គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 2:29-40 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. ឯ​ត្រង់​ទ្រង់ ឱ​ព្រះ‌ករុណា​អើយ ទ្រង់​កើត​មាន​គំនិត កាល​ទ្រង់​កំពុង​ផ្ទំ​នៅ​លើ​ព្រះ‌ក្រឡា‌បន្ទំ ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ខាង​មុខ ហើយ​ព្រះ​ដែល​ទ្រង់​សំដែង​ឲ្យ​បាន​យល់​ការ​អាថ៌‌កំបាំង ទ្រង់​បាន​ធ្វើ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ការ​ដែល​ត្រូវ​មក​ដល់

30. តែ​ចំណែក​ទូល‌បង្គំ ការ​អាថ៌‌កំបាំង​នេះ​បាន​សំដែង​មក​ឲ្យ​ទូល‌បង្គំ​យល់ មិន​មែន​ដោយ​ព្រោះ​ទូល‌បង្គំ​មាន​ប្រាជ្ញា លើស​ជាង​មនុស្ស​ណា​ទៀត​ទេ គឺ​ដើម្បី​ឲ្យ​សេចក្ដី​សំរាយ​នោះ បាន​សំដែង​មក ឲ្យ​ទ្រង់​បាន​ជ្រាប​វិញ ហើយ​ឲ្យ​ទ្រង់​ព្រះ‌ករុណា បាន​ជ្រាប​អស់​ទាំង​គំនិត ដែល​ទ្រង់​បាន​គិត​នៅ​ក្នុង​ព្រះ‌ទ័យ​ប៉ុណ្ណោះ។

31. បពិត្រ​ព្រះ‌ករុណា ទ្រង់​បាន​ទត​ឃើញ​រូប​១​យ៉ាង​ធំ​រូប​នោះ​ដែល​ធំ​សំបើម ហើយ​ភ្លឺ​យ៉ាង​អស្ចារ្យ ក៏​ឈរ​នៅ​ចំពោះ​ទ្រង់ មាន​ភាព​គួរ​ស្ញែង‌ខ្លាច

32. ឯ​ក្បាល​របស់​រូប​នោះ ជា​មាស​យ៉ាង​ល្អ ដើម​ទ្រូង និង​ដៃ​ជា​ប្រាក់ ពោះ និង​ភ្លៅ​ជា​លង្ហិន

33. ជើង​ជា​ដែក ហើយ​ប្រអប់​ជើង​ជា​ដែក​លាយ​នឹង​ដី​ឥដ្ឋ

34. ទ្រង់​បាន​ទត​ឃើញ ដរាប​ដល់​មាន​ថ្ម​១​ដាប់​ផ្តាច់​ចេញ ឥត​ដៃ​អ្នក​ណា​ធ្វើ មក​ទង្គិច​ត្រូវ​រូប​នោះ​ត្រង់​ប្រអប់​ជើង ដែល​ធ្វើ​ពី​ដែក និង​ដី​ឥដ្ឋ ក៏​បំបាក់​បំបែក​ខ្ទេច‌ខ្ទី​ទៅ

35. រួច​ទាំង​ដែក ដី​ឥដ្ឋ លង្ហិន ប្រាក់ ហើយ​នឹង​មាស​ក៏​ត្រូវ​បែក​បាក់​ខ្ទេច‌ខ្ទី​ទាំង​អស់ ហើយ​ត្រឡប់​ដូច​ជា​អង្កាម​នៅ​លាន​ស្រូវ​ខែ​ប្រាំង រួច​ខ្យល់​បក់​ផាត់​យក​ទៅ​បាត់ ឥត​ដែល​ឃើញ​ផង់​ណា​របស់​រូប​នោះ​ទៀត​ឡើយ ឯ​ថ្ម​ដែល​ទង្គិច​នឹង​រូប​នោះ ក៏​ត្រឡប់​ទៅ​ជា​ភ្នំ​យ៉ាង​ធំ​នៅ​ពេញ​ផែនដី​ទាំង​ដុំ​មូល។

36. សេចក្ដី​នោះ​ហើយ ជា​សុបិន​របស់​ទ្រង់​ព្រះ‌ករុណា​ឥឡូវ​នេះ យើង​ខ្ញុំ​នឹង​កាត់​ស្រាយ ថ្វាយ​ព្រះ‌ករុណា​ជ្រាប

37. បពិត្រ​ព្រះ‌ករុណា ទ្រង់​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច គឺ​ជា​ស្តេច​ដែល​ព្រះ​នៃ​ស្ថាន‌សួគ៌ ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​រាជ្យ​ព្រះ‌ចេស្តា ឥទ្ធិ‌ឫទ្ធិ និង​សិរី‌ល្អ​ទាំង​នេះ

38. ហើយ​កន្លែង​ណា​ដែល​មាន​មនុស្ស​ជាតិ​អាស្រ័យ​នៅ នោះ​ព្រះ​ទ្រង់​បាន​ប្រទាន​ទាំង​សត្វ​នៅ​ដី និង​សត្វ​ហើរ​លើ​អាកាស មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់ ព្រម​ទាំង​តាំង​ទ្រង់​ឲ្យ​គ្រប់‌គ្រង​លើ​ទាំង​អស់​ផង គឺ​ទ្រង់​ដែល​ជា​ក្បាល​មាស​នោះ

39. ត​ពី​ទ្រង់​ទៅ នោះ​នឹង​មាន​នគរ​១​ទៀត​កើត​ឡើង ដែល​ថោក​ជាង​ទ្រង់ រួច​នឹង​មាន​នគរ​១​ទៀត ជា​នគរ​ទី​៣​ដែល​ជា​លង្ហិន នគរ​នោះ​នឹង​មាន​អំណាច​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល

40. ឯ​នគរ​ទី​៤​នឹង​មាន​កំឡាំង​ដូច​ដែក ដ្បិត​ដែល​ដែក​បំបាក់​បំបែក​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​ក៏​កំរាប​ទាំង​អស់​ជា​យ៉ាង​ណា នគរ​នោះ​ក៏​នឹង​បំបែក​បំបាក់​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​កិន​ល្អិត​យ៉ាង​នោះ​ដែរ គឺ​ដូច​ជា​ដែក ដែល​បំបាក់​បំបែក​របស់​ទាំង​នោះ​ឯង

សូមអានជំពូកពេញលេញ ដានីយ៉ែល 2