គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 5:1-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ស្តេច​បេល‌សាសារ ទ្រង់​ជប់‌លៀង​យ៉ាង​ធំ ដល់​ពួក​សេនាបតី​របស់​ទ្រង់​១​ពាន់​នាក់ ហើយ​ក៏​សោយ​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ចំពោះ​អ្នក​ទាំង​១​ពាន់​នាក់​នោះ

2. កាល​បេល‌សាសារ​កំពុង​តែ​ភ្លក់​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​ទ្រង់​ក៏​បង្គាប់​ឲ្យ​គេ​យក​ពែង​មាស ពែង​ប្រាក់ ដែល​នេប៊ូ‌ក្នេសា ជា​បិតា​ទ្រង់ បាន​ប្រមូល​យក​ពី​ព្រះ‌វិហារ ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មក សំរាប់​ឲ្យ​ស្តេច និង​ពួក​សេនាបតី​របស់​ទ្រង់​ព្រម​ទាំង​ពួក​ភរិយា ហើយ​ពួក​ស្រី​អ្នក‌ម្នាង​របស់​គេ​ទាំង​អស់​គ្នា​បាន​ផឹក

3. ដូច្នេះ គេ​ក៏​យក​ពែង​មាស ដែល​បាន​ប្រមូល​យក​ពី​ទី​បរិសុទ្ធ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មក​ថ្វាយ រួច​ស្តេច និង​ពួក​សេនាបតី​របស់​ទ្រង់ ព្រម​ទាំង​ពួក​ភរិយា និង​ពួក​ស្រី​អ្នក‌ម្នាង​ទាំង​ប៉ុន្មាន​ក៏​ផឹក​ពី​ពែង​ទាំង​នោះ

4. គេ​បាន​ផឹក​ស្រា​បណ្តើរ ហើយ​សរសើរ​ដល់​អស់​ទាំង​ព្រះ​បណ្តើរ ជា​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម។

5. នៅ​វេលា​នោះ​ឯង មាន​ម្រាម​ដៃ​នៃ​មនុស្ស លេច​ចេញ​មក សរសេរ​នៅ​ជញ្ជាំង​នៃ​ព្រះ‌រាជ‌ដំណាក់ ប្រទល់​មុខ​នឹង​ជើង​ចង្កៀង ស្តេច​ទ្រង់​ក៏​ឃើញ​ចំណែក​ដៃ​ដែល​សរសេរ​នោះ

6. ដូច្នេះ ព្រះ‌ភក្ត្រ​បំព្រង​នៃ​ស្តេច​ក៏​ផ្លាស់​ប្រែ​ទៅ ហើយ​គំនិត​ទ្រង់​ក៏​នាំ​ឲ្យ​បារម្ភ​ព្រួយ​វិញ កំឡាំង​ទ្រង់​ក៏​ល្វើយ​ទៅ ហើយ​ព្រះ‌ជង្ឃ​ទ្រង់​ប្រដំ​គ្នា

7. ស្តេច​ទ្រង់​ស្រែក​យ៉ាង​ខ្លាំង បង្គាប់​ឲ្យ​នាំ​ពួក​អាប‌ធ្មប់ និង​ពួក​ខាល់ដេ ហើយ​ពួក​គ្រូ​ទាយ​មក រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ពួក​អ្នក​ប្រាជ្ញ ដែល​នៅ​ក្រុង​បាប៊ី‌ឡូន​ថា អ្នក​ណា​ដែល​អាន​មើល​អក្សរ​នេះ ហើយ​ស្រាយ​ន័យ​ឲ្យ​យើង​ផង អ្នក​នោះ​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​នឹង​មាន​ខ្សែ​មាស​ពាក់​នៅ​ក ក៏​នឹង​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង​ទី​៣​ក្នុង​នគរ

8. ខណៈ​នោះ អស់​ទាំង​ពួក​អ្នក​ប្រាជ្ញ​របស់​ស្តេច​ក៏​ចូល​មក តែ​គេ​មើល​អក្សរ​នោះ​មិន​បាន​ឡើយ ក៏​មិន​អាច​នឹង​ស្រាយ​ន័យ​ថ្វាយ​ស្តេច​បាន​ដែរ

9. ដូច្នេះ បេល‌សាសារ​ទ្រង់​មាន​ព្រះ‌ទ័យ​វិតក្ក​ជា​ខ្លាំង ហើយ​ព្រះ‌ភក្ត្រ​ទ្រង់​ក៏​ស្លុត​ទៅ ឯ​ពួក​សេនាបតី​របស់​ទ្រង់​គេ​ក៏​ទាល់​គំនិត​ដែរ។

10. រីឯ​អគ្គ‌មហេសី ព្រះ‌នាង​ក៏​យាង​ចូល​ទៅ​ក្នុង​រោង​លៀង ដោយ​ឮ​ព្រះ‌បន្ទូល​នៃ​ស្តេច និង​ពួក​សេនាបតី​របស់​ទ្រង់ ព្រះ‌នាង​ទូល​ដល់​ស្តេច​ថា បពិត្រ​ព្រះ‌ករុណា​សូម​ទ្រង់​មាន​ព្រះ‌ជន្ម​ចំរើន​នៅ​ជា​យឺន‌យូរ សូម​កុំ​ឲ្យ​គំនិត​ទ្រង់​នាំ​ឲ្យ​មាន​ព្រះ‌ទ័យ​វិតក្ក​ឡើយ ក៏​កុំ​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ផ្លាស់​ប្រែ​ទៅ​ដូច្នេះ​ដែរ

11. ដ្បិត​នៅ​ក្នុង​នគរ​ទ្រង់ មាន​មនុស្ស​ម្នាក់​ឈ្មោះ​ដានី‌យ៉ែល ជា​អ្នក​ដែល​មាន​វិញ្ញាណ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ ហើយ​នៅ​ក្នុង​រាជ្យ​នៃ​ព្រះ‌បិតា​ទ្រង់ នោះ​ឃើញ​មាន​ពន្លឺ និង​យោបល់ ព្រម​ទាំង​ប្រាជ្ញា ដូច​ជា​ប្រាជ្ញា​របស់​ពួក​ព្រះ​នៅ​ក្នុង​អ្នក​នោះ រីឯ​ស្តេច​នេប៊ូ‌ក្នេសា បិតា​ទ្រង់ ក៏​បាន​តាំង​អ្នក​នោះ​ឡើង ជា​អធិបតី​លើ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ និង​ពួក​គ្រូ​ទាយ អើ គឺ​ជា​ស្តេច ជា​បិតា​ទ្រង់​នោះ​ឯង ដែល​តាំង​គេ

12. ពី​ព្រោះ​ឃើញ​ថា មាន​វិញ្ញាណ​យ៉ាង​វិសេស មាន​ដំរិះ និង​យោបល់ ក៏​មាន​ចំណេះ​ចេះ​កាត់​ស្រាយ​សប្តិ និង​ដោះ​ស្រាយ​ប្រស្នា ហើយ​កែ​សេចក្ដី​ដ៏​ជ្រាល‌ជ្រៅ នៅ​ក្នុង​ខ្លួន​អ្នក​នោះ ដែល​ស្តេច​ទ្រង់​ប្រទាន​ឈ្មោះ​ថា បេល‌ថិស្សា‌សារ ដូច្នេះ សូម​ឲ្យ​គេ​ហៅ​ដានី‌យ៉ែល​នោះ​មក​ឥឡូវ លោក​នឹង​បក​ប្រែ​សេចក្ដី​ថ្វាយ​ទ្រង់។

13. ដូច្នេះ គេ​ក៏​នាំ​ដានី‌យ៉ែល​ចូល​មក ចំពោះ​ស្តេច​ហើយ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ដានី‌យ៉ែល​ថា តើ​លោក​ជា​ឈ្មោះ​ដានី‌យ៉ែល​នោះ នៅ​ក្នុង​ពួក​ឈ្លើយ​សាសន៍​យូដា​ដែល​ស្តេច ជា​បិតា​យើង បាន​ដឹក‌នាំ​ចេញ​ពី​ស្រុក​យូដា​មក​ឬ​អី

14. យើង​បាន​ឮ​និយាយ​ពី​លោក​ថា មាន​វិញ្ញាណ​នៃ​ពួក​ព្រះ​សណ្ឋិត​លើ​លោក ហើយ​ថា​មាន​ពន្លឺ យោបល់ និង​ប្រាជ្ញា​ស្រួច‌ស្រាល់​នៅ​ក្នុង​ខ្លួន​លោក

15. រីឯ​ពួក​អ្នក​ប្រាជ្ញ និង​ពួក​គ្រូ​អង្គុយ​ធម៌​បាន​ចូល​មក​ចំពោះ​យើង ដើម្បី​ឲ្យ​បាន​អាន​មើល​អក្សរ​នេះ ហើយ​នឹង​ប្រែ​ន័យ​សេចក្ដី​មក​ឲ្យ​ស្តាប់​បាន តែ​គេ​មិន​អាច​នឹង​ប្រែ​បាន​ទេ

16. ប៉ុន្តែ​ចំណែក​លោក យើង​បាន​ឮ​ថា លោក​ប៉ិន‌ប្រសប់​នឹង​ប្រែ​សេចក្ដី ហើយ​កែ​ន័យ​ដ៏​ជ្រាល‌ជ្រៅ​បាន ឥឡូវ​នេះ បើ​លោក​អាច​នឹង​មើល​អក្សរ​នេះ ហើយ​ប្រែ​ន័យ​សេចក្ដី​ឲ្យ​យើង​ស្តាប់​បាន នោះ​លោក​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​មាន​ខ្សែ​មាស​ពាក់​នៅ​ក​ផង ក៏​នឹង​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង​ទី​៣​ក្នុង​នគរ។

17. នោះ​ដានី‌យ៉ែល លោក​ទូល​តប​នឹង​ស្តេច​ថា ឯ​អំណោយ​ទាន​របស់​ព្រះ‌ករុណា សូម​ទុក​សំរាប់​ព្រះ‌អង្គ​ទ្រង់ ហើយ​សូម​ប្រទាន​រង្វាន់​ដល់​អ្នក​ដទៃ​ទៀត​ចុះ ប៉ុន្តែ​ចំណែក​ទូល‌បង្គំៗ​នឹង​អាន​មើល​អក្សរ​នេះ ថ្វាយ​ទ្រង់​ព្រះ‌ករុណា ហើយ​នឹង​បក​ប្រែ​ថ្វាយ​ទ្រង់​ជ្រាប​ផង

18. បពិត្រ​ព្រះ‌រាជា​ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​បាន​ប្រទាន​រាជ្យ អំណាច សិរី‌ល្អ និង​ឥទ្ធា‌នុភាព​ដល់​នេប៊ូ‌ក្នេសា ជា​ព្រះ‌បិតា​ទ្រង់

19. បណ្តា‌ជន​ទាំង‌ឡាយ និង​គ្រប់​សាសន៍ គ្រប់​ភាសា​ក៏​ញាប់‌ញ័រ ហើយ​កោត‌ខ្លាច​ចំពោះ​ទ្រង់ ដោយ​ព្រោះ​អំណាច ដែល​ព្រះ​បាន​ប្រទាន​នោះ អ្នក​ណា​ដែល​ទ្រង់​ចង់​សំឡាប់ នោះ​ក៏​សំឡាប់​ទៅ ហើយ​អ្នក​ណា​ដែល​ចង់​ទុក​ឲ្យ​រស់​នៅ នោះ​ក៏​ទុក​តាម​ព្រះ‌ទ័យ ឯ​អ្នក​ណា​ដែល​ទ្រង់​ចង់​តាំង​ឡើង នោះ​ក៏​តាំង ហើយ​អ្នក​ណា​ដែល​ទ្រង់​ចង់​ទំលាក់​ចុះ នោះ​ក៏​ទំលាក់​ទៅ

សូមអានជំពូកពេញលេញ ដានីយ៉ែល 5