គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 2:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​ក្នុង​ឆ្នាំ​ទី​២ នៃ​រាជ្យ​នេប៊ូ‌ក្នេសា នោះ​ទ្រង់​បាន​សុបិន​និមិត្ត ហើយ​មាន​វិញ្ញាណ​វិង‌ស៊ុង បាន​ជា​ទ្រង់​ផ្ទំ​មិន​លក់​ឡើយ

2. រួច​ស្តេច​ទ្រង់​បង្គាប់​ឲ្យ​ហៅ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ និង​គ្រូ​អាប‌ធ្មប់ ព្រម​ទាំង​ពួក​ខាល់ដេ​ឲ្យ​មក​កាត់​ស្រាយ​សប្តិ​នោះ​ថ្វាយ​ទ្រង់ គេ​ក៏​ចូល​មក​ឈរ​នៅ​ចំពោះ​ស្តេច

3. រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​គេ​ថា អញ​បាន​យល់​សប្តិ ហើយ​មាន​វិញ្ញាណ​វិង‌ស៊ុង ដោយ​ចង់​ដឹង​ន័យ​ក្នុង​សប្តិ​នោះ

4. ដូច្នេះ ពួក​ខាល់ដេ គេ​ទូល​ឆ្លើយ​ដល់​ស្តេច ជា​ភាសា​អារ៉ាម​ថា បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​ត​រៀង​ទៅ សូម​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​សុបិន​នោះ​មក​យើង​ខ្ញុំ ជា​បាវ​បំរើ​ចុះ នោះ​យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​ជ្រាប

5. តែ​ស្តេច ទ្រង់​មាន​ព្រះ‌បន្ទូល ដល់​ពួក​ខាល់ដេ​ថា សេចក្ដី​នោះ​យើង​បាន​ភ្លេច​ទៅ​ហើយ បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​សប្តិ​នោះ ហើយ​កាត់​ស្រាយ​ផង នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​កាប់​ជា​ដុំៗ ហើយ​ផ្ទះ​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​កន្លែង​បន្ទោ​លាមក

6. តែ​បើ​អ្នក​រាល់​គ្នា​ប្រាប់​សប្តិ​នោះ ព្រម​ទាំង​កាត់​ស្រាយ​ផង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​អំណោយ​ទាន និង​រង្វាន់ ហើយ​កិត្តិយស​ពី​យើង​វិញ ដូច្នេះ ចូរ​ប្រាប់​ពន្យល់​សប្តិ​នោះ​ដល់​យើង ហើយ​កាត់​ស្រាយ​ទៅ​ចុះ

7. គេ​ទូល​ឆ្លើយ​ម្តង​ទៀត​ថា សូម​តែ​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌បន្ទូល​ប្រាប់​សប្តិ​នោះ​ដល់​យើង​ខ្ញុំ ជា​បាវ​បំរើ​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​ជ្រាប

8. ស្តេច​ទ្រង់​តប​ឡើង​ថា យើង​បាន​ដឹង​ពិត​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​ចង់​បាន​ពេល​វេលា ដោយ​ឃើញ​ថា យើង​បាន​ភ្លេច​សេចក្ដី​ទៅ​ហើយ

9. បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ប្រាប់​សប្តិ​នោះ​ដល់​យើង​ទេ នោះ​មាន​ទោស​តែ​១​ប៉ុណ្ណោះ​សំរាប់​អ្នក​ទាំង​អស់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​បាន​បង្កើត​ពាក្យ​ភូត‌ភរ ហើយ​ឆ‌បោក​សំរាប់​ឆ្លើយ​មក​យើង ចាំ​ទំរាំ​តែ​គ្រា​នេះ​បាន​ផ្លាស់​ប្រែ​ទៅ ដូច្នេះ ចូរ​ប្រាប់​សប្តិ​នោះ​ដល់​យើង នោះ​យើង​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​អាច​នឹង​កាត់​ស្រាយ​បាន​មែន

10. តែ​ពួក​ខាល់ដេ គេ​ទូល​ឆ្លើយ​នៅ​ចំពោះ​ស្តេច​ថា គ្មាន​មនុស្ស​ណា​មួយ​នៅ​លើ​ផែនដី​នេះ ដែល​អាច​នឹង​បង្ហាញ​ដំណើរ​នៃ​ព្រះ‌ករុណា​បាន​ទេ ក៏​មិន​ដែល​មាន​ស្តេច​ណា​ទោះ​បើ​ធំ ហើយ​មាន​អំណាច​យ៉ាង​ណា​ក៏​ដោយ ដែល​បាន​បង្គាប់​ការ​យ៉ាង​នេះ​ដល់​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ឬ​ដល់​ពួក​ខាល់ដេ​ណាៗ​ឡើយ

11. ការ​ដែល​ព្រះ‌ករុណា​ទ្រង់​បង្គាប់​នេះ ជា​ការ​កម្រ​មាន​ណាស់ គ្មាន​អ្នក​ណា​អាច​នឹង​បង្ហាញ​ដំណើរ​នេះ​ដល់​ព្រះ‌ករុណា​បាន​ទេ មាន​តែ​ពួក​ព្រះ​ដែល​មិន​ស្ថិត​នៅ​ក្នុង​សាច់​ឈាម​វិញ​ប៉ុណ្ណោះ

12. ហេតុ​ដូច្នេះ ស្តេច​ទ្រង់​ក៏​ខ្ញាល់ ហើយ​មាន​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​ក្រៃលែង ក៏​បង្គាប់​ឲ្យ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​ដែល​នៅ​ក្រុង​បាប៊ី‌ឡូន​ទៅ

13. យ៉ាង​នោះ មាន​ព្រះ‌រាជ‌ឱង្ការ​ចេញ​ទៅ បង្គាប់​ឲ្យ​សំឡាប់​ពួក​អ្នក​ប្រាជ្ញ​បង់ ហើយ​គេ​ក៏​រក​ដានី‌យ៉ែល និង​ពួក​គូ‌កន​លោក ដើម្បី​យក​ទៅ​សំឡាប់​ដែរ។

សូមអានជំពូកពេញលេញ ដានីយ៉ែល 2