គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 2:23-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. ឱ​ព្រះ​នៃ​ពួក​អយ្យកោ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​អរ​ព្រះ‌គុណ ហើយ​ក៏​សរសើរ​ដល់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា និង​អំណាច ហើយ​ឥឡូវ​នេះ​ទ្រង់​បាន​សំដែង​ឲ្យ​ទូល‌បង្គំ​ដឹង​សេចក្ដី ដែល​យើង​ខ្ញុំ​បាន​សូម​ពី​ទ្រង់​ដ្បិត​ទ្រង់​បាន​សំដែង ឲ្យ​យើង​ខ្ញុំ​ស្គាល់​រឿង‌រ៉ាវ​របស់​ស្តេច

24. ដូច្នេះ ដានី‌យ៉ែល​ក៏​ចូល​ទៅ​ឯ​អើយ៉ុក ជា​អ្នក​ដែល​ស្តេច​បាន​បង្គាប់​ឲ្យ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ នៅ​ក្រុង​បាប៊ី‌ឡូន​បង់ នោះ​គឺ​បាន​ទៅ​និយាយ​ដូច្នេះ​ថា សូម​កុំ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ នៅ​ក្រុង​បាប៊ី‌ឡូន​ឡើយ សូម​នាំ​ខ្ញុំ​ចូល​ទៅ​គាល់​ដល់​ស្តេច​ចុះ នោះ​ខ្ញុំ​នឹង​កាត់​ស្រាយ​សេចក្ដី​ថ្វាយ​ទ្រង់​ជ្រាប​វិញ។

25. ដូច្នេះ អើយ៉ុក​ក៏​នាំ​ដានី‌យ៉ែល​ចូល​ទៅ​ចំពោះ​ស្តេច​ដោយ​ប្រញាប់‌ប្រញាល់ ហើយ​ទូល​ថា ទូល‌បង្គំ​រក​បាន​មនុស្ស​ម្នាក់ ក្នុង​កូន​ចៅ​នៃ​ពួក​ឈ្លើយ ជា​សាសន៍​យូដា​ដែល​នឹក​កាត់​ស្រាយ​សេចក្ដី ថ្វាយ​ព្រះ‌ករុណា ឲ្យ​ទ្រង់​ជ្រាប​បាន

26. ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​ជា បេល‌ថិស្សាសារ ថា តើ​អ្នក​អាច​នឹង​ប្រាប់​សប្តិ ដែល​យើង​បាន​ឃើញ​នោះ ហើយ​កាត់​ស្រាយ​ឲ្យ​យើង​ផង​បាន​ឬ

27. នោះ​ដានី‌យ៉ែល​ក៏​ទូល​នៅ​ចំពោះ​ស្តេច​ថា សេចក្ដី​អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​បាន​បង្គាប់​មក នោះ​គ្មាន​ពួក​អ្នក​ប្រាជ្ញ ពួក​គ្រូ​អាប‌ធ្មប់ ពួក​គ្រូ​អង្គុយ​ធម៌ ឬ​គ្រូ​ទាយ​ណា ដែល​អាច​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ

28. តែ​មាន​ព្រះ​១​អង្គ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​សំដែង​ឲ្យ​យល់​សេចក្ដី​អាថ៌‌កំបាំង​បាន ហើយ​ទ្រង់​បាន​សំដែង​ឲ្យ​ព្រះ‌ករុណា​នេប៊ូ‌ក្នេសា​បាន​ជ្រាប ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ថ្ងៃ​ក្រោយ សុបិន​របស់​ទ្រង់ និង​ការ​ជាក់​ស្តែង​ដែល​ទ្រង់​បាន​ឃើញ​កំពុង​ផ្ទំ​លក់ គឺ​យ៉ាង​នេះ

29. ឯ​ត្រង់​ទ្រង់ ឱ​ព្រះ‌ករុណា​អើយ ទ្រង់​កើត​មាន​គំនិត កាល​ទ្រង់​កំពុង​ផ្ទំ​នៅ​លើ​ព្រះ‌ក្រឡា‌បន្ទំ ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ខាង​មុខ ហើយ​ព្រះ​ដែល​ទ្រង់​សំដែង​ឲ្យ​បាន​យល់​ការ​អាថ៌‌កំបាំង ទ្រង់​បាន​ធ្វើ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ការ​ដែល​ត្រូវ​មក​ដល់

30. តែ​ចំណែក​ទូល‌បង្គំ ការ​អាថ៌‌កំបាំង​នេះ​បាន​សំដែង​មក​ឲ្យ​ទូល‌បង្គំ​យល់ មិន​មែន​ដោយ​ព្រោះ​ទូល‌បង្គំ​មាន​ប្រាជ្ញា លើស​ជាង​មនុស្ស​ណា​ទៀត​ទេ គឺ​ដើម្បី​ឲ្យ​សេចក្ដី​សំរាយ​នោះ បាន​សំដែង​មក ឲ្យ​ទ្រង់​បាន​ជ្រាប​វិញ ហើយ​ឲ្យ​ទ្រង់​ព្រះ‌ករុណា បាន​ជ្រាប​អស់​ទាំង​គំនិត ដែល​ទ្រង់​បាន​គិត​នៅ​ក្នុង​ព្រះ‌ទ័យ​ប៉ុណ្ណោះ។

31. បពិត្រ​ព្រះ‌ករុណា ទ្រង់​បាន​ទត​ឃើញ​រូប​១​យ៉ាង​ធំ​រូប​នោះ​ដែល​ធំ​សំបើម ហើយ​ភ្លឺ​យ៉ាង​អស្ចារ្យ ក៏​ឈរ​នៅ​ចំពោះ​ទ្រង់ មាន​ភាព​គួរ​ស្ញែង‌ខ្លាច

32. ឯ​ក្បាល​របស់​រូប​នោះ ជា​មាស​យ៉ាង​ល្អ ដើម​ទ្រូង និង​ដៃ​ជា​ប្រាក់ ពោះ និង​ភ្លៅ​ជា​លង្ហិន

33. ជើង​ជា​ដែក ហើយ​ប្រអប់​ជើង​ជា​ដែក​លាយ​នឹង​ដី​ឥដ្ឋ

34. ទ្រង់​បាន​ទត​ឃើញ ដរាប​ដល់​មាន​ថ្ម​១​ដាប់​ផ្តាច់​ចេញ ឥត​ដៃ​អ្នក​ណា​ធ្វើ មក​ទង្គិច​ត្រូវ​រូប​នោះ​ត្រង់​ប្រអប់​ជើង ដែល​ធ្វើ​ពី​ដែក និង​ដី​ឥដ្ឋ ក៏​បំបាក់​បំបែក​ខ្ទេច‌ខ្ទី​ទៅ

35. រួច​ទាំង​ដែក ដី​ឥដ្ឋ លង្ហិន ប្រាក់ ហើយ​នឹង​មាស​ក៏​ត្រូវ​បែក​បាក់​ខ្ទេច‌ខ្ទី​ទាំង​អស់ ហើយ​ត្រឡប់​ដូច​ជា​អង្កាម​នៅ​លាន​ស្រូវ​ខែ​ប្រាំង រួច​ខ្យល់​បក់​ផាត់​យក​ទៅ​បាត់ ឥត​ដែល​ឃើញ​ផង់​ណា​របស់​រូប​នោះ​ទៀត​ឡើយ ឯ​ថ្ម​ដែល​ទង្គិច​នឹង​រូប​នោះ ក៏​ត្រឡប់​ទៅ​ជា​ភ្នំ​យ៉ាង​ធំ​នៅ​ពេញ​ផែនដី​ទាំង​ដុំ​មូល។

សូមអានជំពូកពេញលេញ ដានីយ៉ែល 2