គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 5:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ស្តេច​បេល‌សាសារ ទ្រង់​ជប់‌លៀង​យ៉ាង​ធំ ដល់​ពួក​សេនាបតី​របស់​ទ្រង់​១​ពាន់​នាក់ ហើយ​ក៏​សោយ​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ចំពោះ​អ្នក​ទាំង​១​ពាន់​នាក់​នោះ

2. កាល​បេល‌សាសារ​កំពុង​តែ​ភ្លក់​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​ទ្រង់​ក៏​បង្គាប់​ឲ្យ​គេ​យក​ពែង​មាស ពែង​ប្រាក់ ដែល​នេប៊ូ‌ក្នេសា ជា​បិតា​ទ្រង់ បាន​ប្រមូល​យក​ពី​ព្រះ‌វិហារ ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មក សំរាប់​ឲ្យ​ស្តេច និង​ពួក​សេនាបតី​របស់​ទ្រង់​ព្រម​ទាំង​ពួក​ភរិយា ហើយ​ពួក​ស្រី​អ្នក‌ម្នាង​របស់​គេ​ទាំង​អស់​គ្នា​បាន​ផឹក

3. ដូច្នេះ គេ​ក៏​យក​ពែង​មាស ដែល​បាន​ប្រមូល​យក​ពី​ទី​បរិសុទ្ធ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មក​ថ្វាយ រួច​ស្តេច និង​ពួក​សេនាបតី​របស់​ទ្រង់ ព្រម​ទាំង​ពួក​ភរិយា និង​ពួក​ស្រី​អ្នក‌ម្នាង​ទាំង​ប៉ុន្មាន​ក៏​ផឹក​ពី​ពែង​ទាំង​នោះ

4. គេ​បាន​ផឹក​ស្រា​បណ្តើរ ហើយ​សរសើរ​ដល់​អស់​ទាំង​ព្រះ​បណ្តើរ ជា​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម។

5. នៅ​វេលា​នោះ​ឯង មាន​ម្រាម​ដៃ​នៃ​មនុស្ស លេច​ចេញ​មក សរសេរ​នៅ​ជញ្ជាំង​នៃ​ព្រះ‌រាជ‌ដំណាក់ ប្រទល់​មុខ​នឹង​ជើង​ចង្កៀង ស្តេច​ទ្រង់​ក៏​ឃើញ​ចំណែក​ដៃ​ដែល​សរសេរ​នោះ

6. ដូច្នេះ ព្រះ‌ភក្ត្រ​បំព្រង​នៃ​ស្តេច​ក៏​ផ្លាស់​ប្រែ​ទៅ ហើយ​គំនិត​ទ្រង់​ក៏​នាំ​ឲ្យ​បារម្ភ​ព្រួយ​វិញ កំឡាំង​ទ្រង់​ក៏​ល្វើយ​ទៅ ហើយ​ព្រះ‌ជង្ឃ​ទ្រង់​ប្រដំ​គ្នា

7. ស្តេច​ទ្រង់​ស្រែក​យ៉ាង​ខ្លាំង បង្គាប់​ឲ្យ​នាំ​ពួក​អាប‌ធ្មប់ និង​ពួក​ខាល់ដេ ហើយ​ពួក​គ្រូ​ទាយ​មក រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ពួក​អ្នក​ប្រាជ្ញ ដែល​នៅ​ក្រុង​បាប៊ី‌ឡូន​ថា អ្នក​ណា​ដែល​អាន​មើល​អក្សរ​នេះ ហើយ​ស្រាយ​ន័យ​ឲ្យ​យើង​ផង អ្នក​នោះ​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​នឹង​មាន​ខ្សែ​មាស​ពាក់​នៅ​ក ក៏​នឹង​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង​ទី​៣​ក្នុង​នគរ

8. ខណៈ​នោះ អស់​ទាំង​ពួក​អ្នក​ប្រាជ្ញ​របស់​ស្តេច​ក៏​ចូល​មក តែ​គេ​មើល​អក្សរ​នោះ​មិន​បាន​ឡើយ ក៏​មិន​អាច​នឹង​ស្រាយ​ន័យ​ថ្វាយ​ស្តេច​បាន​ដែរ

9. ដូច្នេះ បេល‌សាសារ​ទ្រង់​មាន​ព្រះ‌ទ័យ​វិតក្ក​ជា​ខ្លាំង ហើយ​ព្រះ‌ភក្ត្រ​ទ្រង់​ក៏​ស្លុត​ទៅ ឯ​ពួក​សេនាបតី​របស់​ទ្រង់​គេ​ក៏​ទាល់​គំនិត​ដែរ។

10. រីឯ​អគ្គ‌មហេសី ព្រះ‌នាង​ក៏​យាង​ចូល​ទៅ​ក្នុង​រោង​លៀង ដោយ​ឮ​ព្រះ‌បន្ទូល​នៃ​ស្តេច និង​ពួក​សេនាបតី​របស់​ទ្រង់ ព្រះ‌នាង​ទូល​ដល់​ស្តេច​ថា បពិត្រ​ព្រះ‌ករុណា​សូម​ទ្រង់​មាន​ព្រះ‌ជន្ម​ចំរើន​នៅ​ជា​យឺន‌យូរ សូម​កុំ​ឲ្យ​គំនិត​ទ្រង់​នាំ​ឲ្យ​មាន​ព្រះ‌ទ័យ​វិតក្ក​ឡើយ ក៏​កុំ​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ផ្លាស់​ប្រែ​ទៅ​ដូច្នេះ​ដែរ

សូមអានជំពូកពេញលេញ ដានីយ៉ែល 5