គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 3:16-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. តែ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ​ទូល​ឆ្លើយ​ដល់​ស្តេច​ថា បពិត្រ​ព្រះ‌រាជា​នេប៊ូ‌ក្នេសា យើង​ខ្ញុំ​មិន​ចាំ​បាច់​ទូល​ឆ្លើយ​ដល់​ទ្រង់​ពី​ដំណើរ​នេះ​ទេ

17. បើ​ជា​យ៉ាង​នោះ​មែន នោះ​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិ‌បត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ បពិត្រ​ព្រះ‌ករុណា ព្រះ‌អង្គ​នោះ​ក៏​នឹង​ជួយ​ឲ្យ​យើង​រួច​ពី​ព្រះ‌ហស្ត​ទ្រង់​ដែរ

18. តែ​បើ​មិន​ជួយ​ទេ នោះ​សូម​ឲ្យ​ទ្រង់​ព្រះ‌ករុណា​ជ្រាប​ថា យើង​ខ្ញុំ​មិន​ព្រម​គោរព​តាម​ព្រះ​របស់​ទ្រង់​ឡើយ ក៏​មិន​ព្រម​ថ្វាយ‌បង្គំ​ដល់​រូប​មាស ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ។

19. នោះ​នេប៊ូ‌ក្នេសា ទ្រង់​មាន​ពេញ​ដោយ​សេចក្ដី​ឃោរ‌ឃៅ ព្រះ‌ភក្ត្រ​ទ្រង់​ក៏​ផ្លាស់​ប្រែ​ទៅ ទាស់​នឹង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ទ្រង់​ក៏​បង្គាប់​ឲ្យ​គេ​ដុត​គុក​ភ្លើង​ឲ្យ​ក្តៅ​ជាង​ធម្មតា​១​ជា​៧

20. រួច​ទ្រង់​បង្គាប់​ដល់​មនុស្ស​ខ្លាំង​ពូកែ​ខ្លះ​ក្នុង​កង‌ទ័ព​ទ្រង់ ឲ្យ​គេ​ចង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ​នោះ

21. ដូច្នេះ គេ​ក៏​ចង​អ្នក​ទាំង​នោះ​ភ្ជាប់​ទាំង​ខោ​ទាំង​អាវ និង​ឈ្នួត ព្រម​ទាំង​សំលៀក‌បំពាក់​ឯ​ទៀត​ផង បោះ​ចុះ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ​ទៅ

22. ហេតុ​នោះ​ដោយ​ព្រោះ​បង្គាប់​ស្តេច​ក៏​តឹង​រឹង​ណាស់ ហើយ​គុក​ភ្លើង​បាន​ក្តៅ​យ៉ាង​ក្រៃលែង បាន​ជា​អណ្តាត​ភ្លើង​ឆេះ​សំឡាប់​ពួក​អ្នក​ដែល​បាន​លើក​បោះ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ​ទៅ​នោះ

23. ចំណែក​អ្នក​ទាំង​៣​នោះ គឺ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ គេ​ធ្លាក់​ទៅ​កណ្តាល​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ ទាំង​ជាប់​ចំណង​ផង។

24. ខណៈ​នោះ ស្តេច​នេប៊ូ‌ក្នេសា ទ្រង់​មាន​សេចក្ដី​ស្រឡាំង‌កាំង ហើយ​ក៏​ក្រោក​ឡើង​ជា​ប្រញាប់ មាន​ព្រះ‌បន្ទូល​នឹង​ពួក​ជំនិត​របស់​ទ្រង់​ថា តើ​មិន​មែន​៣​នាក់ ដែល​យើង​បោះ​ទៅ​ក្នុង​ភ្លើង​ទាំង​ជាប់​ចំណង​ផង​ទេ​ឬ​អី គេ​ក៏​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា​អើយ ពិត​ហើយ​ដូច្នោះ

25. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល យើង​ឃើញ​៤​នាក់ ឥត​ជាប់​ចំណង​សោះ កំពុង​ដើរ​នៅ​កណ្តាល​ភ្លើង ឥត​មាន​អ្វី​សោះ ឯ​អ្នក​ទី​៤​ក៏​មាន​ភាព​ដូច​ជា​កូន​ព្រះ

សូមអានជំពូកពេញលេញ ដានីយ៉ែល 3