គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 11:7-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. តែ​នឹង​មាន​លំពង់​១​ពន្លក​ចេញ​ពី​វង្ស​នាង សោយ‌រាជ្យ​ឡើង​ជំនួស​បិតា ស្តេច​នោះ​នឹង​ទៅ​ច្បាំង​នឹង​ពល​ទ័ព​នៃ​ស្តេច​ខាង​ជើង ហើយ​នឹង​ចូល​ទៅ​ក្នុង​បន្ទាយ​របស់​គេ ក៏​ត‌យុទ្ធ​នឹង​គេ ព្រម​ទាំង​ឈ្នះ​ផង

8. រួច​នឹង​កៀរ​យក​អស់​ទាំង​ព្រះ និង​រូប​សិត​របស់​គេ ព្រម​ទាំង​ប្រដាប់​ធ្វើ​ពី​ប្រាក់ និង​មាស​ដ៏​មាន​ដំឡៃ​នាំ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ បន្ទាប់​នោះ នឹង​ខាន​ទៅ​ច្បាំង​នឹង​ស្តេច​ខាង​ជើង​ជា​យូរ​ឆ្នាំ

9. ឯ​ស្តេច​ខាង​ជើង នោះ​នឹង​ទន្ទ្រាន​ចូល​ក្នុង​ព្រំ‌ដែន​របស់​ស្តេច​ខាង​ត្បូង តែ​នឹង​ត្រូវ​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន​វិញ។

10. រួច​មក​ពួក​កូន​ចៅ​របស់​ស្តេច​នោះ​នឹង​ធ្វើ​ចំបាំង គឺ​នឹង​ប្រមូល​កង‌ទ័ព​យ៉ាង​ធំ​ជា​ច្រើន កង‌ទ័ព​នោះ​នឹង​ចេញ​ទៅ​សាយ​ពេញ‌ពាស ហើយ​ដើរ​កាត់​ស្រុក​ទៅ​ច្បាំង រហូត​ដល់​បន្ទាយ​របស់​គេ

11. គ្រា​នោះ ស្តេច​ខាង​ត្បូង​នឹង​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ឆុរ‌ឆេវ​ឡើង ចេញ​ទៅ​ត‌យុទ្ធ​នឹង​ស្តេច​ខាង​ជើង គឺ​នឹង​ដំរៀប​ពល​ទ័ព​យ៉ាង​សន្ធឹក ហើយ​ពល​ទ័ព​របស់​គេ នឹង​ត្រូវ​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​ខាង​ត្បូង

12. កាល​ណា​បាន​ឈ្នះ​ពល​ទ័ព​របស់​គេ​ហើយ នោះ​ទ្រង់​នឹង​មាន​ព្រះ‌ទ័យ​ប៉ោង​ឡើង រួច​ទ្រង់​នឹង​សំឡាប់​ពួក​គេ​ទាំង​ម៉ឺនៗ តែ​ត​ទៅ​នឹង​ឈ្នះ​មិន​បាន​ទេ

13. ដ្បិត​ស្តេច​ខាង​ជើង​នឹង​វិល​ត្រឡប់​មក​វិញ នាំ​ទាំង​ពល​ទ័ព​យ៉ាង​សន្ធឹក​លើស​ជាង​ជាន់​មុន​ទៅ​ទៀត ហើយ​ក្រោយ​បន្តិច​ទៅ គឺ​ក្រោយ​ប្រមាណ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ ទ្រង់​នឹង​នាំ​ពល​ទ័ព​យ៉ាង​ធំ និង​គ្រឿង​ចំបាំង​យ៉ាង​សន្ធឹក​មក

14. នៅ​គ្រា​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​តាំង​ខ្លួន​ឡើង ទាស់​នឹង​ស្តេច​ខាង​ត្បូង ឯ​ក្នុង​សាសន៍​របស់​អ្នក ក៏​នឹង​មាន​ពួក​មនុស្ស​ច្រឡោត​ខ្លះ​លើក​ខ្លួន​ឡើង​ដែរ ដើម្បី​នឹង​សំរេច​ការ​ជាក់​ស្តែង​នេះ តែ​គេ​នឹង​ត្រូវ​ដួល​ចុះ​ទេ

15. យ៉ាង​នោះ ស្តេច​ខាង​ជើង​នឹង​មក​ជីក​ស្នាម​ភ្លោះ ហើយ​ចាប់​យក​បាន​ទី​ក្រុង​ដែល​មាន​គ្រឿង​ការ‌ពារ​ជា​បរិបូរ ឯ​ពល​ទ័ព​របស់​ស្រុក​ខាង​ត្បូង និង​ធន់​នៅ​មិន​បាន ព្រម​ទាំង​ពល​ជ្រើស‌រើស​របស់​ស្តេច​នោះ​ផង ក៏​នឹង​គ្មាន​កំឡាំង​ល្មម​ទប់‌ទល់​ឡើយ

16. គឺ​ស្តេច​ដែល​លុក​ចូល​មក​ច្បាំង​នោះ នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត ឥត​មាន​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ទ្រង់​បាន​ឡើយ ទ្រង់​នឹង​ឈរ​នៅ​ក្នុង​ស្រុក​ដ៏​ឧត្តម ទាំង​មាន​អំណាច​បំផ្លាញ​នៅ​ក្នុង​កណ្តាប់​ដៃ​ផង

សូមអានជំពូកពេញលេញ ដានីយ៉ែល 11