គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 2:37-49 ព្រះគម្ពីរបរិសុទ្ធ (KHOV)

37. បពិត្រ​ព្រះ‌ករុណា ទ្រង់​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច គឺ​ជា​ស្តេច​ដែល​ព្រះ​នៃ​ស្ថាន‌សួគ៌ ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​រាជ្យ​ព្រះ‌ចេស្តា ឥទ្ធិ‌ឫទ្ធិ និង​សិរី‌ល្អ​ទាំង​នេះ

38. ហើយ​កន្លែង​ណា​ដែល​មាន​មនុស្ស​ជាតិ​អាស្រ័យ​នៅ នោះ​ព្រះ​ទ្រង់​បាន​ប្រទាន​ទាំង​សត្វ​នៅ​ដី និង​សត្វ​ហើរ​លើ​អាកាស មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់ ព្រម​ទាំង​តាំង​ទ្រង់​ឲ្យ​គ្រប់‌គ្រង​លើ​ទាំង​អស់​ផង គឺ​ទ្រង់​ដែល​ជា​ក្បាល​មាស​នោះ

39. ត​ពី​ទ្រង់​ទៅ នោះ​នឹង​មាន​នគរ​១​ទៀត​កើត​ឡើង ដែល​ថោក​ជាង​ទ្រង់ រួច​នឹង​មាន​នគរ​១​ទៀត ជា​នគរ​ទី​៣​ដែល​ជា​លង្ហិន នគរ​នោះ​នឹង​មាន​អំណាច​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល

40. ឯ​នគរ​ទី​៤​នឹង​មាន​កំឡាំង​ដូច​ដែក ដ្បិត​ដែល​ដែក​បំបាក់​បំបែក​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​ក៏​កំរាប​ទាំង​អស់​ជា​យ៉ាង​ណា នគរ​នោះ​ក៏​នឹង​បំបែក​បំបាក់​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​កិន​ល្អិត​យ៉ាង​នោះ​ដែរ គឺ​ដូច​ជា​ដែក ដែល​បំបាក់​បំបែក​របស់​ទាំង​នោះ​ឯង

41. ហើយ​ដែល​ទ្រង់​បាន​ឃើញ​ប្រអប់​ជើង និង​ម្រាម​ជើង​នោះ​មាន​១​ចំណែក​ជា​ដី​របស់​ជាង​ស្មូន ហើយ​១​ចំណែក​ទៀត​ជា​ដែក​វិញ នោះ​គឺ​ថា នគរ​នោះ​នឹង​ញែក​បែក​គ្នា តែ​ក្នុង​នគរ​នោះ នឹង​មាន​កំឡាំង​ដូច​ជា​ដែក ដ្បិត​ទ្រង់​បាន​ឃើញ​ដែក​លាយ​នឹង​ដី​ស្អិត​នោះ

42. ហើយ​ដែល​ម្រាម​ជើង​ជា​ដែក និង​ជា​ដី​ឥដ្ឋ លាយ​គ្នា​ជា​យ៉ាង​ណា នគរ​នោះ​នឹង​មាន​កំឡាំង​១​ចំណែក ហើយ​ស្រួយ​១​ចំណែក​យ៉ាង​នោះ​ដែរ

43. ហើយ​ដែល​ទ្រង់​បាន​ឃើញ​ដែក​លាយ​នឹង​ដី​ស្អិត​ជា​យ៉ាង​ណា នោះ​គឺ​គេ​នឹង​លាយ​ខ្លួន​នឹង​អស់​ទាំង​ពូជ​មនុស្ស​ផង​យ៉ាង​នោះ​ដែរ តែ​គេ​នឹង​មិន​នៅ​ជាប់​ជិត​គ្នា​នឹង​គ្នា​ទេ ដូច​ជា​ដែក​ដែល​មិន​លាយ​ជាប់​នឹង​ដី​ដែរ

44. រីឯ​នៅ​គ្រា​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថាន‌សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច

45. គឺ​ដូច​ជា​ទ្រង់​បាន​ឃើញ​ថ្ម​នោះ ដាប់​ផ្តាច់​ចេញ​ពី​ភ្នំ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ ហើយ​ថ្ម​នោះ​បាន​បំបាក់​បំបែក​ទាំង​ដែក លង្ហិន ដី​ឥដ្ឋ ប្រាក់​នឹង​មាស​នោះ​ហើយ គឺ​ព្រះ​ដ៏​ជា​ធំ ទ្រង់​បាន​សំដែង​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ការ​ដែល​ត្រូវ​មក​នៅ​ខាង​មុខ សុបិន​នេះ​ជា​ប្រាកដ​ហើយ ឯ​សេចក្ដី​សំរាយ​ក៏​ជា​ពិត​ដែរ។

46. ដូច្នេះ ស្តេច​នេប៊ូ‌ក្នេសា ទ្រង់​ក្រាប​ផ្កាប់​ព្រះ‌ភក្ត្រ​ថ្វាយ‌បង្គំ​ដល់​ដានី‌យ៉ែល ក៏​បង្គាប់​ឲ្យ​គេ​យក​គ្រឿង​បូជា និង​គ្រឿង​ក្រអូប​មក​គោរព​ដល់​លោក

47. ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ដានី‌យ៉ែល​ថា ពិត​ប្រាកដ​ជា​ព្រះ​នៃ​អ្នក​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ​ហើយ ទ្រង់​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ស្តេច គឺ​ជា​ព្រះ​ដែល​សំដែង​ឲ្យ​យល់​សេចក្ដី​អាថ៌‌កំបាំង ពី​ព្រោះ​ឃើញ​ថា អ្នក​អាច​នឹង​សំដែង ឲ្យ​យល់​សេចក្ដី​អាថ៌‌កំបាំង​នេះ​បាន

48. នោះ​ស្តេច​ទ្រង់​ក៏​តាំង​ដានី‌យ៉ែល​ឡើង​ជា​ធំ ទ្រង់​ប្រទាន​អំណោយ​ទាន​យ៉ាង​វិសេស​ជា​ច្រើន​ដល់​លោក ព្រម​ទាំង​តាំង​លោក ឲ្យ​ត្រួត​លើ​ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល ហើយ​ឲ្យ​បាន​ជា​អធិបតី លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន នៅ​ក្រុង​បាប៊ី‌ឡូន​ផង

49. ឯ​ដានី‌យ៉ែល លោក​សូម​ដល់​ស្តេច ហើយ​ទ្រង់​ក៏​តាំង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ឡើង​ជា​អ្នក​ត្រួត​លើ​ក្រសួង​ការ​ទាំង​ពួង នៅ​ខេត្ត​បាប៊ី‌ឡូន​តែ​ដានី‌យ៉ែល​លោក​នៅ​ក្នុង​ព្រះ‌រាជ‌វាំង​វិញ។

សូមអានជំពូកពេញលេញ ដានីយ៉ែល 2