គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 12:5-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. គ្រា​នោះ ខ្ញុំ​ដានី‌យ៉ែល​ក៏​មើល​ទៅ​ឃើញ​មាន​២​នាក់​ទៀត​ឈរ​នៅ ១​ត្រើយ​ទន្លេ​ខាង‌អាយ ហើយ​១​ត្រើយ​ទន្លេ​ខាង​នាយ

6. ម្នាក់​ក៏​និយាយ​ដល់​មនុស្ស​ស្លៀក‌ពាក់​សំពត់​ទេស​ឯក ដែល​នៅ​ពី​លើ​ទឹក​ទន្លេ​ថា តើ​កាល​ណា​បាន​ដល់​ចុង​បំផុត​នៃ​ការ​អស្ចារ្យ​ទាំង​នេះ

7. ខ្ញុំ​ក៏​ឮ​មនុស្ស​ដែល​ស្លៀក‌ពាក់​សំពត់​ទេស​ឯក ដែល​នៅ​ពី​លើ​ទឹក​ទន្លេ​នោះ ក្នុង​កាល​ដែល​លោក​បាន​លើក​ដៃ​ទាំង​ស្តាំ​ទាំង​ឆ្វេង​ទៅ​ឯ​លើ ស្បថ​ដោយ​នូវ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​អស់‌កល្ប‌ជានិច្ច​ថា ការ​នេះ​នឹង​មាន​នៅ​អស់​១​ខួប ២​ខួប ហើយ​កន្លះ​ខួប ហើយ​កាល​ណា​គេ​បាន​បង្ហើយ​ការ​បំបែក​កំទេច​អំណាច​របស់​ជន‌ជាតិ​បរិសុទ្ធ​រួច​ជា​ស្រេច នោះ​ការ​ទាំង​នេះ​នឹង​បាន​សំរេច​ដែរ

8. ខ្ញុំ​បាន​ឮ តែ​មិន​បាន​យល់​សោះ ដូច្នេះ ខ្ញុំ​សួរ​ថា ឱ​លោក​ម្ចាស់​អើយ តើ​ចុង​បំផុត​នៃ​ការ​ទាំង​នេះ​នឹង​បាន​យ៉ាង​ណា​ទៅ

9. តែ​លោក​តប​ថា ដានី‌យ៉ែល​អើយ ចូរ​ទៅ​ចុះ ដ្បិត​សេចក្ដី​ទាំង​នេះ​ត្រូវ​បិទ​បាំង ហើយ​បិទ​ត្រា​ទុក ដរាប​ដល់​គ្រា​បំផុត

10. មនុស្ស​ជា​ច្រើន​នឹង​សំអាត ហើយ​ជំរះ​ខ្លួន​ឲ្យ​ស‌ស្គុស រួច​នឹង​បាន​សំរង​ជា​ស្រេច ឯ​ពួក​មនុស្ស​អាក្រក់ គេ​នឹង​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៅ តែ​គ្មាន​មនុស្ស​អាក្រក់​ណា​មួយ​នឹង​បាន​យល់​ទេ ចំណែក​ឯ​ពួក​អ្នក​មាន​ប្រាជ្ញា គេ​នឹង​យល់​វិញ

11. រីឯ​ពេល ចាប់​តាំង​ពី​ការ​ថ្វាយ​ដង្វាយ​ជានិច្ច ត្រូវ​បញ្ឈប់​បំបាត់​ទៅ ហើយ​របស់​គួរ​ស្អប់​ខ្ពើម ដែល​នាំ​ឲ្យ​បង្ខូច​បំផ្លាញ​បាន​តាំង​ឡើង នោះ​ត្រូវ​មាន​១២៩០​ថ្ងៃ

12. មាន​ពរ​ហើយ អ្នក​ណា​ដែល​រង់‌ចាំ ទំរាំ​ដល់​គ្រា​១៣៣៥​ថ្ងៃ

13. ត្រូវ​ឲ្យ​អ្នក​ទៅ​តាម​ផ្លូវ​របស់​អ្នក​ចុះ ដរាប​ដល់​ចុង​បំផុត ដ្បិត​អ្នក​នឹង​ត្រូវ​សំរាក​ទៅ តែ​នឹង​បាន​ឈរ​ឡើង​វិញ ដើម្បី​ទទួល​ចំណែក​របស់​អ្នក​នៅ​គ្រា​ចុង​បំផុត។:៚

សូមអានជំពូកពេញលេញ ដានីយ៉ែល 12