គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 5:16-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ប៉ុន្តែ​ចំណែក​លោក យើង​បាន​ឮ​ថា លោក​ប៉ិន‌ប្រសប់​នឹង​ប្រែ​សេចក្ដី ហើយ​កែ​ន័យ​ដ៏​ជ្រាល‌ជ្រៅ​បាន ឥឡូវ​នេះ បើ​លោក​អាច​នឹង​មើល​អក្សរ​នេះ ហើយ​ប្រែ​ន័យ​សេចក្ដី​ឲ្យ​យើង​ស្តាប់​បាន នោះ​លោក​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​មាន​ខ្សែ​មាស​ពាក់​នៅ​ក​ផង ក៏​នឹង​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង​ទី​៣​ក្នុង​នគរ។

17. នោះ​ដានី‌យ៉ែល លោក​ទូល​តប​នឹង​ស្តេច​ថា ឯ​អំណោយ​ទាន​របស់​ព្រះ‌ករុណា សូម​ទុក​សំរាប់​ព្រះ‌អង្គ​ទ្រង់ ហើយ​សូម​ប្រទាន​រង្វាន់​ដល់​អ្នក​ដទៃ​ទៀត​ចុះ ប៉ុន្តែ​ចំណែក​ទូល‌បង្គំៗ​នឹង​អាន​មើល​អក្សរ​នេះ ថ្វាយ​ទ្រង់​ព្រះ‌ករុណា ហើយ​នឹង​បក​ប្រែ​ថ្វាយ​ទ្រង់​ជ្រាប​ផង

18. បពិត្រ​ព្រះ‌រាជា​ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​បាន​ប្រទាន​រាជ្យ អំណាច សិរី‌ល្អ និង​ឥទ្ធា‌នុភាព​ដល់​នេប៊ូ‌ក្នេសា ជា​ព្រះ‌បិតា​ទ្រង់

19. បណ្តា‌ជន​ទាំង‌ឡាយ និង​គ្រប់​សាសន៍ គ្រប់​ភាសា​ក៏​ញាប់‌ញ័រ ហើយ​កោត‌ខ្លាច​ចំពោះ​ទ្រង់ ដោយ​ព្រោះ​អំណាច ដែល​ព្រះ​បាន​ប្រទាន​នោះ អ្នក​ណា​ដែល​ទ្រង់​ចង់​សំឡាប់ នោះ​ក៏​សំឡាប់​ទៅ ហើយ​អ្នក​ណា​ដែល​ចង់​ទុក​ឲ្យ​រស់​នៅ នោះ​ក៏​ទុក​តាម​ព្រះ‌ទ័យ ឯ​អ្នក​ណា​ដែល​ទ្រង់​ចង់​តាំង​ឡើង នោះ​ក៏​តាំង ហើយ​អ្នក​ណា​ដែល​ទ្រង់​ចង់​ទំលាក់​ចុះ នោះ​ក៏​ទំលាក់​ទៅ

20. តែ​កាល​ព្រះ‌ទ័យ​ទ្រង់​បាន​ប៉ោង​ឡើង ត្រឡប់​ជា​រឹង​ត្អឹង​ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រព្រឹត្ត ដោយ​សេចក្ដី​អំនួត នោះ​ទ្រង់​ត្រូវ​ទំលាក់​ចុះ​ពី​បល្ល័ង្ក​រាជ្យ​របស់​ទ្រង់ ហើយ​គេ​ក៏​ដក​កិត្តិយស​របស់​ទ្រង់​ចេញ

21. ទ្រង់​ត្រូវ​បណ្តេញ​ពី​ពួក​មនុស្ស​ទៅ ហើយ​ព្រះ‌ទ័យ​ទ្រង់​បាន​ត្រឡប់​ទៅ ដូច​ជា​ចិត្ត​របស់​សត្វ​វិញ ទ្រង់​មាន​ទី​លំនៅ​ជា​មួយ​នឹង​លា​ព្រៃ ក៏​សោយ​ស្មៅ​ដូច​ជា​គោ ហើយ​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ថា ទ្រង់​តាំង​អ្នក​ណា​ឡើង​ឲ្យ​គ្រប់‌គ្រង នោះ​ក៏​តាម​ព្រះ‌ហឫ‌ទ័យ

22. តែ​ទ្រង់ ដែល​ជា​ព្រះ‌រាជ​បុត្រ ឱ​បេល‌សាសារ​អើយ ទោះ​បើ​ទ្រង់​បាន​ជ្រាប​រឿង​ទាំង​នោះ​ហើយ​ក៏​ដោយ គង់​តែ​ទ្រង់​មិន​បាន​បន្ទាប​ព្រះ‌ទ័យ​ដែរ

23. គឺ​ទ្រង់​បាន​លើក​អង្គ​ទ្រង់​ឡើង ទាស់​នឹង​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌​វិញ ហើយ​គេ​បាន​នាំ​យក​ពែង​របស់​ព្រះ‌វិហារ​នៃ​ព្រះ​មក​ចំពោះ​ទ្រង់ ឯ​ទ្រង់ និង​អស់​ពួក​សេនាបតី​របស់​ទ្រង់ ព្រម​ទាំង​ភរិយា និង​ពួក​ស្រី​អ្នក‌ម្នាង​ទាំង​អស់​គ្នា បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ពែង​ទាំង​នោះ ក៏​បាន​សរសើរ​ដល់​អស់​ទាំង​ព្រះ ដែល​ធ្វើ​ពី​ប្រាក់ មាស លង្ហិន ដែក ឈើ និង​ថ្ម ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ក៏​មិន​ដឹង​អ្វី​សោះ តែ​ចំណែក​ព្រះ​ដែល​ក្តាប់​ដង្ហើម​ជីវិត​ព្រះ‌ករុណា​នៅ​ក្នុង​ព្រះ‌ហស្ត ហើយ​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌ករុណា​ជា​របស់​ផង​ព្រះ​នោះ​ដែរ នោះ​ព្រះ‌ករុណា​មិន​បាន​លើក​ដំកើង​ព្រះ‌អង្គ​នោះ​សោះ

24. យ៉ាង​នោះ​បាន​ជា​ចាត់​ប្រើ​ចំណែក​ដៃ​នេះ​ពី​ចំពោះ​ព្រះ​មក ហើយ​មាន​កត់​អក្សរ​នេះ​ទុក​នៅ

25. ឯ​ពាក្យ​ដែល​បាន​សរសេរ​នោះ គឺ​ថា «មេនេ មេនេ ទេកិល អ៊ូផារ‌ស៊ីន»

26. ហើយ​នេះ​ជា​សេចក្ដី​បក​ប្រែ​នៃ​ពាក្យ​ទាំង​នោះ «មេនេ»ប្រែ​ថា ព្រះ​បាន​រាប់​ថ្ងៃ​នៃ​រាជ្យ​ទ្រង់ ហើយ​បាន​ធ្វើ​ឲ្យ​ផុត​ទៅ

27. «ទេកិល» ប្រែ​ថា ទ្រង់​បាន​ត្រូវ​ថ្លឹង​នៅ​ជញ្ជីង ឃើញ​ថា​ខ្វះ​ខាត

28. ឯ«ពេរេស»នោះ​ប្រែ​ថា នគរ​របស់​ទ្រង់​ត្រូវ​បែង​ចែក​ឲ្យ​ដល់​ពួក​សាសន៍​មេឌី និង​សាសន៍​ពើស៊ី​ហើយ។

29. នោះ​បេល‌សាសារ​ទ្រង់​ក៏​ចេញ​បង្គាប់ ហើយ​គេ​បំពាក់​ដានី‌យ៉ែល​ដោយ​សំពត់​ពណ៌​ស្វាយ ព្រម​ទាំង​ខ្សែ​មាស​នៅ​ក​ផង រួច​ក៏​ប្រកាស​ប្រាប់​ពី​ដំណើរ​លោក​ថា ត្រូវ​បាន​ជា​អ្នក​គ្រប់‌គ្រង​ទី​៣​ក្នុង​នគរ

30. នៅ​យប់​នោះ​ឯង​បេល‌សាសារ ជា​ស្តេច​សាសន៍​ខាល់ដេ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត

31. ហើយ​ដារី‌យុស ជា​សាសន៍​មេឌី ដែល​មាន​ព្រះ‌ជន្ម​ប្រមាណ​៦២​ឆ្នាំ​ហើយ ក៏​ទទួល​គ្រង‌រាជ្យ​ឡើង។

សូមអានជំពូកពេញលេញ ដានីយ៉ែល 5