​រៀប​ប្រាប់​ដល់​ពួក​៣​នាក់​នោះ ប្រយោជន៍​មិន​ឲ្យ​សេ្ដច​ត្រូវ​ខ្វះ​ខាត​ឡើយ ឯ​ដានី‌យ៉ែល លោក​ក៏​នៅ​ក្នុង​ពួក​អធិបតី​នោះ​ដែរ

3. រួច​មក​ដានី‌យ៉ែល​បាន​ត្រឡប់​ជា​កំពូល​លើ​ពួក​អធិបតី និង​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន ដ្បិត​លោក​មាន​វិញ្ញាណ​យ៉ាង​ស្រួច‌ស្រាល់ ហើយ​ស្តេច​ទ្រង់​គិត​នឹង​តាំង​លោក ឲ្យ​ត្រួត​លើ​នគរ​ទាំង​មូល។

4. ដូច្នេះ ពួក​អធិបតី និង​ពួក​ចៅ‌ហ្វាយ​ក៏​ស្វែង​រក​ហេតុ​ពី​ដំណើរ​រាជ‌ការ​ផែនដី ឲ្យ​ទាស់​នឹង​ដានី‌យ៉ែល តែ​គេ​រក​ឱកាស ឬ​កំហុស​អ្វី​មិន​បាន​ឡើយ ក៏​មិន​ឃើញ​មាន​ថ្លស់‌ធ្លោយ ឬ​ទោស​ទាស់​អ្វី​ដែរ ពី​ព្រោះ​លោក​ជា​មនុស្ស​ស្មោះ‌ត្រង់

5. ដូច្នេះ ពួក​អ្នក​ទាំង​នោះ​ប្រឹក្សា​គ្នា​ថា យើង​នឹង​រក​ឱកាស​ទាស់​នឹង​ឈ្មោះ​ដានី‌យ៉ែល​នេះ​មិន​បាន​ឡើយ វៀរ​តែ​រក​បាន​ខាង​ឯ​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​វា​ប៉ុណ្ណោះ

6. ពួក​អធិបតី និង​ពួក​ចៅ‌ហ្វាយ​ទាំង​នោះ ក៏​នាំ​គ្នា​ចូល​ទៅ​គាល់​ស្តេច ទូល​ដូច្នេះ​ថា បពិត្រ​ព្រះ‌រាជា​ដារី‌យុស សូម​ឲ្យ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ‌ជន្ម​ចំរើន​ជា​យឺន‌យូរ​ត​ទៅ

7. ពួក​អធិបតី​ក្នុង​នគរ ពួក​ចៅ‌ហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​បាឡាត់ និង​ពួក​ចៅ‌ហ្វាយ​ស្រុក បាន​ជំនុំ​ព្រម​គ្នា ចង់​តាំង​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ គឺ​ជា​សេចក្ដី​បំរាម​យ៉ាង​តឹង‌រ៉ឹង​ថា បើ​អ្នក​ណា​នឹង​សូម​អ្វី​ពី​ព្រះ​ណា ឬ​ពី​មនុស្ស​ណា​ក៏​ដោយ វៀរ​តែ​សូម​ពី​ព្រះ‌រាជា​ក្នុង​រវាង​៣០​ថ្ងៃ នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​រូង​សិង្ហ

8. បពិត្រ​ព្រះ‌រាជា ដូច្នេះ សូម​ទ្រង់​តាំង​ច្បាប់ ហើយ​ចុះ​ហត្ថ‌លេខា​នៅ​ច្បាប់​នោះ ប្រយោជន៍​មិន​ឲ្យ​ផ្លាស់​ប្រែ​បាន តាម​របៀប​ច្បាប់​នៃ​សាសន៍​មេឌី និង​សាសន៍​ពើស៊ី ដែល​នឹង​ផ្លាស់​ប្តូរ​មិន​បាន​ឡើយ

9. ដូច្នេះ ស្តេច​ដារី‌យុស​ទ្រង់​ក៏​ចុះ​ហត្ថ‌លេខា នៅ​សំបុត្រ​ជា​សេចក្ដី​បំរាម​នោះ។

10. កាល​ដានី‌យ៉ែល​បាន​ដឹង​ថា សំបុត្រ​នោះ​បាន​ចុះ​ហត្ថ‌លេខា​ហើយ នោះ​លោក​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក (រីឯ​បង្អួច​នៃ​បន្ទប់​របស់​លោក ខាង​ក្រុង​យេរូ‌សាឡិម ក៏​នៅ​ចំហ) លោក​លុត​ជង្គង់​ចុះ​អធិស្ឋាន ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​លោក​១​ថ្ងៃ​៣​ដង ដូច​ជា​កាល​ពី​មុន

11. ឯ​ពួក​អ្នក​ទាំង​នោះ គេ​ក៏​មូល​គ្នា​មក​ឃើញ​ដានី‌យ៉ែល​កំពុង​តែ​អធិស្ឋាន ទូល​អង្វរ​នៅ​ចំពោះ​ព្រះ​នៃ​លោក

12. រួច​គេ​ក៏​ចូល​ទៅ​ជិត ទូល​នឹង​ស្តេច ពី​ដំណើរ​ពាក្យ​បំរាម​របស់​ទ្រង់​ថា ទ្រង់​បាន​ចុះ​ហត្ថ‌លេខា នៅ​ច្បាប់​បំរាម​ហើយ ថា បើ​អ្នក​ណា​នឹង​សូម​អ្វី​ពី​ព្រះ​ណា ឬ​ពី​មនុស្ស​ណា​ក៏​ដោយ លើក​តែ​សូម​ពី​ព្រះ‌រាជា ក្នុង​រវាង​៣០​ថ្ងៃ នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​រូង​សិង្ហ​មែន​ឬ​មិន​មែន ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សប​ថា សេចក្ដី​នោះ​ពិត​មែន​ហើយ តាម​របៀប​ច្បាប់​នៃ​សាសន៍​មេឌី និង​សាសន៍​ពើស៊ី ដែល​នឹង​ផ្លាស់​ប្តូរ​មិន​បាន​ឡើយ

13. នោះ​គេ​ក៏​ទូល​ដល់​ស្តេច​ថា ឈ្មោះ​ដានី‌យ៉ែល​នោះ ដែល​ជា​ពួក​ឈ្លើយ​សាសន៍​យូដា មិន​អើពើ​ចំពោះ​ទ្រង់​ទេ ឱ​ព្រះ‌ករុណា​អើយ ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ច្បាប់​បំរាម ដែល​ទ្រង់​បាន​ចុះ​ហត្ថ‌លេខា​ហើយ នោះ​ដែរ គឺ​ចេះ​តែ​អធិស្ឋាន​សូម​១​ថ្ងៃ​៣​ដង​វិញ

14. កាល​ស្តេច​បាន​ឮ​ពាក្យ​ទាំង​នោះ ទ្រង់​ក៏​ទោមនស្ស​ជា​ខ្លាំង ហើយ​តាំង​ព្រះ‌ទ័យ​នឹង​រក​ដោះ​ដានី‌យ៉ែល​ឲ្យ​រួច ទ្រង់​ខំ​រក​ផ្លូវ​ជួយ​ឲ្យ​លោក​រួច ដរាប​ដល់​ថ្ងៃ​លិច

សូមអានជំពូកពេញលេញ ដានីយ៉ែល 6