គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 4:24-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. បពិត្រ​ព្រះ‌ករុណា នេះ​ជា​សេចក្ដី​សំរាយ ហើយ​គឺ​ជា​បង្គាប់​ដែល​មក​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ការ​ដែល​ត្រូវ​មក​ដល់​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​ជីវិត​នៃ​ទូល‌បង្គំ

25. គឺ​ថា​ទ្រង់​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​មនុស្ស​លោក​ទៅ ហើយ​ទ្រង់​នឹង​មាន​ទី​លំនៅ​ជា​មួយ​នឹង​អស់​ទាំង​សត្វ​នៅ​ផែនដី ឲ្យ​ទ្រង់​បាន​សោយ​ស្មៅ​ដូច​ជា​គោ ទ្រង់​នឹង​ត្រូវ​ទទឹក ដោយ​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​បាន​កន្លង​អស់​៧​ខួប ទាល់​តែ​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​ដល់​អ្នក​ណា​តាម​ព្រះ‌ហឫ‌ទ័យ

26. ឯ​ដំណើរ​ដែល​គេ​បាន​បង្គាប់​ឲ្យ​ទុក​គល់ និង​ឫស​នៃ​ដើម​នោះ​ឲ្យ​នៅ នោះ​គឺ​ថា រាជ្យ​ទ្រង់​នឹង​បាន​ទុក​នៅ​សំរាប់​កាល​ណា​ទ្រង់​បាន​ជ្រាប​ថា ស្ថាន‌សួគ៌​មាន​អំណាច​គ្រប់‌គ្រង

27. ដូច្នេះ ឱ​ព្រះ‌ករុណា​អើយ សូម​ឲ្យ​ទ្រង់​បាន​រាប់​សេចក្ដី​ទូន្មាន​របស់​ទូល‌បង្គំ​ជា​គួរ​ទទួល​ចុះ សូម​ឲ្យ​ទ្រង់​ផ្តាច់​អំពើ​បាប​របស់​ទ្រង់​ចេញ ដោយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត​វិញ ហើយ​ផ្តាច់​អំពើ​ទុច្ចរិត​របស់​ទ្រង់​ចេញ​ផង ដោយ​សំដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​ពួក​ក្រីក្រ ក្រែង​នឹង​មាន​សេចក្ដី​សុខ​ជា​អង្វែង​ត​ទៅ។

28. ការ​ទាំង​នោះ​ក៏​កើត​ដល់​ស្តេច​នេប៊ូ‌ក្នេសា

29. លុះ​កន្លង​បាន​១២​ខែ​ហើយ នោះ​ទ្រង់​កំពុង​យាង​ក្នុង​ព្រះ‌រាជ‌វាំង​នៅ​ក្រុង​បាប៊ី‌ឡូន

30. ខណៈ​នោះ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នេះ​តើ​មិន​មែន​ជា​ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ដែល​អញ​បាន​ស្អាង​ទុក​ជា​ព្រះ‌រាជ‌ស្ថាន ដោយ​អានុ‌ភាព​នៃ​អំណាច​របស់​អញ ហើយ​សំរាប់​ជា​សិរី‌ល្អ​នៃ​ឥទ្ធា‌នុភាព​របស់​អញ​ទេ​ឬ

31. កាល​ស្តេច​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នោះ​នៅ​ឡើយ នោះ​មាន​ឮ​សំឡេង​ធ្លាក់​មក​ពី​លើ​មេឃ​ថា ម្នាល​ស្តេច​នេប៊ូ‌ក្នេសា​អើយ មាន​សេចក្ដី​ប្រាប់​ដល់​ឯង​ហើយ ថា​រាជ្យ​បាន​ផុត​ចេញ​ពី​ឯង​ហើយ

32. ឯង​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ពួក​មនុស្ស​លោក​ទៅ ឯង​នឹង​មាន​ទី​លំនៅ​ជា​មួយ​នឹង​ពួក​សត្វ​នៅ​ផែនដី ឲ្យ​បាន​ស៊ី​ស្មៅ​ដូច​ជា​គោ ដរាប​ដល់​បាន​កន្លង​ទៅ​អស់​៧​ខួប ទាល់​តែ​ឯង​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​ដល់​អ្នក​ណា តាម​ព្រះ‌ហឫ‌ទ័យ

33. នៅ​វេលា​នោះ​ឯង​ពាក្យ​នោះ​បាន​សំរេច​ដល់​នេប៊ូ‌ក្នេសា គឺ​ទ្រង់​ត្រូវ​បណ្តេញ​ចេញ​ពី​ពួក​មនុស្ស​លោក ហើយ​ក៏​សោយ​ស្មៅ​ដូច​ជា​គោ អង្គ​ទ្រង់​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​លើ​មេឃ ទាល់​តែ​ព្រះ‌កេស​ទ្រង់​បាន​ដុះ​វែង ដូច​ជា​ស្លាប​ឥន្ទ្រី ហើយ​នខា​ទ្រង់​ក៏​ដូច​ជា​ក្រចក​នៃ​សត្វ​ស្លាប។

34. លុះ​ដល់​ផុត​ពេល​កំណត់​ហើយ នោះ​នេប៊ូ‌ក្នេសា​យើង​បាន​ងើប​ភ្នែក​ឡើង​ទៅ​លើ​មេឃ ហើយ​សតិ‌ស្មារតី​ក៏​ត្រឡប់​មក​ឯ​យើង​វិញ រួច​យើង​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រម​ទាំង​សរសើរ ហើយ​លើក​ដំកើង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប‌ជានិច្ច​ផង ដោយ​ព្រោះ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​រាជ្យ​ទ្រង់​ក៏​នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ

35. ឯ​អស់​ទាំង​មនុស្ស​លោក​ក៏​រាប់​ទុក​ជា​ឥត​ការ​ទទេ ទ្រង់​ធ្វើ​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ក្នុង​ពួក​ពល​បរិវារ​នៃ​ស្ថាន‌សួគ៌ ហើយ​នៅ​កណ្តាល​ពួក​មនុស្ស​លោក​ផង ឥត​មាន​អ្នក​ណា​អាច​នឹង​ឃាត់​ទប់​ព្រះ‌ហស្ត​ទ្រង់ ឬ​នឹង​ទូល​សួរ​ទ្រង់​ថា ទ្រង់​ធ្វើ​អ្វី​ដូច្នេះ​បាន​ឡើយ

36. នៅ​វេលា​នោះ​ឯង សតិ‌ស្មារតី​របស់​យើង​ក៏​ត្រឡប់​មក​វិញ ឯ​សិរី‌ល្អ​នៃ​រាជ្យ​យើង ហើយ​នឹង​ឥទ្ធា‌នុភាព ព្រម​ទាំង​រស្មី​ពន្លឺ ក៏​មក​ឯ​យើង​វិញ​ដែរ ពួក​ប្រឹក្សា និង​ពួក​សេនាបតី គេ​មក​រក​យើង គឺ​យើង​បាន​តាំង​ឡើង​នៅ​ក្នុង​រាជ្យ​របស់​យើង​វិញ ហើយ​អំណាច​យើង​ក៏​កាន់​តែ​ធំ​ថែម​ឡើង

សូមអានជំពូកពេញលេញ ដានីយ៉ែល 4